បរទេស៖ រដ្ឋមន្ត្រីក្រសួង ថាមពលនៃប្រទេសទាំងពីរគឺអារ៉ាប៊ីសាអូឌីត និងសិង្ហបុរី បានថ្លែងនៅថ្ងៃចន្ទថា ប្រទេសអារ៉ាប៊ីសាអូឌីត មានគម្រោងរក្សាទុកប្រេងឆៅនៅក្នុងឃ្លាំងក្រោមដី Jurong Rock Caverns របស់ប្រទេសសិង្ហបុរី ចាប់ពីឆមាសទីពីរនៃឆ្នាំ ២០២៧ តទៅ ដើម្បីពង្រឹងសន្តិសុខនៃការផ្គត់ផ្គង់នៅក្នុងតំបន់។
យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៦ថា ចំណាត់ការនេះធ្វើឡើងបន្ទាប់ពីជម្លោះរវាងសហរដ្ឋអាមេរិក-អ៊ីស្រាអែល និងអ៊ីរ៉ង់ បានបង្កការរំខានយ៉ាងធ្ងន់ធ្ងរដល់ការផ្គត់ផ្គង់ប្រេងទៅកាន់ទ្វីបអាស៊ី ដែលដឹកជញ្ជូនឆ្លងកាត់ច្រកសមុទ្រហ័រមូស (Strait of Hormuz)។ មុនពេលមានជម្លោះនេះ ទ្វីបអាស៊ីបាននាំចូលប្រេងឆៅចំនួន ២ ភាគ ៣ នៃតម្រូវការសរុបរបស់ខ្លួនពីតំបន់មជ្ឈិមបូព៌ា។
លោក Tan See Leng រដ្ឋមន្ត្រីក្រសួងថាមពល ពាណិជ្ជកម្ម និងឧស្សាហកម្មរបស់សិង្ហបុរី បានថ្លែងនៅក្នុងសន្និសីទសប្តាហ៍ថាមពលអន្តរជាតិសិង្ហបុរី (Singapore International Energy Week) ថា «អារ៉ាប៊ីសាអូឌីត និងសិង្ហបុរី សូមប្រកាសពីឆន្ទៈរួមគ្នាក្នុងការបង្កើតកិច្ចព្រមព្រៀងមួយ ដើម្បីរក្សាទុកប្រេងឆៅរបស់អារ៉ាប៊ីសាអូឌីតនៅក្នុងឃ្លាំង Jurong Rock Caverns ចាប់ពីឆមាសទីពីរនៃឆ្នាំ ២០២៧ តទៅ»។
លោកបានបន្ថែមថា «កិច្ចព្រមព្រៀងនេះនឹងជួយពង្រឹងភាពធន់នៃខ្សែច្រវាក់ផ្គត់ផ្គង់ប្រេងឆៅរបស់អារ៉ាប៊ីសាអូឌីតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ព្រមទាំងរួមចំណែកដល់សន្តិសុខថាមពល និងភាពធន់របស់ប្រទេសសិង្ហបុរី ក្នុងករណីដែលមានការរំខានដល់ការផ្គត់ផ្គង់»។
លោក Tan បានបញ្ជាក់ថា ក្រុមហ៊ុន Aramco របស់អារ៉ាប៊ីសាអូឌីត នឹងចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MOU) ជាមួយអាជ្ញាធរទីផ្សារថាមពល (Energy Market Authority) និងក្រុមហ៊ុន JTC Corp នៅថ្ងៃចន្ទនេះ ដោយរំពឹងថា នឹងបញ្ចប់ការចរចាទាំងអស់ ក្នុងរយៈពេលប៉ុន្មានខែខាងមុខ។
ប្រែសម្រួលៈ តុលា
