ភ្នំពេញ ៖ ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) បានវាយតម្លៃខ្ពស់ ចំពោះអង្គភាព CMAC របស់កម្ពុជា ក្នុងការបោសសម្អាតមីន ដើម្បីកាត់បន្ថយហានិភ័យ និងផលប៉ះពាល់ពីសំណល់ជាតិផ្ទុះពីសង្គ្រាម។
នេះជាការលើកឡើងរបស់ លោក SANUI Kazumasa ប្រធាន JICA ប្រចាំកម្ពុជា ដែលបានចប់អាណត្តិការងារនៅកម្ពុជា ចូលជួបសម្ដែងការគួរសម និងជម្រាបលាជាមួយ លោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក CMAC និងទទួលស្វាគមន៍លោកស្រី IWAMA Nozomi ប្រធានJICA ថ្មីប្រចាំកម្ពុជា ព្រមទាំងសហការី នាថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៦ នៅទីបញ្ជាការ CMAC។
ក្នុងជំនួបនេះ លោក ហេង រតនា បានសម្តែងនូវការអរគុណយ៉ាងជ្រាលជ្រៅចំពោះលោក SANUI Kazumasa ដែលបានខិតខំប្រឹងប្រែង ពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងJICA ជាមួយរាជរដ្ឋាភិបាល និយាយរួមនិងជាមួយអង្គភាពCMACនិយាយដោយឡែក ឱ្យកាន់តែរឹងមាំ ក្នុងអំឡុងពេលលោក បំពេញបេសកកម្មនៅកម្ពុជា កិច្ចសហប្រតិបត្តិការនេះបានរួមចំណែកយ៉ាងសំខាន់ដល់ការជំរុញការអនុវត្តគម្រោងនានាដែលគាំទ្រដោយរដ្ឋាភិបាល និងប្រជាជនជប៉ុន ព្រមទាំងការពង្រឹងសមត្ថភាពបច្ចេកទេស និងប្រតិបត្តិការរបស់អង្គភាពCMAC។
ជាក់ស្តែង កិច្ចសហប្រតិបត្តិការរវាងអង្គភាពCMAC និងJICA ក្នុងអាណត្តិរបស់លោក SANUI Kazumasaបានបង្កើតនូវសមិទ្ធផលជាច្រើន ទាំងការផ្ទេរចំណេះដឹង បច្ចេកវិទ្យា សម្ភារៈបច្ចេកទេស និងការអភិវឌ្ឍធនធានមនុស្ស ព្រមទាំងការគាំទ្រដល់ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ រួមមានអគារនៅខេត្តកំពង់ឆ្នាំង និងសារមន្ទីរតេជោសន្តិភាពនៅខេត្តសៀមរាប។
សមិទ្ធផលទាំងនេះ មិនត្រឹមតែជាសក្ខីភាពនៃមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងជប៉ុនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាមូលដ្ឋានសម្រាប់ការពង្រឹងសមត្ថភាពប្រតិបត្តិការ ការអប់រំផ្សព្វផ្សាយចំណេះដឹង និងការលើកកម្ពស់ការយល់ដឹងអំពីផលប៉ះពាល់នៃមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមផងដែរ។
ជាមួយគ្នានេះ លោក SANUI Kazumasa បានវាយតម្លៃខ្ពស់ចំពោះតួនាទី និងការខិតខំប្រឹងប្រែងរបស់អង្គភាព CMAC ក្នុងការបំពេញបេសកកម្មបោស សម្អាតមីនមនុស្សធម៌ ដើម្បីកាត់បន្ថយហានិភ័យ និងផលប៉ះពាល់ពីសំណល់ ជាតិផ្ទុះពីសង្គ្រាម ព្រមទាំងរួមចំណែកធានាសុវត្ថិភាព និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកម្ពុជា៕

