ព័ត៌មានអន្តរជាតិ

ទំនាក់ទំនងអាមេរិក និងអ៊ុយក្រែនធ្លាក់ចុះដុនដាប ស្របពេលលោក ត្រាំ និងលោក ហ្សេលេនស្គី បាត់បង់ទំនុកចិត្តលើគ្នាទៅវិញទៅមក

​បរទេស៖ ទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងអ៊ុយក្រែន កំពុងប្រឈមនឹងភាពតានតឹងកាន់តែខ្លាំងឡើង ពាក់ព័ន្ធនឹងការចែករំលែកព័ត៌មានសម្ងាត់ ទណ្ឌកម្ម ការវាយប្រហាររបស់អ៊ុយក្រែនលើហេដ្ឋារចនាសម្ព័ន្ធថាមពលរុស្ស៊ី និងផ្លូវឆ្ពោះទៅរកសន្តិភាព។ ទន្ទឹមនឹងនេះ ភាពអាក់អន់ចិត្ត និងការបាត់បង់ទំនុកចិត្តរវាងប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និងមេដឹកនាំអ៊ុយក្រែន លោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី  ក៏កំពុងធ្លាក់ចុះកាន់តែជ្រៅផងដែរ នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន CNN ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦ ។
​
កាលពីថ្ងៃចន្ទ លោក ត្រាំ បានរិះគន់លោក ហ្សេលេនស្គី ថា “មិនដឹងខ្លួនឯងកំពុងនិយាយពីអ្វី” និងបានលើកឡើងថា វាដល់ពេលដែលត្រូវឱ្យអ្នកផ្សេងមកធ្វើជាតំណាងចរចាឱ្យអ៊ុយក្រែនហើយ។ លើសពីនេះ លោក ត្រាំ បានបង្ហោះសារលើបណ្តាញសង្គម Truth Social ដោយចោទប្រកាន់ថា លោក ហ្សេលេនស្គី “មិនចង់បញ្ចប់សង្គ្រាមនេះទេ ហើយប្រហែលជាមិនដែលចង់ទាល់តែសោះ”។

ជាការវាយបក លោក ហ្សេលេនស្គី បានថ្លែងក្នុងបទសម្ភាសន៍មួយថា “វាប្រសើរជាងក្នុងការមានដៃគូដែលបើកចំហ និងច្បាស់លាស់ ជាជាងមានដៃគូជាឃាតក ទោះបីជាមានស្នាមញញឹមនៅលើមុខក៏ដោយ” ដែលការលើកឡើងនេះ ត្រូវបានគេមើលឃើញថាជាការសំដៅទៅលើទំនាក់ទំនងរវាងលោក ត្រាំ និងរុស្ស៊ី។

អ៊ុយក្រែនបានបើកការវាយប្រហារដោយយន្តហោះគ្មានអ្នកបើកបរ (Drone) ដ៏ធំបំផុតមួយប្រចាំឆ្នាំទៅលើស្ថានីយប្រេងរបស់រុស្ស៊ី ដែលជាការបំពានដោយផ្ទាល់ទៅនឹងការទាមទាររបស់លោក ត្រាំ ដែលចង់ឱ្យទីក្រុងកៀវបញ្ឈប់ការវាយប្រហារទាំងនោះ។ សេតវិមានកំពុងព្យាយាមកាត់បន្ថយសម្ពាធលើតម្លៃប្រេងឥន្ធនៈនៅក្នុងសហរដ្ឋអាមេរិក មុនការបោះឆ្នោតពាក់កណ្តាលអាណត្តិដ៏សំខាន់ឈានចូលមកដល់។ កាលពីសប្តាហ៍មុន លោក ត្រាំ ធ្លាប់បានហៅការវាយប្រហាររបស់អ៊ុយក្រែនថាជា “ភាពគួរឱ្យអាម៉ាស់” និងបានអះអាងថា លោក ហ្សេលេនស្គី ពិបាកធ្វើការជាមួយជាងលោក វ្ល៉ាឌីមៀរ ពូទីន ទៅទៀត។

បច្ចុប្បន្ន ទំនាក់ទំនងទ្វេភាគីហាក់ស្ថិតក្នុងកម្រិតទាបបំផុត គិតចាប់តាំងពីជំនួបដ៏តានតឹងនៅសេតវិមានកាលពី ១៨ ខែមុន។ យ៉ាងណាក្តី លោក ហ្សេលេនស្គី នៅតែប្រកាន់ជំហរថាលោកបើកចំហសម្រាប់ការចរចាសន្តិភាពជានិច្ច ប្រសិនបើសុវត្ថិភាពរបស់អ៊ុយក្រែនត្រូវបានធានា។

​ដើម្បីរក្សាច្រកទំនាក់ទំនង និងស្វែងរកគោលដៅសន្តិភាព លោក ហ្សេលេនស្គី បានបញ្ជាក់ថា លោកបានសន្ទនាជាមួយបេសកជនអាមេរិក លោក Steve Witkoff និងកូនប្រសាររបស់លោក ត្រាំ គឺលោក Jared Kushner កាលពីថ្ងៃអាទិត្យ។ អ្នកទាំងបីនឹងពិភាក្សាគ្នាម្តងទៀតនៅថ្ងៃអង្គារ តាមរយៈជំនួបដោយផ្ទាល់រវាងលោក ហ្សេលេនស្គី និងលោក Witkoff នៅទីក្រុងអូស្លូ (Oslo) ប្រទេសន័រវែស ខណៈលោក Kushner នឹងចូលរួមតាមប្រព័ន្ធអនឡាញ នេះបើតាមការបញ្ជាក់ពីនាយករដ្ឋមន្ត្រីន័រវែស លោក Jonas Gahr Store។

ប្រែសម្រួល៖ គីរី

To Top