ព័ត៌មានអន្តរជាតិ

លោក ស៊ី ជីនពីង បើកកិច្ចប្រជុំពេញ អង្គបក្សកុម្មុយនីស្តចិន ពង្រឹងវិន័យផ្ទៃក្នុង និងអភិបាលកិច្ច ដើម្បីត្រួសត្រាយផ្លូវឆ្ពោះ ទៅកាន់អំណាចអាណត្តិទី ៤

​ប៉េកាំង៖ គណបក្សកុម្មុយនីស្តចិន (CCP) កាលពីថ្ងៃចន្ទ បានបើកកិច្ចប្រជុំកម្រិតខ្ពស់មួយ ដែលមានការចូលរួមពីកម្មាភិបាល ជាន់ខ្ពស់ទូទាំងប្រទេស ក្នុងគោលបំណងរឹតបន្តឹងវិន័យផ្ទៃក្នុង និងជំរុញឱ្យមន្ត្រីអនុវត្តបទ បញ្ជារបស់រដ្ឋាភិបាលទីក្រុងប៉េកាំងឱ្យមានប្រសិទ្ធភាព។ ចំណាត់ការនេះ ត្រូវបានគេមើលឃើញថា ជាការត្រួសត្រាយផ្លូវ សម្រាប់ការរុះរើជួរថ្នាក់ដឹកនាំនៅឆ្នាំក្រោយ ដែលរំពឹងថានឹងបន្តពន្យារអំណាច ដឹកនាំរបស់ប្រធានាធិបតី លោក ស៊ី ជីនពីង រយៈពេល ៥ ឆ្នាំបន្ថែមទៀត នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន Rueters ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៦ ។

​នៅក្នុងកិច្ចប្រជុំគណៈកម្មាធិការមជ្ឈិមបក្សរយៈពេល ៤ ថ្ងៃនេះ លោក ស៊ី បានថ្លែងរបាយការណ៍សង្ខេបអំពីសេចក្តីព្រាងឯកសារមួយដែលផ្តោតលើ «ការគ្រប់គ្រងបក្សដោយខ្លួនឯងយ៉ាងតឹងរ៉ឹង និងគ្រប់ជ្រុងជ្រោយ»។ ទីភ្នាក់ងារសារព័ត៌មានរដ្ឋចិន Xinhua បានបញ្ជាក់ថា ឯកសារនេះបានដោះស្រាយបញ្ហាប្រឈមធំៗដែលបក្សកំពុងជួបប្រទះ រួមមាន ការបង្កើនសមត្ថភាពអភិបាលកិច្ច ការទប់ស្កាត់ភាពព្រងើយកន្តើយ និងការបន្តប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ ដែលជាយុទ្ធនាការស្នូលដ៏លេចធ្លោរបស់លោកប្រធានាធិបតី។

​អត្ថបទអត្ថាធិប្បាយរបស់ Xinhua បានសង្កត់ធ្ងន់ថា ការអនុវត្តសេចក្តីសម្រេច និងផែនការសំខាន់ៗរបស់គណៈកម្មាធិការមជ្ឈិម ដែលជាស្ថាប័នធ្វើសេចក្តីសម្រេចកំពូលរបស់បក្ស មិនត្រូវធ្វើឡើងត្រឹមតែជា «វោហាសាស្ត្រទទេស្អាត» នោះឡើយ ដោយបានបញ្ជាក់ថា «វាចាំបាច់ណាស់ក្នុងការកែលម្អវិធាន និងបទប្បញ្ញត្តិស្ថាប័ន ដើម្បីបិទចន្លោះប្រហោង ពង្រឹងការការពារ និងធានាឱ្យបាននូវការអនុវត្តប្រកបដោយប្រសិទ្ធភាពជាក់ស្តែង»។

​កិច្ចប្រជុំបិទទ្វារនេះ ប្រព្រឹត្តទៅចាប់ពីថ្ងៃចន្ទ ដល់ថ្ងៃព្រហស្បតិ៍ ដែលជាការជួបជុំលើកទី ៥ គិតចាប់តាំងពីការបង្កើតគណៈកម្មាធិការមជ្ឈិមបក្សអាណត្តិបច្ចុប្បន្នកាលពីឆ្នាំ ២០២២ ហេតុដូច្នេះហើយទើបគេស្គាល់ជាផ្លូវការថាជា «កិច្ចប្រជុំពេញអង្គលើកទី ៥ (Fifth Plenum)»។

​ក្រុមអ្នកវិភាគនយោបាយលើកឡើងថា នេះអាចជាការជួបជុំដ៏ធំចុងក្រោយរបស់បក្ស មុនពេលឈានទៅដល់ការរុះរើក្បាលម៉ាស៊ីនដឹកនាំនៅឆ្នាំ ២០២៧ ដែលនៅពេលនោះ លោក ស៊ី ត្រូវបានគេរំពឹងថានឹងបន្តក្តាប់តំណែងកំពូលជាប្រធានាធិបតីសម្រាប់អាណត្តិទី ៤។

