កម្ពុជា-អូស្ត្រាលី ពង្រឹងសន្តិសុខទឹកស្អាត ខណៈសម្ពាធពីការប្រែប្រួលអាកាសធាតុកើនឡើង
ភ្នំពេញ ៖ នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៦ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ សមាគមអ្នកផ្គត់ផ្គង់ទឹកស្អាតកម្ពុជា និងស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជា បានសហការរៀបចំ «សន្និសីទ និងពិព័រណ៍ពាណិជ្ជកម្មទឹកស្អាតកម្ពុជា លើកទី៦» ដោយមានតំណាងស្ថាប័នរាជរដ្ឋាភិបាល វិស័យទឹកស្អាត ដៃគូអភិវឌ្ឍន៍ ស្ថាប័នហិរញ្ញវត្ថុ វិទ្យាស្ថានស្រាវជ្រាវ និងអ្នកផ្គត់ផ្គង់បច្ចេកវិទ្យា ប្រមាណ ៣៥០រូបចូលរួម។
កម្មវិធីរយៈពេល ២ថ្ងៃនេះ ត្រូវបានរៀបចំឡើងក្រោមប្រធានបទ «នវានុវត្តន៍ថ្ងៃនេះ ដំណោះស្រាយទឹកសម្រាប់ថ្ងៃស្អែក» ដើម្បីផ្តល់ជាវេទិកាសម្រាប់ចែករំលែកចំណេះដឹង តាំងបង្ហាញបច្ចេកវិទ្យានវានុវត្តន៍ក្នុងវិស័យទឹកស្អាត ពង្រឹងភាពជាដៃគូ និងស្វែករកដំណោះស្រាយជាក់ស្តែង ក្នុងការលើកកម្ពស់សន្តិសុខទឹក ពង្រីកលទ្ធភាពទទួលបានទឹកស្អាត និងពង្រីកការផ្តល់សេវាទឹកស្អាតដែលធន់នឹងអាកាសធាតុនៅទូទាំងប្រទេស។
សន្និសីទនេះប្រព្រឹត្តិទៅ ខណៈដែលកម្ពុជា និងពិភពលោកកំពុងប្រឈមនឹងសម្ពាធប្រភពទឹក។ ការប្រែប្រួលអាកាសធាតុកំពុងបង្កើនហានិភ័យ ដែលពាក់ព័ន្ធនឹងគ្រោះរាំងស្ងួត ទឹកជំនន់ និងការផ្លាស់ប្តូររបបទឹកភ្លៀង។ ហានិភ័យទាំងនេះកើនឡើង ស្របពេលនឹងកំណើនតម្រូវការសេវាទឹកស្អាត ដែលដាក់សម្ពាធបន្ថែមលើហេដ្ឋារចនាសម្ព័ន្ធ និងធនធានដែលមានស្រាប់។
លោក ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានលើកឡើងថា«ខណៈដែលកម្ពុជាកំពុងប្រឈមនឹងសម្ពាធកាន់តែខ្លាំងពីការប្រែប្រួលអាកាសធាតុ ពិសេសគ្រោះរាំងស្ងួត និងទឹកជំនន់ ការប្រើប្រាស់បច្ចេកវិទ្យាទំនើប និងការគ្រប់គ្រងបែបនវានុវត្តន៍ មិនមែនជាជម្រើសទៀតទេ ប៉ុន្តែជាកាតព្វកិច្ចយុទ្ធសាស្ត្រ ដើម្បីបង្កើនប្រសិទ្ធភាពប្រតិបត្តិការ គ្រប់គ្រងហានិភ័យ និងធានាការផ្គត់ផ្គង់ទឹកស្អាតប្រកបដោយគុណភាព សុវត្ថិភាព និរន្តរភាព និងថ្លៃសមរម្យ»។
លោក ដេរិក យីប ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំព្រះរាជាណាចក្រកម្ពុជា បានលើកឡើងថា «អូស្ត្រាលី បានដើរតួនាទីយ៉ាងសំខាន់ក្នុងការធ្វើការជាមួយប្រទេសកម្ពុជា លើវឌ្ឍនភាពដ៏គួរឱ្យកត់សម្គាល់ ក្នុងការពង្រីកលទ្ធភាពទទួលបានទឹកស្អាត»។
តាមរយៈភាពជាដៃគូអស់រយៈពេលជាងមួយទសវត្សរ៍ក្នុងវិស័យទឹកស្អាត អូស្ត្រាលី បានជួយឱ្យប្រជាជនកម្ពុជា ចំនួន ១,៣លាននាក់ ទទួលបានទឹកស្អាតតាមបំពង់ប្រើប្រាស់។ ខណៈសម្ពាធពីការប្រែប្រួលអាកាសធាតុ និងតម្រូវការទឹកបន្តកើនឡើង អូស្ត្រាលីនឹងបន្តគាំទ្របច្ចេកវិទ្យានវានុវត្តន៍ និងយន្តការហិរញ្ញប្បទានប្រកបដោយនិរន្តរភាព ដែលអាចជួយប្រតិបត្តិករផ្គត់ផ្គង់សេវាទឹកស្អាតចាំបាច់ទៅប្រជាពលរដ្ឋនៅទូទាំងប្រទេស៕
