Feature

រាជរដ្ឋាភិបាល តវ៉ាគ្រប់សកម្មភាពខុសច្បាប់ របស់ថៃ លើទឹកដីកម្ពុជា

ភ្នំពេញ ៖ លោក ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាល គូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា តែងតែតវ៉ាគ្រប់សកម្មភាពខុសច្បាប់ និងជាឯកតោភាគី នៅលើទឹកដីកម្ពុជាដែលកងកម្លាំងថៃ កាន់កាប់ដោយខុសច្បាប់ ដោយមិនរំលង សូម្បីតែសកម្មភាពណាមួយឡើយ ។

ក្នុងសេចក្តីថ្លែងការណ៍ស្តីពីស្ថានភាពព្រំដែនកម្ពុជា-ថៃ នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៦ អ្នកនាំពាក្យរាជរដ្ឋាភិបាលលើកឡើងថា ការតវ៉ាជាផ្លូវការនេះមានសារសំខាន់ ចាំបាច់ដើម្បីបញ្ជាក់ជំហរមិនយល់ព្រមជាដាច់ខាតរបស់កម្ពុជា ចំពោះការរំលោភបំពានរបស់ភាគីថៃ មកលើបូរណភាពទឹកដីរបស់ខ្លួន។

អ្នកនាំពាក្យបញ្ជាក់ថា “លិខិតតវ៉ាជាផ្លូវការនេះ គឺជាឯកសារ ដែលមានតម្លៃគតិយុត្តិ មិនអាចខ្វះបានសម្រាប់ដំណើរការ ដោះស្រាយបញ្ហាព្រំដែនស្រប តាមច្បាប់អន្តរជាតិ ក៏ដូចជាការរក្សាអាជ្ញាយុកាលនៃវិវាទឱ្យស្ថិតនៅជាធរមាន រហូតទាល់តែបញ្ហាព្រំដែនត្រូវបានដោះស្រាយបញ្ហាទាំងស្រុង និងដោយយុត្តិធម៌ស្របតាមគោលការណ៍ច្បាប់អន្តរជាតិ” ។

អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជាបញ្ជាក់ជាថ្មីថា កម្ពុជាមិនទទួលស្គាល់ជាដាច់ខាតនូវខ្សែបន្ទាត់ព្រំដែន ឬការទាមទារទឹកដីជាឯកតោភាគីដោយប្រទេសថៃ ហើយប្តេជ្ញាការពារយ៉ាងម៉ឺងម៉ាត់ និងដាច់ខាតនូវខ្សែព្រំដែនអន្តរជាតិរបស់ខ្លួន៕

To Top