បណ្តាប្រទេសជាភាគី នៃកិច្ចព្រមព្រៀងមេកា បើកកិច្ចពិភាក្សាជាមួយអ៊ីរ៉ង់ ដើម្បីទប់ស្កាត់ កុំឱ្យមានសង្គ្រាមផ្ទុះឡើង ជាថ្មីនៅមជ្ឈិមបូព៌ា
បរទេស៖ មន្ត្រីជាន់ខ្ពស់មកពីប្រទេសអារ៉ាប៊ីសាអូឌីត តួគី និងប៉ាគីស្ថាន បានជួបពិភាក្សាជាមួយប្រទេសអ៊ីរ៉ង់ កាលពីថ្ងៃចន្ទ ក្នុងគោលបំណងទប់ស្កាត់កុំឱ្យសង្គ្រាមនៅមជ្ឈិមបូព៌ាផ្ទុះឡើងវិញ ខណៈដែលទីក្រុងតេអេរ៉ង់បានលើកឡើងថា ការពិភាក្សានេះគឺ «ល្អប្រសើរណាស់»។
សេចក្តីថ្លែងការណ៍មួយពីក្រសួងការបរទេស អារ៉ាប៊ីសាអូឌីតបានឱ្យដឹងថា មន្ត្រីមកពីប្រទេសទាំងបី ដែលជាភាគីនៃកិច្ចព្រមព្រៀងទីក្រុងមេកា បានធ្វើដំណើរទៅកាន់ប្រទេសអ៊ីរ៉ង់ ក្នុងគោលបំណង «កាត់បន្ថយភាពតានតឹងរវាងភាគីនានាដែលពាក់ព័ន្ធនឹងវិបត្តិបច្ចុប្បន្ន»។
កិច្ចពិភាក្សានេះ ដែលមានការចូលរួមពីឥស្សរជនសំខាន់ៗ រួមទាំងរដ្ឋមន្ត្រីក្រសួងការពារជាតិអារ៉ាប៊ីសាអូឌីត ព្រះអង្គម្ចាស់ Khalid bin Salman ផងនោះ បានធ្វើឡើងបន្ទាប់ពីមានការព្រមានពីសហរដ្ឋអាមេរិក អ៊ីរ៉ង់ និងអ៊ីស្រាអែល ថាអរិភាពអាចនឹងផ្ទុះឡើងវិញនៅក្នុងសង្គ្រាម ដែលមានរយៈពេល ៨ ខែមកនេះ។
នេះគឺជាដំណើរទស្សនកិច្ចរួមគ្នាលើកដំបូងទៅកាន់ទីក្រុងតេអេរ៉ង់ ដោយប្រទេសប៉ាគីស្ថាន អារ៉ាប៊ីសាអូឌីត និងតួគី ចាប់តាំងពីពួកគេបានបង្កើតសម្ព័ន្ធភាពការពារជាតិមួយនៅទីក្រុងមេកា ដែលជាទីក្រុងដ៏ពិសិដ្ឋស្ថិតនៅភាគខាងលិចនៃប្រទេសអារ៉ាប៊ីសាអូឌីត កាលពីខែសីហា។
គណៈប្រតិភូទាំងនោះបានជួបពិភាក្សាជាមួយប្រធានាធិបតីអ៊ីរ៉ង់ លោក Massoud Pezeshkian និងរដ្ឋមន្ត្រីការបរទេស លោក Abbas Araghchi ។ យោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់អ៊ីរ៉ង់ កិច្ចប្រជុំនេះបានបញ្ចប់ទៅ ដោយមិនមានការប្រកាសលទ្ធផលជាក់លាក់ណាមួយឡើយ ដោយភាគីនានាគ្រាន់តែបានលើកឡើងថា ពួកគេ «យល់ព្រមបន្តការពិភាក្សាបន្ថែមទៀត»។
ទោះជាយ៉ាងណាក៏ដោយ យោងតាមទូរទស្សន៍រដ្ឋ លោក Mohsen Rezaei ប្រធានផ្នែកសន្តិសុខរបស់អ៊ីរ៉ង់ បានឧ្យដឹងថា កិច្ចពិភាក្សានៅក្នុងរដ្ឋធានីតេអេរ៉ង់នេះ គឺ «ល្អប្រសើរណាស់»។
ប្រធានក្រុមប្រឹក្សាសន្តិសុខជាតិ ជាន់ខ្ពស់របស់អ៊ីរ៉ង់រូបនេះ បានថ្លែងថា «ខ្ញុំយល់ឃើញថា មានបរិយាកាសថ្មីមួយ កំពុងកើតឡើងនៅក្នុងតំបន់ ខ្ញុំបានទទួលអារម្មណ៍ថាមានបរិយាកាសវិជ្ជមានយ៉ាងខ្លាំង នៅក្នុងកិច្ចពិភាក្សា»៕
ប្រែសម្រួល ឈូក បូរ៉ា
