លោក ត្រាំ ថ្លែងក្នុងពិធីជួបជុំនៅព្រំដែន ក្នុងរដ្ឋ Michigan ថា ជម្លោះពាណិជ្ជកម្មជាមួយប្រទេសកាណាដា នឹងត្រូវបានដោះស្រាយ «ក្នុងពេលឆាប់ៗនេះ»
បរទេស៖ នៅក្នុងការជួបជុំនយោបាយមួយ កាលពីថ្ងៃអាទិត្យ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានព្យាករណ៍ថា ជម្លោះពាណិជ្ជកម្មជាមួយប្រទេសកាណាដា នឹងត្រូវបានដោះស្រាយ «ក្នុងពេលឆាប់ៗនេះ» ប៉ុន្តែលោកមិនបានផ្តល់ព័ត៌មានលម្អិតអ្វីឡើយ។
យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៦ថា នៅក្នុងព្រឹត្តិការណ៍មួយនៅទីក្រុង Port Huron រដ្ឋ Michigan ដែលរៀបចំឡើងដើម្បីគាំទ្របេក្ខជនមកពីគណបក្សសាធារណរដ្ឋសម្រាប់ការបោះឆ្នោតពាក់កណ្តាលអាណត្តិសម្រាប់ថ្ងៃទី ៣ ខែវិច្ឆិកា លោក ត្រាំ និងវាគ្មិនផ្សេងទៀត បានលើកឡើងម្តងទៀតនូវជំហរដែលលោកតែងតែបង្ហាញថា ចាំបាច់ត្រូវដំឡើងពន្ធលើទំនិញមកពីកាណាដា ដោយសារតែកាណាដាបាន «កេងចំណេញហួសហេតុ» ពីសហរដ្ឋអាមេរិកនៅក្នុងទំនាក់ទំនងពាណិជ្ជកម្ម។
លោក ត្រាំ បានប្រាប់ក្រុមអ្នកគាំទ្រនៅរដ្ឋ Michigan ថា៖ «ខ្ញុំចាំបាច់ត្រូវធ្វើបែបនេះ។ យើងនឹងដោះស្រាយបញ្ហានេះបានក្នុងពេលឆាប់ៗនេះ។ នៅពេលនេះ ពួកគេព្រមផ្តល់អ្វីៗគ្រប់យ៉ាងដល់យើង»។
នៅក្នុងការបោះឆ្នោតជ្រើសរើសប្រធានាធិបតីឆ្នាំ ២០២៤ លោក ត្រាំ បានទទួលជ័យជម្នះនៅក្នុងតំបន់ព្រំដែននៃរដ្ឋ Michigan ដែលរួមមានទីក្រុង Port Huron ផងដែរ ដោយទទួលបានសំឡេងគាំទ្រ ជាង ៦៦%។ ទោះជាយ៉ាងណាក៏ដោយ សេដ្ឋកិច្ចក្នុងតំបន់នេះ បានរងផលប៉ះពាល់ពីជម្លោះពន្ធរវាងសហរដ្ឋអាមេរិក និងកាណាដា រួមទាំងវិស័យឧស្សាហកម្មរថយន្តរបស់សហរដ្ឋអាមេរិកដែលមានមូលដ្ឋាននៅទីក្រុង Detroit ផងដែរ។
ប្រែសម្រួលៈ តុលា
