ករណីគ្រោះថ្នាក់អគ្គិភ័យ នៅចំណុចសិប្បកម្មធ្វើសាឡុង ក្នុងខណ្ឌមានជ័យ បណ្ដាឱ្យបាត់បង់ជីវិតចំនួន ៣នាក់
ភ្នំពេញ ៖ មនុស្សរងរបួសចំនួន ២នាក់ និងបាត់បង់ជីវិតចំនួន ៣នាក់ ក្នុងករណីគ្រោះថ្នាក់អគ្គិភ័យ នៅចំណុចសិប្បកម្មធ្វើសាឡុង ក្នុងសង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ កាលពីវេលាម៉ោង ១:១០នាទីរំលងអធ្រាត្រ នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦។

តាមរយៈបណ្ដាញសង្គមហ្វេសប៊ុករបស់ នាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ នៅថ្ងៃទី២២ តុលា នេះ ថា «មានករណីអគ្គីភ័យមួយកន្លែងកើតឡើងនៅចំណុចសិប្បកម្មធ្វើសាឡុង ផ្លូវលំ ក្រុម១៧ ភូមិឬស្សី៣ សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ ម្ចាស់ទីតាំងឈ្មោះ ប៉ាន គា ភេទ ប្រុស អាយុ ៤២ឆ្នាំ ជនជាតិខ្មែរ មុខរបរម្ចាស់សិប្បកម្មធ្វើសាឡុង»។
ចំពោះការ ខូចខាតសម្ភារ រួមមាន៖ ឆេះផ្ទះថ្ម ចំនួន ១ខ្នង, រោងដែកប្រក់ស័ង្កសី ចំនួន ១រោង, រថយន្ត ចំនួន ២គ្រឿង, ម៉ូតូ ៣គ្រឿង, ម៉ូតូកង់បីចំនួន ១គ្រឿង និងគ្រឿងសាឡុងមួយចំនួនធំ។ បណ្ដាលឱ្យ រងរបួស និងស្លាប់មនុស្ស ចំនួន ៣នាក់។

កម្លាំងការិយាល័យបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចេញរថយន្ដចំនួន ១៩គ្រឿង បានប្រើប្រាស់ទឹកអស់ចំនួន ១៣៣ គ្រឿង ស្មើនឹង ៥៣២ ម៉ែត្រគូប។ រថយន្តអគ្គិភ័យបុរីប៉េងហួតចំនួន ១គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ៤រថយន្ត ស្មើនឹង ២៤ម៉ែត្រគូប ។ រថយន្តអគ្គិភ័យក្រុមហ៊ុនស្រាបៀរកម្ពុជាចំនួន ១គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ៤រថយន្ត ស្មើនឹង ២៤ម៉ែត្រគូប៕




