ព័ត៌មានអន្តរជាតិ

មេដឹកនាំបក្សប្រឆាំង វ៉េណេស៊ុយអេឡា Maria Corina Machado វិលត្រឡប់ចូលស្រុកវិញ ចំពេលប្រឈមស្ថានភាព នយោបាយដ៏រសើប ជាមួយរដ្ឋបាលលោក Trump

បរទេស៖ មេដឹកនាំបក្សប្រឆាំង វ៉េណេស៊ុយអេឡា លោកស្រី Maria Corina Machado ដែលបានវិលត្រឡប់ចូល ប្រទេសកំណើតវិញ កាលពីថ្ងៃអាទិត្យ បន្ទាប់ពី ចាកចេញអស់រយៈពេលជិតមួយឆ្នាំ កំពុងស្ថិតក្នុងស្ថានភាព នយោបាយ ដ៏រសើប និងប្រយ័ត្នប្រយែងបំផុត ខណៈលោកស្រីស្វែងរកការរៀបចំ ការបោះឆ្នោតតាមការទាមទាររបស់អ្នកគាំទ្រ ដោយមិនឱ្យប៉ះទង្គិចដល់ដំណើរការចរចាដែលគាំទ្រដោយសហរដ្ឋអាមេរិក រវាងរដ្ឋាភិបាលបណ្តោះអាសន្ន និងក្រុមប្រឆាំងដទៃទៀត នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន Rueters ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៦ ។

​ការវិលត្រឡប់មកកាន់ប្រទេសវ៉េណេស៊ុយ អេឡារបស់លោកស្រី Machado ក្រោយការព្យាយាមមិន បានសម្រេចជាច្រើនលើក ប្រឈមនឹងហានិភ័យនៃការបង្កភាពរកាំរកូស ក្នុងទំនាក់ទំនងជាមួយរដ្ឋបាលប្រធានាធិបតីអាមេរិក លោក Donald Trump។

​ទីក្រុងវ៉ាស៊ីនតោនបានបញ្ជាក់ថា លោកស្រីមានសិទ្ធិពេញលេញក្នុងការស្ថិតនៅក្នុងប្រទេសវ៉េណេស៊ុយអេឡា ប៉ុន្តែទន្ទឹមនឹងនោះ អាមេរិកក៏បានកោតសរសើរប្រធានាធិបតីស្តីទី លោកស្រី Delcy Rodriguez ព្រមទាំងគាំទ្រដល់ដំណើរការចរចារវាងរដ្ឋាភិបាលរបស់លោកស្រី Rodriguez ជាមួយក្រុមប្រឆាំងផ្សេងទៀត ដែលមិនរាប់បញ្ចូលចលនានយោបាយ Vente Venezuela របស់លោកស្រី Machado នោះឡើយ។

​កិច្ចចរចាដែលបានបន្តនៅក្នុងខែនេះ គឺសំដៅរៀបចំរចនាសម្ព័ន្ធក្រុមប្រឹក្សាជាតិរៀបចំការបោះឆ្នោត និងតុលាការកំពូលឡើងវិញ មុនពេលឈានទៅដល់ការបោះឆ្នោតជាក់ស្តែង។ ស្ថាប័នទាំងពីរនេះ ពីមុនសុទ្ធសឹងតែគ្រប់គ្រងដោយមន្ត្រីស្មោះត្រង់នឹងគណបក្សកាន់អំណាច ហើយធ្លាប់បានគាំទ្រអតីតប្រធានាធិបតីដែលត្រូវបានទម្លាក់ពីតំណែង លោក Nicolas Maduro ក្នុងការបោះឆ្នោតប្រធានាធិបតីឆ្នាំ ២០២៤ ដ៏ចម្រូងចម្រាស ទោះបីជាទិន្នន័យសន្លឹកឆ្នោតដែលចេញផ្សាយដោយចលនារបស់លោកស្រី Machado បង្ហាញថាបេក្ខជនរបស់លោកស្រីជាអ្នកឈ្នះឆ្នោតក៏ដោយ។ គួរបញ្ជាក់ថា យោធាអាមេរិកបានបើកប្រតិបត្តិការចាប់ខ្លួនលោក Maduro កាលពីខែមករាកន្លងទៅ។

