ព័ត៌មានអន្តរជាតិ

មន្ត្រីស៊ើបអង្កេត FBI បារម្ភថា ការចោទប្រកាន់អតីតមន្ត្រីរបស់ខ្លួនក្នុងសំណុំរឿង Hunter Biden មានជាប់ពាក់ព័ន្ធឥទ្ធិពលនយោបាយ

វ៉ាស៊ីនតោន (Reuters)៖ ភ្នាក់ងារស៊ើបអង្កេត សហព័ន្ធអាមេរិក (FBI) មួយរូប ដែលបានចូលរួមដឹកនាំសំណុំរឿង ប្រឆាំងនឹងអតីតមន្ត្រីជាន់ខ្ពស់ការិយាល័យ FBI ពីររូប ជុំវិញការចោទប្រកាន់ថាបានកុហកសភា ទាក់ទងនឹងការស៊ើបអង្កេតលើលោក Hunter Biden បានផ្តល់សក្ខីកម្មកាលពីថ្ងៃអង្គារថា លោកមានការព្រួយបារម្ភថា ការស៊ើបអង្កេតនេះអាចនឹងមើលទៅដូចជា «រឿងនយោបាយ» នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន Rueters ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៦ ។

​សក្ខីកម្មនេះត្រូវបានធ្វើឡើងនៅក្នុងសវនាការមួយ ដើម្បីសម្រេចថាតើសំណុំរឿងប្រឆាំងនឹងលោកស្រី Nikki Floris និងលោក Bradley Benavides ដែលអ្នកទាំងពីរជាអតីតមន្ត្រីជាន់ខ្ពស់ផ្នែកប្រឆាំងការស៊ើបការណ៍សម្ងាត់ អាចបន្តនីតិវិធីទៅមុខទៀតបានឬយ៉ាងណា។ នេះជាការបន្ថែមទម្ងន់ទៅលើការអះអាងរបស់មេធាវីការពារក្តី ដែលថា ក្រសួងយុត្តិធម៌ក្រោមរដ្ឋបាលលោក ដូណាល់ ត្រាំ បានបង្កើតសំណុំរឿងនេះឡើងក្នុងគោលបំណងនយោបាយ ខណៈដែលរដ្ឋអាជ្ញាបានបដិសេធយ៉ាងដាច់អហង្ការ។

​ភ្នាក់ងារពិសេសរបស់ FBI លោក Bryan Witt បានបញ្ជាក់ថា ក្តីបារម្ភរបស់លោកកើតឡើង ដោយសារតែការស៊ើបអង្កេតនេះ បានចាប់ផ្តើមនៅខែកក្កដា ពោលគឺតែមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីលោក ដូណាល់ ត្រាំ បានថ្លែងសុន្ទរកថា នៅម៉ោងមាស ដោយបញ្ជាឱ្យ FBI និងទីភ្នាក់ងារផ្សេងទៀតស៊ើបអង្កេតថា តើសហគមន៍ចារកម្ម អាមេរិកបានលាក់បាំងព័ត៌មានអំពីការជ្រៀតជ្រែករបស់បរទេស ក្នុងការបោះឆ្នោតឆ្នាំ ២០២០ ដែរឬទេ។
​
​យោងតាមសក្ខីកម្មរបស់លោក Witt ក្នុងចំណោមអតីតមន្ត្រី FBI ដែលត្រូវបានចោទប្រកាន់ លោកស្រី Nikki Floris បានព្យាយាមធ្វើឱ្យរបាយការណ៍ចារកម្មរបស់ FBI ចុះខ្សោយ ដែលរបាយការណ៍នោះបានបញ្ជាក់ថា ប្រទេសចិនបានព្យាយាមជ្រៀតជ្រែកក្នុងការបោះឆ្នោតឆ្នាំ ២០២០ ដើម្បីផ្តល់អត្ថប្រយោជន៍ដល់លោក ចូ បៃដិន។ បន្ទាប់ពីសុន្ទរកថារបស់លោក ត្រាំ, នាយក FBI លោក Kash Patel បានបញ្ជាឱ្យការិយាល័យតំបន់របស់ FBI នៅទីក្រុង Kansas City រដ្ឋ Missouri ដែលលោក Witt កំពុងឈរជើង ធ្វើការស៊ើបអង្កេតលើរឿងនេះ។

​លោក Witt បានប្រាប់អង្គសវនាការថា៖ «ខ្ញុំមានក្តីបារម្ភថា វានឹងត្រូវបានគេមើលឃើញថាជារឿងនយោបាយ។»
​នៅពេលត្រូវបានមេធាវីការពារក្តីរបស់លោកស្រី Floris គឺលោកស្រី Margaret Donovan សួរថា តើលោកចាត់ទុកការស៊ើបអង្កេតនេះថាជា «ការប្រមាញ់មេធ្មប់ (Witch hunt)» ដែរឬទេ លោក Witt បានបដិសេធថាមិនបាននិយាយពាក្យនេះទេ ប៉ុន្តែលោកបានបញ្ជាក់ថា «មនុស្សទូទៅនៅក្នុងការិយាល័យ បានមើលឃើញវាក្នុងរូបភាពបែបនោះមែន។»
​
​ទិសដៅនៃការស៊ើបអង្កេតនេះ ទីបំផុតបានផ្លាស់ប្តូរពីការផ្តោតលើការជ្រៀតជ្រែកការបោះឆ្នោតដោយបរទេស ទៅជាការផ្តោតលើសក្ខីកម្មឆ្នាំ ២០២៣ របស់លោកស្រី Floris និងលោក Benavides ដែលបានធ្វើឡើងនៅចំពោះមុខគណៈកម្មាធិការនីតិកម្មនៃរដ្ឋសភា។ អ្នកទាំងពីរត្រូវបានចោទប្រកាន់កាលពីសប្តាហ៍មុន ពីបទផ្តល់សេចក្តីថ្លែងការណ៍ក្លែងក្លាយ (កុហកសភា) ដោយបដិសេធ ឬបន្ធូរបន្ថយតួនាទីរបស់ពួកគេនៅក្នុងការស៊ើបអង្កេតលើលោក Hunter Biden ដោយយោងតាមឯកសារផ្ទៃក្នុងរបស់ FBI និងកិច្ចសម្ភាសន៍សាក្សី។

​មន្ត្រីក្រសួងយុត្តិធម៌បានប្រកែកថា អតីតមន្ត្រី FBI ទាំងនេះត្រូវតែទទួលខុសត្រូវ ចំពោះការបំភាន់ដល់ការស៊ើប អង្កេតរបស់សភា ។ គួរបញ្ជាក់ថា លោកស្រី Floris និងលោក Benavides សុទ្ធសឹងជាអ្នកគ្រប់គ្រង នៅក្នុងក្រុមការងារប្រឆាំងឥទ្ធិពលបរទេសរបស់ FBI មុនការបោះឆ្នោតឆ្នាំ ២០២០។ ចំណែកឯលោក Hunter Biden ត្រូវបានចោទប្រកាន់ក្នុងអាណត្តិរបស់ឪពុកលោក ពីបទឧក្រិដ្ឋកម្មពន្ធ និងកាំភ្លើង ប៉ុន្តែត្រូវបានអតីតប្រធានាធិបតី ចូ បៃដិន លើកលែងទោសមុនពេលចាកចេញពីតំណែង។

ប្រែសម្រួល៖ គីរី

To Top