ទ័ពកម្ពុជា-វៀតណាម នឹងពង្រឹង និងពង្រីកចំណងមិត្តភាព ជាប្រពៃណី
ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិបានអះអាងថា កងទ័ពកម្ពុជា-វៀតណាម នឹងពង្រឹង និងពង្រីកចំណងមិត្តភាពជាប្រពៃណី ជាមួយគ្នាបន្ថែមទៀត។

យោងតាមបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក របស់នាយឧត្តមសេនីយ៍ ទៀ សីហា នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៦ បានឱ្យដឹងថា លោកបានជួបពិភាក្សាការងារជាមួយនាយឧត្តមសេនីយ៍ ហ្វាន វ៉ាន់ហ្សាង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម ។

លោកថា ក្នុងជំនួបនេះ បានផ្តោតជាសំខាន់ទៅលើការសម្រេចបាននូវលទ្ធផលការងារឆ្នាំ២០២៦ នៃក្រសួងការពារជាតិនៃប្រទេសទាំងពីរ និងបន្តអនុវត្តតាមផែនការ ដែលបានចុះហត្ថលេខាលើកិច្ចសហប្រតិបត្តិការប្រចាំឆ្នាំ២០២៧ ។

រដ្ឋមន្រ្តីការពារជាតិបញ្ជាក់ថា ប្រវត្តិសាស្ត្រ និងការតស៊ូឆ្លងកាត់ការលំបាកជាមួយគ្នា បានបន្សល់ទុកនូវមរតកនៃចំណងមិត្តភាពដ៏ស្មោះត្រង់។ ដោយប្រទេសទាំងពីររួមគ្នាប្តេជ្ញាការពារ ប្រវត្តិសាស្ត្រ ប្រពៃណី និងពង្រឹងកិច្ចសហប្រតិបត្តិការរវាងគណបក្ស រដ្ឋាភិបាល និងប្រជាជននៃប្រទេសទាំងពីរ ឱ្យកាន់តែរឹងមាំ មិនឱ្យកម្លាំងអមិត្តណាមកបំបែកបំបាក់បានឡើយ ។
បន្ថែមពីលើនេះ នាយឧត្តមសេនីយ៍ ទៀ សីហា អះអាងថា កងទ័ពកម្ពុជា-វៀតណាម នឹងពង្រឹង និងពង្រីកចំណងមិត្តភាពជាប្រពៃណី ភាពជាអ្នកជិតខាងល្អ និងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ ដើម្បីផលប្រយោជន៍រួមនៃប្រជាជន, ប្រទេសជាតិ និងប្រែក្លាយព្រំដែនទៅជាតំបន់សន្តិភាព មិត្តភាព និងការអភិវឌ្ឍរួមគ្នា ដើម្បីវិបុលភាពនៃប្រជាជាតិទាំងពីរ។
សូមបញ្ជាក់ថា នៅក្នុងដំណើរទស្សនកិច្ចផ្លូវការរបស់នាយឧត្តមសេនីយ៍ ទៀ សីហា ទៅកាន់ទីក្រុងហាណូយ ភាគីទាំងពីរបានចុះហត្ថលេខាលើផែនការកិច្ចសហប្រតិបត្តិការការពារជាតិប្រចាំឆ្នាំ២០២៧ រួមគ្នាជាមួយរដ្ឋមន្ត្រីការពារជាតិវៀតណាម កាលពីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៦៕







