Feature

សង្គមស៊ីវិលកម្ពុជា-ចិន រួមគ្នាលើកកម្ពស់វប្បធម៌អំណាននៅខេត្តត្បូងឃ្មុំ

ត្បូងឃ្មុំ៖ វេទិកាសម្ព័ន្ធសង្គមស៊ីវិល មូលនិធិចិនដើម្បីសន្តិភាពនិងការអភិវឌ្ឍ និងសមាគមអ្នកស្រាវជ្រាវ វឌ្ឍនភាពកម្ពុជា-ចិន បានរួមគ្នារៀបចំកម្មវិធីលើកកម្ពស់វប្បធម៌អំណាន នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៦ នៅសាលាបឋមសិក្សាស្រែប្រាំង ខេត្តត្បូងឃ្មុំ ដើម្បីរួមចំណែកពង្រឹងការអប់រំ និងអភិវឌ្ឍមូលធនមនុស្ស នៅមូលដ្ឋាន។

ក្នុងនាមលោក កឹមរ័ត្ន វិសិដ្ឋ ប្រធានក្រុមប្រឹក្សាភិបាលវេទិកាសម្ព័ន្ធសង្គមស៊ីវិល លោក ដួង វិរ័ត្ន អនុប្រធានប្រចាំការក្រុមប្រឹក្សាភិបាលបានលើកឡើងពីតួនាទីដ៏សំខាន់របស់សង្គមស៊ីវិលក្នុងការរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីជំរុញការអភិវឌ្ឍជាតិ ជាពិសេសការបង្កើនគុណភាព និងពង្រីក បរិមាណមូលធនមនុស្ស តាមរយៈការលើកកម្ពស់ការអប់រំ និងការបណ្តុះទម្លាប់អានសៀវភៅតាំងពីកម្រិត បឋមសិក្សា។

លោកក៏បានគូសបញ្ជាក់ពីសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការរវាងសង្គមស៊ីវិលកម្ពុជា-ចិន ក្នុងការជំរុញការអប់រំ និងបណ្តុះវប្បធម៌អំណានក្នុងចំណោមកុមារ។ ការបង្កើតបរិយាកាសអំណាន និងការផ្តល់លទ្ធភាពឱ្យសិស្សានុសិស្សទទួលបានសៀវភៅនិងធនធានសិក្សា ក៏ជាមូលដ្ឋានសំខាន់ក្នុង ការពង្រឹងចំណេះដឹង ជំនាញ និងសមត្ថភាពរបស់យុវជនជំនាន់ក្រោយ ព្រមទាំងរួមចំណែកដល់ការ អភិវឌ្ឍធនធានមនុស្សប្រកបដោយចីរភាព។

បន្ថែមពីលើនេះ លោកបានរំលេចពីបណ្ណាល័យមិត្តភាព កម្ពុជា-ចិន ចំនួន៤ទីតាំងដែលវេទិកាសម្ព័ន្ធសង្គមស៊ីវិលបានជួយកែលម្អ ហើយសិស្សានុសិស្សកំពុង ទទួលផលយ៉ាងល្អប្រសើរក្នុងការបង្កើនទម្លាប់នៃការអានរបស់ខ្លួន។

លោកស្រី នី ចាន់ធីតា អភិបាលរងខេត្តត្បូងឃ្មុំ បានសម្តែងការសាទរចំពោះកិច្ចសហការរបស់សង្គម ស៊ីវិលកម្ពុជា-ចិន ក្នុងការរួមចំណែកអភិវឌ្ឍសហគមន៍ និងលើកកម្ពស់ការអាននៅក្នុងខេត្តត្បូងឃ្មុំ ដោយ ចាត់ទុកថា ការចូលរួមពីដៃគូពាក់ព័ន្ធ គឺជាកម្លាំងសំខាន់ក្នុងការជំរុញវិស័យអប់រំ និងបង្កើតឱកាសសិក្សា កាន់តែប្រសើរសម្រាប់កុមារ ជាពិសេសគំនិតផ្តួចផ្តើមក្នុងការរៀបចំបណ្ណាល័យមិត្តភាពផ្លូវសូត្រ កម្ពុជា-ចិន នៅសាលាបឋមសិក្សាស្រែប្រាំងផងដែរ។

លោកស្រី Wang Yahui ប្រធានការិយាល័យមូលនិធិចិនដើម្បីសន្តិភាពនិងការអភិវឌ្ឍប្រចាំកម្ពុជា បាន រំលេចពីការគាំទ្ររបស់វេទិកាសម្ព័ន្ធសង្គមស៊ីវិល ដែលបានលើកទឹកចិត្តឱ្យភាគីទាំងពីររួមគ្នាអនុវត្ត គម្រោងនានា ដើម្បីផ្តល់ផលប្រយោជន៍ជាក់ស្តែងដល់ប្រជាជននៅតំបន់ជនបទ ជាពិសេសការរួម ចំណែកលើកកម្ពស់វប្បធម៌អំណាន និងបង្កើនឱកាសទទួលបានចំណេះដឹងរបស់កុមារ។

ក្នុងនាមជាអ្នកទទួលផល និងជាប្រតិបត្តិករលើការលើកកម្ពស់អំណាន លោក អ៊ឹម ប៊ុនលាភ នាយកសាលាបឋមសិក្សាស្រែប្រាំង បានវាយតម្លៃខ្ពស់ និងថ្លែង អំណរគុណចំពោះកិច្ចខិតខំប្រឹងប្រែង រួមគ្នា របស់សង្គមស៊ីវិលនៃប្រទេសទាំងពីរ ក្រោមគំនិតផ្តួចផ្តើមពីវេទិកាសម្ព័ន្ធសង្គមស៊ីវិល ហើយការចូល រួមជាប្រចាំពីលោក Pan Dongfeng តំណាងវិនិយោគិនចិននៅខេត្តត្បូងឃ្មុំ ដែលតែងបានចូលរួមគាំទ្រ ការអភិវឌ្ឍសាលារៀន និងបន្តផ្តល់ការគាំទ្រដល់បណ្ណាល័យមិត្តភាពផ្លូវសូត្រ កម្ពុជា-ចិន៕

To Top