បណ្ឌិត ឡី សុភាព៖ ការដាក់ដំណើរការ «សេវាគាំពារហិរញ្ញវត្ថុ សម្រាប់អភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម» ឆ្លុះបញ្ចាំងពីការគាំទ្រ និងជួយសម្រួល ដល់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ
ភ្នំពេញ៖ ឧកញ៉ាសាស្ត្រាចារ្យសមូហកបណ្ឌិត ឡី សុភាព បានគូសបញ្ជាក់ថា ការដាក់ឱ្យដំណើរការ «សេវាគាំពារហិរញ្ញវត្ថុសម្រាប់អភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម» ឆ្លុះបញ្ចាំងពីការខិតខំប្រឹងប្រែង និងការយកចិត្តទុកដាក់ ក្នុងការគាំទ្រ និងជួយសម្រួលដល់បងប្អូនប្រជាពលរដ្ឋ ដែលកំពុងប្រកបមុខរបរ ធ្វើការងារ និងមានអាជីវកម្មនៅក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធសហគ្រាសធុនមីក្រូ តូច និងមធ្យម ។

ការលើកឡើងរបស់លោកបណ្ឌិត ឡី សុភាព ប្រធានសមាគមសហព័ន្ធយុវជនសេដ្ឋកិច្ចកម្ពុជា, ប្រធានសមាគមសហព័ន្ធវិនិយោគិនកម្ពុជា និងជាប្រធានសមាគមសម្ពន្ធភាពអង្គការ-សមាគម និងវិស័យឯកជននៅកម្ពុជា ខាងលើនេះ ធ្វើឡើងក្នុងពិធីប្រកាសដាក់ឱ្យដំណើរការ «សេវាគាំពារហិរញ្ញវត្ថុសម្រាប់អភិវឌ្ឍន៍សេដ្ឋកិច្ច–សង្គម» ដែលសហការរៀបចំដោយ ធនាគារ វីង (ខេមបូឌា) ម.ក ក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប ឡាយហ្វ៍ អ៊ីនសួរេន ម.ក និងសមាគមសហព័ន្ធយុវជនសេដ្ឋកិច្ចកម្ពុជា នាថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៦ ដែលមានសមាជិកចូលរួមជាង២ពាន់នាក់ ។
ក្នុងនោះ លោកបណ្ឌិត ឡី សុភាព បានលើកឡើងថា កម្ពុជា មានភាពចាំបាច់ ក្នុងការពន្លឿនការអនុវត្ត កិច្ចការកែទម្រង់ជារចនាសម្ព័ន្ធ ឱ្យកាន់តែខ្លាំងក្លាបន្ថែមទៀត និងស្វែងរកសក្តានុពលថ្មីៗ ដើម្បីស្ដារនិងជំរុញកំណើន ឱ្យងើបឡើងវិញ ត្រឡប់មកលើបន្ទាត់សក្តានុពល ជាពិសេស លើកកម្ពស់កិច្ចអភិវឌ្ឍសេដ្ឋកិច្ចសង្គម ប្រកបដោយចីរភាព បរិយាបន្ន និងភាពធន់ទៅនឹងវិបត្តិ។
ជាមួយគ្នានេះ លោកបណ្ឌិត គូសបញ្ជាក់ថា ការជំរុញការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងក្នុងប្រព័ន្ធ គឺជាសក្តានុពលដ៏ធំ សម្រាប់ការចូលរួមចំណែក លើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិយើង។ តួយ៉ាងប្រជាជនកម្ពុជា ដែលប្រកបមុខរបរ និងធ្វើការងារភាគច្រើន គឺនៅក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងមិនទាន់អាចចូលរួមចំណែក ឱ្យបានពេញលេញ ក្នុងដំណើរការនៃការអភិវឌ្ឍសេដ្ឋកិច្ចសង្គម កម្ពុជានៅឡើយ ដោយផលិតភាពពលកម្ម និងប្រសិទ្ធភាពសេដ្ឋកិច្ច នៃសកម្មភាពទាំងនោះ នៅមានកម្រិតទាប។
