អ្នកជំនាញសេដ្ឋកិច្ច ៖ ការទប់តម្លៃសេវាដឹកជញ្ជូន និងជួយសម្រាលថ្លៃឥន្ធនៈ ជាគន្លឹះរក្សាអតិថិជន និងនិរន្តរភាពដៃគូបើកបរ
ភ្នំពេញ៖ ចំពោះស្ថានភាពថ្លៃប្រេងឥន្ធនៈប្រែប្រួល ការរក្សាតម្លៃសេវាដឹកជញ្ជូនឱ្យមានស្ថិរភាព ខណៈជួយសម្រាលបន្ទុកចំណាយរបស់ដៃគូបើកបរ កំពុងក្លាយជាកត្តាសំខាន់សម្រាប់និរន្តរភាពអាជីវកម្ម និងការរក្សាអតិថិជន។ ក្នុងបរិបទនេះ ការគាំទ្រផ្នែកឥន្ធនៈពីក្រុមហ៊ុន Grab ដល់ដៃគូបើកបរ គឺជាចំណុចមួយដែលបង្ហាញ ពីការយកចិត្តទុកដាក់ ចំពោះបន្ទុកចំណាយរបស់អ្នកផ្តល់សេវា ខណៈការរក្សាតម្លៃសេវាឱ្យសមរម្យ ក៏អាចជួយបន្តទាក់ទាញអ្នកប្រើប្រាស់ផងដែរ ។

លោកបណ្ឌិត គី សេរីវឌ្ឍន៍ អ្នកជំនាញសេដ្ឋកិច្ច បានលើកឡើងថា នៅពេលថ្លៃប្រេងឥន្ធនៈកើនឡើង ក្រុមហ៊ុនផ្តល់សេវាដឹកជញ្ជូន អាចជ្រើសរើសរ៉ាប់រងចំណាយមួយផ្នែក ដើម្បីចៀសវាងការដំឡើងថ្លៃសេវាទៅលើអតិថិជន។ វិធីសាស្ត្រនេះ អាចជួយរក្សាចំនួនអ្នកប្រើប្រាស់ និងធានានិរន្តរភាពនៃសេវាកម្ម ប៉ុន្តែ ក្រុមហ៊ុនក៏ត្រូវពិចារណាផងដែរអំពីសមត្ថភាពហិរញ្ញវត្ថុ និងលទ្ធភាពទ្រាំទ្រចំណាយរបស់ខ្លួន។
លោកបណ្ឌិតបានពន្យល់ថា ក្រុមហ៊ុនអាជីវកម្មធំៗតែងតែត្រូវគិតគូរពីស្ថិរភាពនៃចំនួនអតិថិជន ចំណូល និងប្រាក់ចំណេញ។ នៅពេលថ្លៃសេវាកើនឡើង ទោះបីត្រឹមតែបន្តិចក៏ដោយ អតិថិជនអាចងាកទៅរកមធ្យោបាយដឹកជញ្ជូនជំនួស ដែលអាចប៉ះពាល់ដល់តម្រូវការប្រើប្រាស់សេវារបស់ក្រុមហ៊ុន។
លោកបន្តថា៖ «កាលណាដែលមានសល់ប្រាក់ចំណេញ គឺគាត់អាចបញ្ចុះ ឬក៏គាត់អាចបញ្ចេញការចំណាយដោយខ្លួនគាត់ ដើម្បីកុំឱ្យដំឡើងថ្លៃទៅដល់ភ្ញៀវ»។
តាមការយល់ឃើញរបស់អ្នកជំនាញសេដ្ឋកិច្ចរូបនេះ ការសម្រេចចិត្តរក្សាតម្លៃសេវាឱ្យនៅដដែល ទោះបីថ្លៃប្រេងឥន្ធនៈកើនឡើងក៏ដោយ គឺជាយុទ្ធសាស្ត្រអាជីវកម្ម ដែលត្រូវផ្អែកលើការសិក្សាទីផ្សារ តម្រូវការអតិថិជន និងសមត្ថភាពទ្រាំទ្រចំណាយរបស់ក្រុមហ៊ុន។ ក្រុមហ៊ុនត្រូវស្វែងរកតុល្យភាពរវាងការរក្សាអតិថិជន និងការធានាថាអាជីវកម្មអាចបន្តដំណើរការបានយូរអង្វែង។
