ព័ត៌មានអន្តរជាតិ

អាមេរិកបញ្ជាឱ្យមន្ត្រីការទូត ចាកចេញពីអារ៉ាប៊ីសាអូឌីត ជាបន្ទាន់ ស្របពេលការវាយប្រហារ របស់ក្រុម Houthi កើនឡើង

​បរទេស ៖ ក្រសួងការបរទេសសហរដ្ឋអាមេរិក បានចេញបទបញ្ជា ឱ្យមន្ត្រីការទូតមួយចំនួន និងសមាជិកគ្រួសារ ចាកចេញពីបេសកកម្មរបស់ខ្លួននៅក្នុងប្រទេសអារ៉ាប៊ីសាអូឌីត ខណៈអាមេរិកក៏មានផែនការដកសមាជិកគ្រួសារមន្ត្រីការទូត ចេញពីបេសកកម្មផ្សេងៗទៀតនៅក្នុងតំបន់ផងដែរ។ នេះបើតាមការបញ្ជាក់ពីមន្ត្រីអាមេរិកទៅកាន់ទីភ្នាក់ងារសារព័ត៌មាន Reuters ថ្ងៃទី២២ ខែតុលាឆ្នាំ២០២៦។

បទបញ្ជាដកខ្លួននេះធ្វើឡើង បន្ទាប់ពីមានការវាយប្រហារក្នុងប្រទេសអារ៉ាប៊ីសាអូឌីត ដែលបានសម្លាប់មនុស្សយ៉ាង ហោចណាស់ម្នាក់ និង ៨នាក់ផ្សេងទៀតរងរបួស នៅឯអាកាសយានដ្ឋានអន្តរជាតិ King Fahd ក្នុងទីក្រុង Dammam។ ជាមួយគ្នានេះ មនុស្ស ២នាក់ទៀតក៏ត្រូវបានសម្លាប់ ក្នុងការវាយប្រហារដោយយន្តហោះគ្មានអ្នកបើកបរ (Drone) ទៅលើទីតាំងអណ្តូងប្រេង Shaybah របស់ក្រុមហ៊ុន Saudi Aramco។

លោក Tommy Pigott អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក បានបញ្ជាក់នៅលើបណ្តាញសង្គម X ថា បទបញ្ជាចាកចេញនេះ អនុវត្តចំពោះតែ “បុគ្គលិករដ្ឋាភិបាល អាមេរិកដែលមិនមានភារកិច្ចបន្ទាន់ និងសមាជិកគ្រួសាររបស់ពួកគេនៅក្នុងប្រទេស អារ៉ាប៊ីសាអូឌីតប៉ុណ្ណោះ” ដោយសារការកើនឡើង នៃការវាយប្រហារលើគោលដៅស៊ីវិល ពីសំណាក់ក្រុម Houthi ក្នុងប្រទេសយេម៉ែន ដែលគាំទ្រដោយអ៊ីរ៉ង់។

ទោះបីជាលោក Pigott មិនបានលើកឡើងពីបេសកកម្មនៅប្រទេសផ្សេងក្តី ប៉ុន្តែមន្ត្រីអាមេរិក ៤រូប បានប្រាប់ Reuters ថា បេសកកម្មអាមេរិកនៅបណ្តាប្រទេសតំបន់ឈូងសមុទ្រផ្សេងទៀត ក៏នឹងបញ្ជាឱ្យសមាជិកគ្រួសារចាកចេញផងដែរ នាពេលឆាប់ៗនេះ។

​ការប្រកាសដកខ្លួននេះ គឺជាការឆ្លើយតបទៅនឹងការកើនឡើងនៃជម្លោះនៅក្នុងប្រទេសយេម៉ែន ដែលបានបើកសមរភូមិថ្មីមួយទៀតនៅក្នុងជម្លោះថ្នាក់តំបន់ បង្កឡើងដោយសង្គ្រាមរវាងអាមេរិក-អ៊ីស្រាអែល និងអ៊ីរ៉ង់ (ដែលបានផ្ទុះឡើងកាលពីចុងខែកុម្ភៈ)។ ជម្លោះដ៏ទូលំទូលាយនេះបានធ្វើឱ្យរាំងស្ទះដល់ពាណិជ្ជកម្មថាមពលសកល និងប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សេដ្ឋកិច្ចក្នុងតំបន់ឈូងសមុទ្រ។

​លោក Pigott បានសង្កត់ធ្ងន់ថា ក្រុម Houthi បានបង្កើនសកម្មភាពអរិភាពកាន់តែខ្លាំងឡើងប្រឆាំងនឹងអារ៉ាប៊ីសាអូឌីត ដែលបណ្តាលឱ្យមានជនស៊ីវិលស្លាប់ និងរំខានយ៉ាងធ្ងន់ធ្ងរដល់ការធ្វើដំណើរ។ កាលពីថ្ងៃពុធកន្លងទៅ មានការព្រមានរួចមកហើយអំពីការវាយប្រហារដែលអាចកើតមានបន្ថែមទៀត បន្ទាប់ពីមានការវាយប្រហារ ដ៏សាហាវថ្មីៗនេះ រួមទាំងការវាយប្រហារលើអាកាសយានដ្ឋានទីក្រុងរីយ៉ាដផងដែរ។

​គួររំលឹកថា ទីក្រុងវ៉ាស៊ីនតោនទើបតែបានបញ្ជូនបុគ្គលិកការទូតមួយចំនួនត្រឡប់ទៅតំបន់នេះវិញកាលពីប៉ុន្មានខែថ្មីៗនេះ បន្ទាប់ពីពួកគេភាគច្រើនត្រូវបានដកចេញកាលពីចុងខែកុម្ភៈ នៅពេលដែលអ៊ីរ៉ង់ចាប់ផ្តើមវាយប្រហារលើទីតាំងរបស់អាមេរិក។ ជាក់ស្តែង ស្ថានទូត និងទីតាំងស៊ើបការណ៍សម្ងាត់ (CIA) របស់អាមេរិកនៅទីនោះ ក៏ធ្លាប់រងការវាយប្រហារដោយដ្រូនកាលពីដើមខែមីនាផងដែរ។

ប្រែសម្រួល៖ គីរី

To Top