​លោក Kerry Brown នាយកវិទ្យាស្ថាន Lau China Institute នៃសាកលវិទ្យាល័យ King’s College London បានវិភាគថា «កិច្ចប្រជុំពេញអង្គនេះ នឹងបង្ហាញរូបភាពលោក ស៊ី ថាជាមេដឹកនាំដែលក្តាប់អំណាចយ៉ាងរឹងមាំ និងមានសមត្ថភាពបន្តការបញ្ជាដឹកនាំទៅមុខទៀត។ អ្វីៗទំនងជាត្រូវផ្ចង់ជុំវិញរូបលោក ដើម្បីបំបាត់ពាក្យចចាមអារ៉ាម ឬមន្ទិលសង្ស័យទាំងឡាយអំពីស្ថានភាពសុខភាព និងសមត្ថភាពរបស់លោកក្នុងការបន្តតួនាទីនេះ»។

​លោក Brown បានបន្ថែមទៀតថា ដោយសារគោលនយោបាយសំខាន់ៗត្រូវបានកំណត់ស្ទើរតែរួចរាល់នៅក្នុងកិច្ចប្រជុំកន្លងទៅ ដូច្នេះ «នេះជាកិច្ចប្រជុំពេញអង្គដែលរូបភាពខាងក្រៅមានសារៈសំខាន់ស្មើ ឬលើសពីខ្លឹមសារគោលនយោបាយទៅទៀត»។

​ប៉ុន្មានឆ្នាំចុងក្រោយនេះ លោក ស៊ី បានដឹកនាំយុទ្ធនាការប្រឆាំងអំពើពុករលួយយ៉ាងទូលំទូលាយ ដែលនាំឱ្យមានការបណ្តេញមន្ត្រីជាន់ខ្ពស់ និងឧត្តមសេនីយ៍យោធាកំពូលៗរាប់រយនាក់ចេញពីតំណែង សូម្បីតែបុគ្គលដែលធ្លាប់ជាសម្ព័ន្ធមិត្តជិតស្និទ្ធរបស់លោកក៏ដោយ។

​ខណៈក្រុមអ្នករិះគន់មួយចំនួនយល់ថា ការបោសសម្អាតជាពិសេសក្នុងជួរកងទ័ព បានបង្កអស្ថិរភាព និងធ្វើឱ្យប៉ះពាល់ដល់ការត្រៀមខ្លួនប្រយុទ្ធ ប៉ុន្តែបក្សកុម្មុយនីស្តចិនបានចាត់ទុកយុទ្ធនាការនេះថាជាការចាំបាច់ និងជាការកកើតឡើងវិញ ដោយបញ្ជាក់ថាកងទ័ពត្រូវតែឆ្លងកាត់ការកើតជាថ្មីដូចសត្វហង្សភ្លើង (Phoenix) តាមរយៈការ «ងូតទឹកក្នុងអណ្តាតភ្លើង និងសិតលត់ដំជាថ្មី»។

​សារព័ត៌មាន Xinhua បានបង្ហាញថាយុទ្ធនាការនេះ ឆ្លុះបញ្ចាំងពីការគ្រប់គ្រងខ្លួនឯងប្រកបដោយនិរន្តរភាព និងជាប្រព័ន្ធ ដើម្បីធានាថា «មន្ត្រីមិនហ៊ាន មិនអាច និងមិនចង់ប្រព្រឹត្តអំពើពុករលួយ»។ ទន្ទឹមនឹងនេះ វាក៏ផ្តល់ជាសញ្ញាវិជ្ជមាន និងភាពច្បាស់លាស់សម្រាប់វិនិយោគិនសកល ដោយសារចិនកំពុងបង្កើតបរិយាកាសកាន់តែមានតម្លាភាពសម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ ដែលពឹងផ្អែកលើសមត្ថភាព និងនីតិរដ្ឋ ជាជាងខ្សែស្រឡាយ និងការសូកប៉ាន់។

​តាមទម្លាប់ធម្មតា កិច្ចប្រជុំពេញអង្គចំនួន ៧ លើក (ដោយលើកនីមួយៗផ្តោតលើរបៀបវារៈជាក់លាក់) ត្រូវបានរៀបចំឡើងនៅក្នុងចន្លោះសមាជបក្សធំៗ ដែលប្រព្រឹត្តទៅពីរដងក្នុងមួយទសវត្សរ៍ (រៀងរាល់ ៥ ឆ្នាំម្តង)។ លើសពីនេះ លក្ខន្តិកៈរបស់បក្សតម្រូវឱ្យរៀបចំកិច្ចប្រជុំពេញអង្គយ៉ាងហោចណាស់មួយលើកក្នុងមួយឆ្នាំ។

​ជាទូទៅ កិច្ចប្រជុំពេញអង្គលើកទី ៥ ត្រូវជជែកពិភាក្សាលើផែនការយុទ្ធសាស្ត្រជាតិ ៥ ឆ្នាំ ប៉ុន្តែកិច្ចប្រជុំពេញអង្គលើកទី ៣ កាលពីពេលមុន ដែលបានពន្យារពេលជាងកន្លះឆ្នាំ រហូតដល់ពាក់កណ្តាលឆ្នាំ ២០២៤ បានធ្វើឱ្យកាលវិភាគប្រពៃណី នេះមានការប្រែប្រួលខុសពីប្រក្រតី។

To Top