ហ្វីលីពីន ពិចារណាពង្រីក កិច្ចសហប្រតិបត្តិការ ស៊ីជម្រៅជាមួយតៃវ៉ាន់ ដើម្បីការពារខ្សែខ្សែកាបក្រោមបាតសមុទ្រ
បរទេស ៖ ប្រទេសហ្វីលីពីនកំពុងស្វែងរកលទ្ធភាព ក្នុងការពង្រីកកិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅជាមួយកោះតៃវ៉ាន់ លើការការពារខ្សែខ្សែ កាបក្រោមបាតសមុទ្រ និងការទប់ទល់នឹងសកម្មភាព “តំបន់ប្រផេះ” (Gray-zone) ទោះបីជាទីក្រុងម៉ានីល នៅតែប្រកាន់ខ្ជាប់ នូវគោលនយោបាយ “ចិនតែមួយ” ដែលទទួលស្គាល់ទីក្រុងប៉េកាំង ជាផ្លូវការក៏ដោយ ។ នេះបើតាមការបញ្ជាក់ពីមន្ត្រីការទូតជាន់ខ្ពស់ហ្វីលីពីនកាលពីថ្ងៃពុធ នេះបើយោងតាមការ ចេញផ្សាយពីសារព័ត៌មាន Rueters ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦ ។
ហ្វីលីពីន និងតៃវ៉ាន់ តែងតែបានសម្តែង ក្តីកង្វល់ជាញឹកញាប់អំពីសកម្មភាពរបស់ចិន ដែលត្រូវបានរៀបចំឡើង ដើម្បីដាក់សម្ពាធលើប្រទេសទាំងពីរដោយមិនប្រើប្រាស់កម្លាំងយោធាចំហរ។ លោក Felipe F. Carino III អនុប្រធានបេសកកម្មការទូតហ្វីលីពីនប្រចាំទីក្រុងវ៉ាស៊ីនតោន បានថ្លែងក្នុងសិក្ខាសាលាមួយថា “វិធីសាស្ត្រជាក់ស្តែង និងប្រកបដោយការអនុវត្តផ្ទាល់” ជាមួយតៃវ៉ាន់ គឺជារឿងចាំបាច់បំផុត ដើម្បីការពារផលប្រយោជន៍រួម នៅក្នុងតំបន់ច្រកសមុទ្រ Bashi ដែលស្ថិតនៅចន្លោះតៃវ៉ាន់ និងហ្វីលីពីន។
លោក Carino បានសង្កត់ធ្ងន់ថា សន្តិសុខខ្សែខ្សែកាបក្រោមបាតសមុទ្រមានសារៈសំខាន់ខ្លាំងណាស់ ដោយសារវាជាខ្សែយោងទិន្នន័យអន្តរទ្វីបស្ទើរតែទាំងស្រុង ខណៈដែលការគំរាមកំហែងតាមប្រព័ន្ធអ៊ីនធឺណិតពី ៦០% ទៅ ៦៧% សុទ្ធតែកើតឡើងនៅក្នុងតំបន់នេះ។ លោកបានបន្ថែមថា៖ “យើងកំពុងស្វែងរកកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅជាមួយមិត្តភក្តិរបស់យើងនៅតៃវ៉ាន់… ទោះបីជាយើងមានគោលនយោបាយចិនតែមួយក៏ដោយ”។
ភាគីទាំងពីរកំពុងពិចារណា លើការចែករំលែកចំណេះដឹង និងការកសាងសមត្ថភាព។ នៅពេលត្រូវបានសួរថា តើកិច្ចសហប្រតិបត្តិការនេះនឹងឈានដល់ការល្បាតរួមគ្នា ឬការចាត់វិធានការច្បាប់លើនាវាដែលបង្កការរំខានដែរឬទេ លោក Carino បានឆ្លើយតបថា វានឹងមានការវិវឌ្ឍជាបន្តបន្ទាប់ ហើយលទ្ធភាពទាំងនោះអាច នឹងលេចចេញជារូបរាងនាពេលអនាគត។
ទីក្រុងតៃប៉ិ បានបង្កើនកិច្ចខិតខំប្រឹងប្រែងយ៉ាងខ្លាំងដើម្បីការពារខ្សែបណ្តាញទំនាក់ទំនងក្រោមបាតសមុទ្រ ដែលជាដង្ហើមដ៏សំខាន់ សម្រាប់ការតភ្ជាប់របស់កោះនេះទៅកាន់ពិភពលោក បន្ទាប់ពីមានឧប្បត្តិហេតុ ជាច្រើនលើកពាក់ព័ន្ធនឹងការខូចខាតខ្សែខ្សែកាប និងវត្តមាននាវាដែលជាប់ពាក់ព័ន្ធនឹងប្រទេសចិន។
កាលពីដើមខែនេះ ឆ្មាំសមុទ្រហ្វីលីពីនបានដាក់ពង្រាយនាវាដ៏ធំបំផុតរបស់ខ្លួន និងយន្តហោះមួយគ្រឿង ដើម្បីតាមដាន និងឃ្លាំមើលនាវាស្រាវជ្រាវរបស់ចិន ដែលកំពុងធ្វើប្រតិបត្តិការនៅក្បែរខេត្ត Batanes ភាគខាងជើងប្រទេសហ្វីលីពីន ដែលជាតំបន់ប្រជុំខ្សែខ្សែកាបក្រោមបាតសមុទ្រយ៉ាងសំខាន់។
នៅក្នុងសិក្ខាសាលាដដែលនោះ លោកស្រី Andrea Yang អនុប្រធានតំណាងតៃវ៉ាន់ប្រចាំទីក្រុងវ៉ាស៊ីនតោន បានរំលេចពីការចាប់ផ្តន្ទាទោស ប្រធានក្រុមនាវាចិនម្នាក់នៅតៃវ៉ាន់ ជុំវិញបទល្មើសធ្វើឱ្យខូចខាត ដល់ខ្សែខ្សែកាបក្រោមបាតសមុទ្រ។ លោកស្រីបានបញ្ជាក់បន្ថែមថា តៃវ៉ាន់នឹងបន្តវិនិយោគធនធានបន្ថែមទៀត លើការអភិវឌ្ឍប្រព័ន្ធដ្រូនគ្មានមនុស្សបើក (Unmanned Systems) ដើម្បីពង្រឹងសមត្ថភាព នៃការឃ្លាំមើលលំហ សមុទ្រឱ្យកាន់តែមានប្រសិទ្ធភាព។
ប្រែសម្រួល៖ គីរី
