ព័ត៌មានអន្តរជាតិ

តម្លៃប្រេងពិភពលោកបានធ្លាក់ចុះ បន្ទាប់ពីបានឡើងដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេល ៦ ខែ

បរទេស៖ តម្លៃប្រេងក្នុងមួយបារ៉ែល បានធ្លាក់ចុះជិត ២% នៅក្នុងការជួញដូរពេលព្រឹកថ្ងៃទី ២៦ ខែតុលា ដោយបានថយចុះវិញ បន្ទាប់ពីបានកើនឡើង ជាបន្តបន្ទាប់អស់រយៈពេលជាច្រើនថ្ងៃ ដោយសារតែជម្លោះនៅក្នុងតំបន់មជ្ឈិមបូព៌ា។

យោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៦ថា នៅដើមសប្តាហ៍នេះ តម្លៃប្រេងឆៅប្រភេទ Brent បានធ្លាក់ចុះ ១,៦% មកនៅត្រឹម ១១៤,៨ ដុល្លារក្នុងមួយបារ៉ែល។ ចំណែកឯតម្លៃប្រេងឆៅប្រភេទ WTI របស់សហរដ្ឋអាមេរិកវិញ បានធ្លាក់ចុះជិត ២% មកនៅត្រឹម ១០១ ដុល្លារ។

ទីផ្សារបានធ្លាក់ចុះបន្ទាប់ពីមាន ការកើនឡើងយ៉ាងខ្លាំង អស់រយៈពេលជាច្រើនថ្ងៃ ទោះបីជានៅតែមានក្តីបារម្ភអំពីស្ថានភាព នៅក្នុងតំបន់មជ្ឈិមបូព៌ាក៏ដោយ ។ ថ្មីៗនេះ កងកម្លាំងហ៊ួទី បានបើកការវាយប្រហារជាបន្តបន្ទាប់ទៅលើប្រទេសអារ៉ាប៊ីសាអូឌីត ដែលបង្កឱ្យមានក្តីបារម្ភអំពីការផ្គត់ផ្គង់ថាមពលនៅក្នុងតំបន់នេះ។ កាលពីចុងសប្តាហ៍មុន តម្លៃប្រេង Brent បានកើនឡើងលើសពី ១១៦ ដុល្លារមួយរយៈពេលខ្លី ដែលជាកម្រិតខ្ពស់បំផុតគិតចាប់តាំងពីចុងខែមេសាមក។ នៅចុងសប្តាហ៍នោះ តម្លៃប្រេង Brent បានកើនឡើង ៦% ខណៈដែលតម្លៃប្រេង WTI បានកើនឡើងជាង ២%។

ការវាយប្រហារនានានៅតែបន្តកើតមានក្នុងអំឡុងចុងសប្តាហ៍។ នៅថ្ងៃទី ២៥ ខែតុលា ប្រទេសអារ៉ាប៊ីសាអូឌីតបានប្រកាសថា ខ្លួនបានស្ទាក់ចាប់មីស៊ីល និងយន្តហោះដ្រូនជាច្រើនគ្រាប់ ។ ទោះជាយ៉ាងណាក៏ដោយ ប្រទេសដែលជាអ្នកនាំចេញប្រេងឈានមុខគេរបស់ពិភពលោកមួយនេះ ក៏បានបើកដំណើរការអាកាសយានដ្ឋាន សំខាន់របស់ខ្លួនឡើងវិញមួយផ្នែកផងដែរ បន្ទាប់ពីបានជួសជុលការខូចខាត ដែលបណ្តាលមកពីការវាយប្រហារដោយក្រុម ហ៊ួទី កាលពីពេលមុន។
ប្រែសម្រួលៈ តុលា

To Top