លោក ហង់ជួន ណារ៉ុន ៖ គ្រូបង្រៀនសតវត្សរ៍ទី២១ ត្រូវមានសមត្ថភាពសំខាន់ៗ៣យ៉ាង
ភ្នំពេញ ៖ លោក ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡាបានថ្លែងថា គ្រូបង្រៀនសតវត្សរ៍ទី២១ ត្រូវតែមានសមត្ថភាពចំនួន៣ចំណុច ជាគោលសំខាន់ៗគឺ ចំណេះដឹង គរុកោសល្យ និងប្រព័ន្ធបច្ចេកវិទ្យា ។
ក្នុងឱកាសអញ្ជើញជាអធិបតីពិធីបិទ «វេទិកាអន្តរជាតិស្តីពី ការអប់រំគ្រូបង្រៀនសតវត្សរ៍ទី២១ លើកទី១» រដ្ឋមន្រ្តីក្រសួងអប់រំបញ្ជាក់ថា គ្រូបង្រៀនត្រូវមានចំណេះដឹងច្បាស់លាស់លើមុខវិជ្ជាដែលបង្រៀន ចេះជ្រើសរើសវិធីសាស្ត្របង្រៀនឱ្យសិស្សយល់ និងចេះអនុវត្ត ព្រមទាំងចេះប្រើប្រាស់បច្ចេកវិទ្យាឌីជីថល និងបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ដើម្បីលើកកម្ពស់ប្រសិទ្ធភាពនៃការរៀនសូត្រ។
លោកបន្ថែមថា “នៅក្នុងសតវត្សរ៍ទី២១ គ្រូត្រូវមានសមត្ថភាព៣សំខាន់ ។ សមត្ថភាពទី១ខ្លឹមសារមេរៀន , សមត្ថភាពទី២ គឺចិត្តគរុកោសល្យ ចឹងគ្រូចេះចិត្តគរុកោសល្យគឺស្គាល់ការវិវឌ្ឍរបស់កុមារ លូតលាស់របស់កុមារ និងចុងក្រោយចេះការប្រើប្រាស់បច្ចេកវិទ្យា នៅក្នុងការរៀន និងបង្រៀន”។
រដ្ឋមន្រ្តីបន្តថា ដូច្នេះ ទាំងចំណេះដឹង គរុកោសល្យ និងបច្ចេកវិទ្យាច្របាច់បញ្ចូលគ្នា ដើម្បីអនុវត្តជាក់ស្តែង ។ ជារួមនៅក្នុងយុគសម័យបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត AI បានជួយបង្រៀនឱ្យមនុស្សម្នាក់ៗឆាប់យកនូវការសិក្សានិងជំនាញអ្វីៗផ្សេងបានលឿនរហ័ស ប៉ុន្តែប្រព័ន្ធ AI ក៏បានបង្កើតឱ្យមានបញ្ហាប្រឈមផងដែរ ។
លោក ហង់ជួន ណារ៉ុន សង្កត់ធ្ងន់ថា និស្សិតត្រូវបណ្តុះស្មារតីនៃការសិក្សាពេញមួយជីវិត ដោយចេះប្រើប្រាស់ AI ជាជំនួយការឆ្លាតវៃប្រកបដោយការទទួលខុសត្រូវ និងទាញយកសក្តានុពលរបស់វាឱ្យអស់លទ្ធភាព ដោយមិនត្រូវពឹងផ្អែកទាំងស្រុងលើ AI ឬបោះបង់ចោលការគិតពិចារណា និងការវិភាគដោយខ្លួនឯងនោះឡើយ៕
