ព័ត៌មានអន្តរជាតិ

អេហ្ស៊ីប​ ប្រកាសការពារទឹកដីអារ៉ាប៊ីសាអូឌីត ប៉ុន្តែនឹងមិនវាយប្រហារប្រទេសយេម៉ែននោះឡើយ

គែរ៖​ យោងតាមសេចក្តីថ្លែងការណ៍មួយ ពីការិយាល័យប្រធានាធិបតីអេហ្ស៊ីប បានឱ្យដឹងថា ប្រធានាធិបតីអេហ្ស៊ីប លោក Abdel Fattah El-Sisi បានឧ្យដឹងថា កិច្ចខិតខំប្រឹងប្រែងផ្នែកយោធារបស់អេហ្ស៊ីប​ ក្នុងការការពារប្រទេសអារ៉ាប៊ីសាអូឌីត នឹងមានកម្រិតត្រឹមតែការការពារទឹកដី និងព្រំដែន នៃព្រះរាជាណាចក្រនេះប៉ុណ្ណោះ ហើយនឹងមិនពាក់ព័ន្ធនឹងការវាយ ប្រហារទៅលើប្រទេសយេម៉ែននោះឡើយ។

សេចក្តីថ្លែងការណ៍ដដែលបានបញ្ជាក់ថា លោក El-Sisi បានលើកឡើងបែបនេះនៅក្នុងកិច្ចពិភាក្សាមួយស្តីពីសន្តិសុខជាតិ និងសន្តិសុខពលរដ្ឋ ក្នុងថ្ងៃទីបីនៃវេទិកាអេហ្ស៊ីប ឆ្នាំ ២០២៦។

លោក El-Sisi បានបន្ថែមថា ប្រទេសអេហ្ស៊ីប​ ក៏នឹងការពារទឹកដីនៃប្រទេសអារ៉ាប់ផ្សេងទៀតផងដែរ “ប្រសិនបើមានការស្នើសុំ” ដោយសង្កត់ធ្ងន់ថា សកម្មភាពយោធារបស់អេហ្ស៊ីប​ នឹងមិនពង្រីកហួសពីព្រំដែនរបស់អេហ្ស៊ីប ឬព្រំដែននៃប្រទេសដែលខ្លួនត្រូវការពារនោះទេ។

លោកបានលេីកឡេីងថា “សន្តិសុខជាតិរបស់ពិភពអារ៉ាប់ គឺជាអ្វីដែលមិនអាចបំបែកចេញពីគ្នាបាន” ដោយសង្កត់ធ្ងន់ថា ស្ថិរភាពនៃបណ្តាប្រទេសនៅតំបន់ឈូងសមុទ្រ គឺជាបញ្ហាសន្តិសុខជាតិរបស់អេហ្ស៊ីប ហើយការគាំទ្ររបស់អេហ្ស៊ីប​ ចំពោះប្រទេសទាំងនោះ គឺផ្អែកលើផលប្រយោជន៍សន្តិសុខរួមរបស់ពិភពអារ៉ាប់។

កាលពីថ្ងៃសៅរ៍ លោក El-Sisi បានអំពាវនាវឱ្យសភាអនុញ្ញាតឱ្យមានការគាំទ្រផ្នែកយោធា ដើម្បីការពារប្រទេសអារ៉ាប៊ីសាអូឌីត ប្រសិនបើមានការស្នើសុំ។ សភាអេហ្ស៊ីប​ បានបើកកិច្ចប្រជុំកាលពីថ្ងៃអាទិត្យ និងថ្ងៃចន្ទ មុនពេលសម្រេចចិត្តពន្យារពេលការបោះឆ្នោតសម្រេចលើបញ្ហានេះ ទៅដល់ថ្ងៃទី២៦ ខែតុលា៕
ប្រែសម្រួល​ ឈូក​ បូរ៉ា

To Top