ព័ត៌មានអន្តរជាតិ

អាមេរិកអះអាងថា បានជួយ ដល់នាវាជាង៣.០០០ គ្រឿង ដឹកប្រេងជាង ១,៥ ពាន់លានបារ៉ែល ចេញពីតំបន់ឈូងសមុទ្រពែក្ស ឆ្លងកាត់ច្រកសមុទ្រហ័រមូស ដោយជោគជ័យ ក្នុងពេល៦ខែមកនេះ

មេបញ្ជាការនៃបញ្ជាការដ្ឋានកណ្តាលសហរដ្ឋអាមេរិក (CENTCOM) បានចុះត្រួតពិនិត្យច្រកសមុទ្រហ័រមូស (Strait of Hormuz) ខណៈដែលយោធាអាមេរិកបានប្រកាសថា ខ្លួនបានជួយដល់បណ្តាប្រទេសនៅតំបន់ឈូងសមុទ្រពែក្ស ក្នុងការនាំចេញប្រេងឆៅជាង ១,៥ ពាន់លានបារ៉ែល។

យោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៦ថា បញ្ជាការកណ្តាលសហរដ្ឋអាមេរិក (CENTCOM) ដែលជាអង្គភាពទទួលបន្ទុកប្រតិបត្តិការយោធាអាមេរិកនៅតំបន់មជ្ឈិមបូព៌ា បានឱ្យដឹងថា មេបញ្ជាការរបស់ខ្លួន គឺឧត្តមនាវីឯក Brad Cooper បាន «ពិនិត្យមើលស្ថានភាពប្រតិបត្តិការ» ពីលើឧទ្ធម្ភាគចក្រប្រភេទ CH-47 Chinook នៅតំបន់ច្រកសមុទ្រហ័រមូស កាលពីថ្ងៃទី ២៥ ខែតុលា។

យោងតាម បញ្ជាការកណ្តាលសហរដ្ឋអាមេរិក គឺ ការចុះត្រួតពិនិត្យនេះធ្វើឡើងក្នុងពេលដែលកងកម្លាំងអាមេរិកសម្រេចបាននូវសមិទ្ធផលសំខាន់មួយ គឺការជួយគាំទ្រដល់ដៃគូនៅតំបន់ឈូងសមុទ្រពែក្ស ក្នុងការនាំចេញប្រេងឆៅជាង ១,៥ ពាន់លានបារ៉ែល ចាប់តាំងពីរដូវក្តៅកន្លងមក។ បញ្ជាការកណ្តាលសហរដ្ឋអាមេរិក បានបញ្ជាក់ថា «នាវាពាណិជ្ជកម្មជាង ៣.០០០ គ្រឿង បានធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រហ័រមូសដោយជោគជ័យ ក្រោមការគាំទ្រពីកងកម្លាំងរបស់យើង ក្នុងរយៈពេល ៦ ខែចុងក្រោយនេះ»។

CENTCOM បានអះអាងថា នាវាជាង ៩៥% បានឆ្លងកាត់ច្រកសមុទ្រហ័រមូសដោយសុវត្ថិភាពក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ ទោះបីជាមានសកម្មភាពឈ្លានពានពីសំណាក់កងកម្លាំងឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់ (IRGC) ក៏ដោយ។ ស្ថាប័ននេះបានសង្កត់ធ្ងន់ថា នេះបង្ហាញឱ្យឃើញថា សហរដ្ឋអាមេរិក និងដៃគូក្នុងតំបន់របស់ខ្លួន «កំពុងគ្រប់គ្រង» លើផ្លូវដឹកជញ្ជូនតាមសមុទ្រអន្តរជាតិនេះ។
ប្រែសម្រួលៈ តុលា

To Top