​អ្នកគាំទ្រលោកស្រី Machado រាប់ម៉ឺននាក់ បាននាំគ្នាប្រមូលផ្តុំយ៉ាងកុះករអមដំណើរក្បួនរថយន្តរបស់លោកស្រី ចន្លោះពីទីក្រុង Barquisimeto ឆ្ពោះទៅកាន់រដ្ឋធានី Caracas កាលពីថ្ងៃអាទិត្យ ដោយគ្រវីទង់ជាតិ ស្រែកច្រៀងឈ្មោះរបស់លោកស្រី និងពាក់ខ្សែផ្គាំ (Rosaries) ជូនលោកស្រីផងដែរ។ ពួកគេទន្ទឹងរង់ចាំការបោះឆ្នោត និងបានប្រសិទ្ធនាមលោកស្រីថាជាប្រធានាធិបតីបន្ទាប់ ខណៈលោកស្រី Machado ផ្ទាល់បានថ្លែងថា ការបោះឆ្នោតប្រធានាធិបតីគួរតែប្រព្រឹត្តទៅនៅឆ្នាំ ២០២៧។ យ៉ាងណាក្ដី ក្រុមការងាររបស់លោកស្រី Machado មិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយនោះទេ។

​នៅពេលសួរថាតើលោកស្រី Machado នឹងចូលរួមក្នុងកិច្ចចរចាដែរឬទេ ប្រធានាធិបតីស្តីទីលោកស្រី Delcy Rodriguez បានលើកឡើងថា លោកស្រីសង្ឃឹមថា កិច្ចសន្ទនានេះនឹងនាំឱ្យក្រុមអ្នក ដែលធ្លាប់អំពាវនាវ ឱ្យមាន ការដាក់ទណ្ឌកម្មលើប្រទេស — ដែលជាការរិះគន់ជាទូទៅ របស់គណបក្សកាន់អំណាចសំដៅលើលោកស្រី Machado មានការភ្ញាក់រលឹក និងសោកស្តាយចំពោះទង្វើកន្លងមក។
លោកស្រី Rodriguez បានបន្ថែមថា កិច្ចចរចានេះផ្តល់ឱកាសឱ្យគ្រប់សំឡេងទាំងអស់ត្រូវបានស្តាប់ឮ «ខ្ញុំសង្ឃឹមថា ទាំងកិច្ចសន្ទនា និងកម្មវិធីដើម្បីការរួមរស់តាមបែបប្រជាធិបតេយ្យ និងសន្តិភាព អាចផ្តល់លំហមួយដែលគ្រប់សំឡេង អាចត្រូវបានស្តាប់ឮ ជាពិសេសសំឡេងដែលស្វែងរក ផលប្រយោជន៍ដល់ប្រទេសជាតិ»។

​ការថ្លែងនេះធ្វើឡើងក្នុងដំណើរទស្សនកិច្ចនៅមន្ទីរពេទ្យយោធាក្នុងរដ្ឋធានី Caracas ដែលក្នុងនោះលោកស្រី Rodriguez ក៏បានជំរុញឱ្យអ្នកនយោបាយផ្តោតលើបញ្ហាធ្ងន់ធ្ងរ និងជាក់ស្តែង ជាជាងការបង្កើត «ការសម្តែង (Show)»។

​ដោយឡែក បើទោះបីជាលោកស្រី Machado បានព្យាយាមកសាងទំនាក់ទំនងជាមួយលោក Trump ក្នុងនាមជាសម្ព័ន្ធមិត្តអស់រយៈពេលជាច្រើនឆ្នាំក៏ដោយ ក៏កាលពីខែមុន លោក Trump បានលើកឡើងថា វានៅលឿនពេកក្នុងការពិចារណាលើការបោះឆ្នោតតាមបែបប្រជាធិបតេយ្យ។ កាលពីថ្ងៃអាទិត្យ លោក Trump បានមានប្រសាសន៍ថាលោកមិន បានដឹងអំពីគម្រោងវិលត្រឡប់របស់លោកស្រីនោះទេ បើទោះបីជាប្រភពព័ត៌មាន ដែលដឹងពីដំណើរការផ្លាស់ទីរបស់លោកស្រី បានជំទាស់នឹងការលើកឡើងរបស់លោកក៏ដោយ។

ប្រែសម្រួល៖ គីរី

To Top