Feature

រដ្ឋមន្រ្តីសុខាភិបាល នឹងបន្តខិតខំឆ្ពោះទៅមុខ ស្របតាមចក្ខុវិស័យ សុខាភិបាលរយៈពេលវែង

ភ្នំពេញ ៖ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល មានប្រសាសន៍ថា ក្រសួងនឹងបន្តខិតខំឆ្ពោះទៅមុខ ស្របតាមចក្ខុវិស័យសុខាភិបាល រយៈពេលវែង សម្រាប់សុខុមាលភាពប្រជាពលរដ្ឋកម្ពុជា ដោយការធ្វើទំនើបកម្មសុខាភិបាលឱ្យបានកាន់តែជឿនលឿន ឆ្លើយតបបានតម្រូវការ និងតាមការវិវត្តន៍សកលនៃវិទ្យាសាស្ត្រ។

ក្នុងកិច្ចប្រជុំកម្រិតថ្នាក់ដឹកនាំលើកទី២ សម្រាប់ខែតុលា ដើម្បីលើកទិសដៅ និងជំរុញការងារបន្ត លោកសាស្ត្រាចារ្យ ឈាង រ៉ា បានលើកឡើងនូវចំណុចគន្លឹះមួយចំនួនដូចជា ៖ ត្រូវបញ្ចូលវិស័យសុខាភិបាលឱ្យជាទំនើបកម្មឱ្យបាននៅ២៥ឆ្នាំខាងមុខ , បច្ចេកទេសឱ្យកាន់តែស៊ីជម្រៅ និងវិធីសាស្រ្តនៃការស្រាវជ្រាវ រួមមាន ប្រសិទ្ធភាពនិងស័ក្តិសិទ្ធភាពការងារ ការស្វែងរកប្រភពធនធាន ការពង្រឹងការបណ្តុះបណ្តាល ការធ្វើទំនើបកម្មនិងនវានុវត្តន៍ និងការសន្និដ្ឋានមួយជាចក្ខុវិស័យសុខាភិបាលសម្រាប់សុខុមាលភាពប្រជាជនកម្ពុជានាពេលខាងមុខ។

សាស្រ្តាចារ្យរដ្ឋមន្រ្តី បានណែនាំដល់ថ្នាក់ដឹកនាំ និងមន្ត្រីសុខាភិបាល ពីគោលនយោបាយ និងយុទ្ធសាស្រ្ត ឱ្យមានជំហររឹងមាំ ព្រមទាំងគោលដៅ និងចក្ខុវិស័យទៅមុខឱ្យបានច្បាស់លាស់។ ក្នុងស្ថានភាពនូវលទ្ធផលឆ្លើយតបបញ្ហាប្រឈម ត្រូវមានមធ្យោបាយ និងស្ថិតនៅចំពោះមុខបញ្ហាប្រឈម ដោយត្រូវប្រែក្លាយជាបញ្ហាប្រឈម ឱ្យក្លាយជាឱកាស និងមានលក្ខខណ្ឌសមស្រប ដើម្បីឈានទៅសម្រេចការគ្របដណ្តប់សុខភាពជាសកលនៅកម្ពុជា ៕

To Top