ព័ត៌មានអន្តរជាតិ

កាណាដា​ ប្រកាសផែនការគាំទ្រ ឧស្សាហកម្មយុទ្ធសាស្ត្រ ដើម្បីទប់ទល់នឹងពន្ធគយរបស់សហរដ្ឋអាមេរិក

អូតាវ៉ា៖ នាយករដ្ឋមន្ត្រីកាណាដា លោក Mark Carney និងអភិបាលខេត្ត Ontario លោក Doug Ford បានប្រកាសរួមគ្នា​ អំពីគំនិតផ្តួចផ្តើមគាំទ្រឧស្សាហកម្មយុទ្ធសាស្ត្រមួយចំនួន ដែលមានគោលបំណងជួយដល់កម្មករ និងអាជីវកម្មនានា​ ដែលរងផលប៉ះពាល់ដោយសារពន្ធគយរបស់សហរដ្ឋអាមេរិក ព្រមទាំងជំរុញកំណើនសេដ្ឋកិច្ចរយៈពេលវែង។

យោងតាមសេចក្តីប្រកាសព័ត៌មានមួយចេញដោយការិយាល័យនាយករដ្ឋមន្ត្រី ផែនការសកម្មភាពនេះមានទំហំទឹកប្រាក់សរុប ៨,៧ ពាន់លានដុល្លារកាណាដា (ប្រហែល ៦,១៨ ពាន់លានដុល្លារអាមេរិក) ដោយផ្តោតលើការការពារវិស័យដែកថែប ឧស្សាហកម្មរថយន្ត និងវិស័យរ៉ែសំខាន់ៗនៅក្នុងខេត្ត Ontario។

វិធានការសំខាន់ៗរួមមាន ការបង្កើតមូលនិធិរួមសម្រាប់វិស័យដែកថែប ការគាំទ្រក្រុមហ៊ុនផលិតរថយន្តក្នុងការធ្វើទំនើបកម្មខ្សែច្រវាក់ផលិតកម្ម ដើម្បីផលិតយានយន្តអគ្គិសនី និងយានយន្តដែលមានបច្ចេកវិទ្យាភ្ជាប់ទំនាក់ទំនង សម្រាប់ពេលអនាគត ព្រមទាំងការកសាងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ និងសម្រួលនីតិវិធីអនុម័តនានា ដើម្បីអភិវឌ្ឍខ្សែច្រវាក់ផ្គត់ផ្គង់រ៉ែសំខាន់ៗនៅតំបន់ភាគខាងជើងនៃខេត្តនេះ។

លោក Carney បានលេីកឡេីងថា «ចាប់ពីដំណាក់កាលរុករករ៉ែ រហូតដល់រោងចក្រកែច្នៃ និងខ្សែច្រវាក់ដំឡើងរថយន្ត កាណាដា និងខេត្ត Ontario កំពុងការពារការងារនាពេលបច្ចុប្បន្ន ព្រមទាំងធ្វើការវិនិយោគយ៉ាងមុតមាំ ដើម្បីកសាងសេដ្ឋកិច្ចកាណាដាឱ្យកាន់តែរឹងមាំ មានភាពធន់ និងឯករាជ្យជាងមុនសម្រាប់ថ្ងៃអនាគត»។

ក្នុងនាមជាមជ្ឈមណ្ឌលនៃវិស័យផលិតកម្មរបស់កាណាដា ខេត្ត Ontario មានឧស្សាហកម្មរថយន្ត និងដែកថែបកម្រិតស្តង់ដារពិភពលោក ព្រមទាំងមានប្រភពធនធានរ៉ែសំខាន់ៗយ៉ាងច្រើនសន្ធឹកសន្ធាប់។

ដោយសារសេដ្ឋកិច្ចរបស់ខ្លួនពឹងផ្អែកយ៉ាងខ្លាំងលើការនាំចេញទៅកាន់សហរដ្ឋអាមេរិក ជាពិសេសលើវិស័យរថយន្ត និងដែកថែប ខេត្ត Ontario គឺជាតំបន់មួយក្នុងចំណោមតំបន់ ដែលរងផលប៉ះពាល់ធ្ងន់ធ្ងរបំផុត ពីវិធានការដំឡើងពន្ធគយរបស់សហរដ្ឋអាមេរិក៕
ប្រែសម្រួល​ ឈូក​ បូរ៉ា

To Top