Feature

ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិក្បែរ ៧០ម៉ឺននាក់ ចូលរួមទស្សនា នៃពិធីប្រណាំងទូក បណ្ដែតប្រទីប និងតាំងពិព័រណ៌សមិទ្ធផល រយៈពេល៥ថ្ងៃ ក្នុងក្រុងកំពង់ចាម

កំពង់ចាម ៖ ការរៀបចំពិធីប្រណាំងទូក បណ្ដែតប្រទីប បាញ់កាំជ្រួច និងតាំងពិព័រណ៌សមិទ្ធផលនានា របស់រដ្ឋបាលខេត្តកំពង់ចាម ក្នុងឱកាសពិធីបុណ្យចេញព្រះវស្សារយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃ២២ ដល់ថ្ងៃទីទី២៦ ខែតុលា ឆ្នាំ២០២៦ មានភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ យ៉ាងច្រើនកុះករ បានអញ្ជើញមកទស្សនា និងចូលរួមកម្សាន្តយ៉ាងសប្បាយរីករាយ។

តាមរបាយការណ៍របស់រដ្ឋបាលខេត្តកំពង់ចាម ចំនួនភ្ញៀវទេសចរណ៍ ចូលរួមពីថ្ងៃទី២២ ដល់ថ្ងៃទី២៦ ខែតុលា សរុបចំនួន ៦៧៦,៦៣៦នាក់។ ក្នុងនេះសម្រាប់ថ្ងៃចេញព្រះវស្សា ក្នុងពិធីប្រណាំងទូក មានភ្ញៀវទេសចរចំនួន ៣៦១.១១៥ នាក់ ក្នុងនោះទេសចរជាតិមានចំនួន ៣១៥,៣៣០ នាក់ និងទេសចរបរទេសចំនួន ១៣៧នាក់។

សូមបញ្ជាក់ថា ព្រឹត្តិការណ៍បុណ្យអុំទូកនៅក្រុងកំពង់ចាម បានប្រព្រឹត្តទៅនៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៦ ដោយមានទូកចូលរួមប្រកួតសរុបចំនួន១០០ទូក ក្នុងនោះមានទូក «ង» ចំនួន៥២ទូក ស្មើនឹង២៦គូ និងទូកខ្នាតអន្តរជាតិចំនួន៤៨ទូក ស្មើនឹង២៤គូ។

ក្រៅពីការប្រកួតទូក កម្មវិធីនេះក៏មានការបណ្តែតប្រទីប និងការបាញ់កាំជ្រួចតាមដងទន្លេមេគង្គ ក្នុងក្រុងកំពង់ចាម ដើម្បីបង្កភាពសប្បាយរីករាយ និងអបអរសាទរពិធីបុណ្យដ៏មហោឡារិកនេះផងដែរ៕

អត្ថបទដោយ: គីហ្សូណា / ដើមអម្ពិល/ កំពង់ចាម
រូបភាពដោយ: មន្ទីរព័ត៌មានខេត្ត

To Top