Feature

អ្នកប្រវត្តិវិទូរំលឹក ស្នាព្រះហត្ថ «ព្រះបរមរតនកោដ្ឋ» ក្នុងគម្រប់ខួប១៤ ឆ្នាំនៃការសោយទិវង្គត

ភ្នំពេញ ៖ ក្នុងឱកាស នៃការប្រារព្ធគម្រប់ខួប១៤ឆ្នាំនៃការសោយទិវង្គត ព្រះករុណា «ព្រះបរមរតនកោដ្ឋ» នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦ ស្អែកនេះ លោក សួ ប៉ុណ្ណារ៉ាត់ ប្រធាននាយកដ្ឋានប្រវត្តិវិទ្យា និងវិទ្យាសាស្ត្រនយោបាយ នៃរាជបណ្ឌិត្យសភាកម្ពុជា បានរំលឹកពីស្នាព្រះហត្ថជាច្រើនរបស់ «ព្រះបរមរតនកោដ្ឋ» ។

ប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល នៅថ្ងៃ១៤ តុលានេះ លោក សួ ប៉ុណ្ណារ៉ាត់ បានរំលឹកថាថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១២ ជាថ្ងៃដែលប្រជាពលរដ្ឋកម្ពុជា មានភាពក្តុកក្តួលយ៉ាងខ្លាំង ព្រោះជាថ្ងៃដែលបាត់បង់នូវអង្គព្រះមហាវីរក្សត្រគឺសម្តេចតា តាទួតនៃយើង ។
ចំពោះការប្រារព្ធគម្រប់ខួប១៤ ឆ្នាំនៃការសោយទិវង្គតរបស់«ព្រះបរមរតនកោដ្ឋ» លោក សួ ប៉ុណ្ណារ៉ាត់ សង្កត់ធ្ងន់ថា ក្នុងសម័យ​សង្គម​រាស្រ្ត​និយម ក្រោមព្រះរាជកិច្ចដឹកនាំរបស់ព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ​​​ប្រជា​រាស្រ្ត​ខ្មែ​របានថ្វាយព្រះនាមព្រះអង្គថាជា ព្រះបិតាឯករាជជាតិ ព្រះបិតា​សិក្សា​ធិការ​ជាតិ ព្រះបិតា​សុខាភិបាល​ជាតិ ព្រះបិតាកីឡាជាតិ  និងព្រះបិតាស្ថាបនាជាតិ​ ។

លោកបន្តថា ព្រះកិត្តិនាម​របស់​ព្រះអង្គបាន​ល្បីសុះសាយខ្លាំងនាសម័យសង្គមរាស្រ្តនិយម ហើយគេក៏ចាប់ស្គាល់ព្រះនាម​របស់​ព្រះអង្គ​កាន់​​តែ​ច្បាស់ គឺនៅពេលដែលប្រទេសកម្ពុជា ​ទទួលជ័យជម្នះលើរឿងក្តីជាមួយសៀម​អំពី​ប្រាសាទ​ព្រះវិហារ​។​ សង្គម​រាស្រ្ត​និយម​រីកចម្រើនរុងរឿង ដល់ចំណុចកំពូលនៅឆ្នាំ១៩៦៣ ។ ក្នុងសម័យនោះ ​ឃើញ​មាន​សមិទ្ធផល​ធំៗនានា​​ជា​ច្រើន​​បាន​ត្រូវកសាងឡើងព្រោងព្រាត និងឃើញមានការ​ប្រារព្ធ​ព្រះរាជពិធី​សម្ពោធ​ជាបន្តបន្ទាប់ ​សម្រាប់​ដាក់ឱ្យប្រជារាស្រ្ត​ប្រើ​ប្រាស់​​នៅ​តាម​បណ្តាខេត្ត-ក្រុងនានា។ ក្រៅពីនោះ នៅមាន សមិទ្ធផលនានាជាច្រើនទៀត តាមបណ្តាស្រុក ខេត្ត ក្រុង ដូចជាសាលារៀន មន្ទីរពេទ្យ ទំនប់ទឹក ស្រះទឹក ប្រឡាយទឹក ​ផ្លូវថ្នល់ ស្ពាន ជាដើម ។

ប្រធាននាយកដ្ឋានប្រវត្តិវិទ្យាបញ្ជាក់ថា “ចាប់តាំងពីឆ្នាំ១៩៨៧ ព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះអង្គបានខិតខំ អស់ពីព្រះកាយពល ដើម្បី​បង្រួបបង្រួមភាគីជម្លោះកម្ពុជាទាំងអស់ រិះរកនូវដំណោះស្រាយនយោបាយ​សមស្របបញ្ចប់ជម្លោះនៅកម្ពុជា។ ព្រះអង្គ​តែងតែប្រទានចំពោះ ឯកឧត្តម ហ៊ុន សែន​(កាលនោះ​ហៅ​សមមិត្ត ហ៊ុន សែន) និងគណៈប្រតិភូនៃរដ្ឋកម្ពុជាចូលក្រាបថ្វាយបង្គំគាល់ ជាបន្ត​បន្ទាប់​​នៅប្រទេសបារាំង”។
លោក សួ ប៉ុណ្ណារ៉ាត់ បញ្ជាក់ទៀតថា ដើម្បីជាការតបស្នងសងគុណដល់ព្រះអង្គ​ ដែលបានធ្វើពលិកម្មគ្រប់បែបយ៉ាងដើម្បីបុព្វហេតុជាតិ និង​មាតុ​ភូមិ ពិសេសក្នុងពេលដែល​ព្រះអង្គនៅមានព្រះជន្ម រាជរដ្ឋាភិបាល ដែល​មានសម្តេច​អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជាកាលនោះ បានកសាងវិមាន​ព្រះបរមរូប និងព្រះបរមបដិមាព្រះបរម រតនកោដ្ឋ សម្តេចព្រះ នរោត្តម សីហនុ ទុកជាទីសក្ការៈ។ វិមាននេះ ត្រូវបើកសម្ពោធជាផ្លូវការនៅព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៣ ដើម្បីទុកឱ្យកូនចៅ ចៅទួត ដាក់កម្រងផ្កាគោរពបូជា បន្ទាប់ពីព្រះអង្គបានសោយទិវង្គត កាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១២ ទៅ៕

To Top