ជាមួយគ្នានេះ ការគាំទ្រផ្នែកឥន្ធនៈពីក្រុមហ៊ុន Grab ដល់ដៃគូបើកបរ ក៏ជាចំណុចសំខាន់ដែលត្រូវពិចារណាក្នុងបរិបទនៃការឡើងថ្លៃប្រេងឥន្ធនៈ។ ការជួយសម្រាលចំណាយអាចរួមចំណែកកាត់បន្ថយសម្ពាធលើដៃគូបើកបរ ដែលត្រូវប្រើប្រាស់ប្រេងឥន្ធនៈជាប្រចាំសម្រាប់ប្រកបរបរចិញ្ចឹមជីវិត។ ទន្ទឹមនឹងនេះ ការគាំទ្របែបនេះ ក៏អាចជួយលើកកម្ពស់ កិច្ចសហប្រតិបត្តិការរវាងក្រុមហ៊ុនបច្ចេកវិទ្យា និងដៃគូបើកបរ ព្រមទាំងរួមចំណែករក្សាស្ថិរភាព នៃការផ្តល់សេវាដល់អតិថិជន។

លោកបណ្ឌិត គី សេរីវឌ្ឍន៍ បានគូសបញ្ជាក់ផងដែរថា ការប្រើប្រាស់សេវាដឹកជញ្ជូនសាធារណៈ ជាពិសេសសេវារ៉ឺមក់កង់បី អាចជួយគាំទ្រដល់ជីវភាព របស់អ្នកប្រកបរបរដឹកជញ្ជូន ដែលត្រូវប្រឈមនឹងការចំណាយប្រចាំថ្ងៃ។ លោកបានលើកឡើងថា លោកផ្ទាល់ក៏បានកាត់បន្ថយការប្រើប្រាស់យានយន្តផ្ទាល់ខ្លួន និងងាកមកប្រើប្រាស់សេវាដឹកជញ្ជូនសាធារណៈ ដោយមើលឃើញថា ការប្រើប្រាស់សេវាទាំងនេះ អាចជួយបង្កើតចំណូល ដល់អ្នកបើកបរម៉ូតូកង់បីផងដែរ។
យ៉ាងណាក៏ដោយ លោកបានសង្កត់ធ្ងន់ថា ការរក្សានិរន្តរភាពអាជីវកម្មមិនគួរផ្តោតតែលើការរក្សាចំនួនអតិថិជន ឬប្រាក់ចំណេញរបស់ក្រុមហ៊ុនប៉ុណ្ណោះទេ ប៉ុន្តែ ត្រូវគិតគូរដល់ប្រាក់ចំណូលរបស់ដៃគូបើកបរផងដែរ។ ប្រសិនបើថ្លៃប្រេងឥន្ធនៈកើនឡើងរហូតធ្វើឱ្យប្រាក់ចំណូលសុទ្ធរបស់អ្នកបើកបរធ្លាក់ចុះខ្លាំង ក្រុមហ៊ុនគួរពិចារណាលើវិធានការគាំទ្រសមស្រប ដើម្បីឱ្យពួកគេអាចរកប្រាក់ចំណូលបានក្នុងកម្រិតសមរម្យ។ លោកបានបញ្ជាក់ថា ការបែងចែកផលប្រយោជន៍រវាងក្រុមហ៊ុន និងដៃគូបើកបរ គួរតែមានតុល្យភាព និងសមធម៌ ដើម្បីឱ្យភាគីទាំងពីរអាចសហការគ្នាបានរលូន និងមាននិរន្តរភាព។ ការគាំទ្រដៃគូបើកបរមិនត្រឹមតែជួយពួកគេក្នុងការទប់ទល់នឹងការកើនឡើងនៃចំណាយប៉ុណ្ណោះទេ ប៉ុន្តែ ក៏អាចជួយរក្សាគុណភាពសេវា និងភាពជឿជាក់របស់អតិថិជនថែមទៀត។
លោកបណ្ឌិត គី សេរីវឌ្ឍន៍ បានសន្និដ្ឋានថា កិច្ចសហប្រតិបត្តិការដែលផ្អែកលើការយោគយល់គ្នា ការបែងចែកផលប្រយោជន៍ប្រកបដោយសមធម៌ និងការគោរពច្បាប់ គឺជាមូលដ្ឋានសំខាន់សម្រាប់ធានាឱ្យក្រុមហ៊ុនបច្ចេកវិទ្យាដឹកជញ្ជូន និងដៃគូបើកបរ អាចបន្តប្រកបអាជីវកម្ម ជាមួយគ្នាបានយូរអង្វែង។ ក្នុងស្ថានភាព ដែលថ្លៃប្រេងឥន្ធនៈ អាចបង្កសម្ពាធលើទាំងក្រុមហ៊ុន អ្នកបើកបរ និងអ្នកប្រើប្រាស់ ការស្វែងរកដំណោះស្រាយ ដែលគិតគូរដល់ផល ប្រយោជន៍ របស់ភាគីពាក់ព័ន្ធទាំងអស់ នឹងក្លាយជាកត្តាសំខាន់ក្នុងការរក្សាស្ថិរភាពនៃវិស័យដឹកជញ្ជូន និងគាំទ្រជីវភាព របស់អ្នកប្រកបរបរនៅក្នុងវិស័យនេះ ៕
