Feature

លោក ឃួន ផុនរតនៈ ៖ អគ្គលេខាធិការមូលនិធិ WeLoveU Foundation នឹងពិចារណាពង្រីកគម្រោងជំនួយមនុស្សធម៌នៅកម្ពុជា

ភ្នំពេញ ៖ ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ លោក ឃួន ផុនរតនៈ បង្ហាញក្តីសង្ឃឹមថា អគ្គលេខាធិការមូលនិធិ WeLoveU Foundationរបស់កូរ៉េ នឹងពិនិត្យលទ្ធភាពអញ្ជើញទៅទស្សនកិច្ចនៅកម្ពុជាដើម្បីពិចារណាពង្រីកគម្រោងជំនួយមនុស្សធម៌នៅប្រទេសកម្ពុជា។

ការលើកឡើងបែបនេះរបស់លោក ឃួន ផុនរតនៈ ក្នុងឱកាសទទួលជួបពិភាក្សាការងារជាមួយលោក Lee Seung-An អគ្គលេខាធិការមូលនិធិ WeLoveU Foundation នៅស្ថានទូតកម្ពុជា ក្នុងទីក្រុងសេអ៊ូល។

ក្នុងកិច្ចជំនួបនោះ ភាគីទាំងពីរ បានផ្លាស់ប្តូរយោបល់លើការពង្រឹងកិច្ចសហប្រតិបត្តិការរវាងស្ថាប័នទាំងពីរ និងគម្រោងពង្រីកកម្មវិធីមនុស្សធម៌របស់មូលនិធិ WeLoveU Foundation នៅប្រទេសកម្ពុជា។

ឯកអគ្គរាជទូតមានប្រសាសន៍ថា ឆ្នាំ២០២៧ ខាងមុខ ជាឆ្នាំដ៏សំខាន់នៃខួបគម្រប់៣០ឆ្នាំ នៃទំនាក់ទំនងការទូតរវាងប្រទេសកម្ពុជា និងសាធារណរដ្ឋកូរ៉េ ។ លោកសង្ឃឹមថា លោកស្រីប្រធានមូលនិធិ និងគណៈប្រតិភូ ពិនិត្យលទ្ធភាពអញ្ជើញទៅទស្សនកិច្ចនៅកម្ពុជា និងពិចារណាពង្រីកគម្រោងជំនួយមនុស្សធម៌នៅតាមបណ្តាទីជនបទនៃប្រទេសកម្ពុជា។

ជាការឆ្លើយតប លោកអគ្គលេខាធិការប្រាប់លោកទូតថា លោកក៏មានគម្រោងទៅទស្សនកិច្ចនៅប្រទេសកម្ពុជានាពេលខាងមុខនេះផងដែរ ដោយនាំយកនូវជំនួយជាកុំព្យូទ័រ ជូនដល់សិស្សានុសិស្សនៅតាមសាលារៀននៅតាមតំបន់ជនបទ ដែលកំពុងជួបប្រទះនឹងការខ្វះខាត។

ឆ្លៀតក្នុងឱកាសនោះផងដែរ លោកអគ្គលេខាធិកាក៏បានអញ្ជើញឯកអគ្គរាជទូត និងលោកស្រីចូលរួមកម្មវិធីតន្ត្រីមនុស្សធម៌ប្រចាំឆ្នាំ ដែលរៀបចំដោយមូលនិធិ WeLoveU Foundation នៅខែវិច្ឆិកាខាងមុខនេះ ៕

To Top