លោកបានអះអាងថា មេរៀនពីសេវាគាំពារហិរញ្ញវត្ថុ ក៏បានរំលេចឱ្យឃើញកាន់តែច្បាស់ ពីភាពចាំបាច់ក្នុងការគិតគូរ អំពីការដាក់ចេញវិធានការ «សេវាគាំពារហិរញ្ញវត្ថុ សម្រាប់អភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម» ឱ្យកាន់តែគ្រប់ជ្រុងជ្រោយ សម្រាប់អ្នកប្រកបមុខរបរ និងធ្វើការងារ នៅក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ សហគ្រាសធុនមីក្រូតូច និងមធ្យមនេះ ដោយក្រុមជនទាំងនេះ ជាប្រជាជន ដែលងាយរងគ្រោះ និងទទួលផលប៉ះពាល់ធ្ងន់ធ្ងរ ក្នុងគ្រាមានវិបត្តិ។
ដោយមើលឃើញពីសក្តានុពល និងបញ្ហាប្រឈមទាំងនេះ ធនាគារ វីង (ខេមបូឌា) ម.ក ក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប ឡាយហ្វ៍ អ៊ីនសួរេន ម.ក និងសមាគមសហព័ន្ធយុវជនសេដ្ឋកិច្ចកម្ពុជា បានកំណត់ការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ សហគ្រាសធុនមីក្រូតូច និងមធ្យម ជាអាទិភាពដ៏ចម្បងមួយ ក្នុងការចូលរួមជួយកែលម្អជីវភាពប្រជាជន និងជំរុញការស្ដារកំណើនសេដ្ឋកិច្ចកម្ពុជាឡើងវិញ តាមរយៈការលើកកម្ពស់ ការគាំពារនិងការពង្រឹងសមត្ថភាព ផលិតភាព និងភាពធន់នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ សហគ្រាសធុនមីក្រូតូច និងមធ្យម និងពន្លឿនការចូលរួមទៅក្នុងសេដ្ឋកិច្ចក្នុងប្រព័ន្ធ ដើម្បីធានាឱ្យបាននូវ ភាពធន់ ភាពប៉ាន់ប្រមាណបាន និងភាពរីកចម្រើនទៅមុខ នៃការធ្វើធុរកិច្ច ពាណិជ្ជកម្ម ការវិនិយោគ និងការប្រកបអាជីវកម្ម មុខរបរ និងការងារចិញ្ចឹមជីវិតនៅកម្ពុជា។

ជាក់ស្តែង ឧកញ៉ាសាស្ត្រាចារ្យសមូហកបណ្ឌិត ឡី សុភាពបានថ្លែងថា ការរៀបចំដាក់ឱ្យដំណើរការ «សេវាគាំពារហិរញ្ញវត្ថុសម្រាប់អភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម» នាពេលនេះ ឆ្លុះបញ្ចាំងពីការខិតខំប្រឹងប្រែង និងការយកចិត្តទុកដាក់ ក្នុងការគាំទ្រ និងជួយសម្រួលដល់បងប្អូនប្រជាពលរដ្ឋ ដែលកំពុងប្រកបមុខរបរ ធ្វើការងារ និងមានអាជីវកម្ម នៅក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធសហគ្រាសធុនមីក្រូតូច និងមធ្យម ព្រមទាំងបង្កើតឱកាសឱ្យបងប្អូនអាចអភិវឌ្ឍអាជីវកម្ម និងពង្រីកមុខរបរ ជាពិសេស ធ្វើឱ្យកម្រិតជីវភាព និងសុខុមាលភាពរបស់បងប្អូន ឱ្យកាន់តែល្អប្រសើរឡើងថែមមួយកម្រិតទៀត។
បន្ថែមលើនេះ លោកបណ្ឌិត ឡី សុភាព បានគូសរំលេចថា សម្រាប់កម្ពុជាក្នុងការរុញច្រាន ការអភិវឌ្ឍលើគ្រប់វិស័យ ក្នុងនោះ ការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ គឺជាអាទិភាពដ៏សំខាន់មួយ ដូចមានគូសរំលេចក្នុង «សេវាគាំពារហិរញ្ញវត្ថុសម្រាប់អភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម» ដែលមានចក្ខុវិស័យអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធឱ្យរីកធំធាត់ និងមានលទ្ធភាពធ្វើសមាហរណកម្មចូលក្នុងប្រព័ន្ធ ដើម្បីក្លាយទៅជាកម្លាំងចលករដ៏សំខាន់ ក្នុងការកែលម្អជីវភាពរបស់ប្រជាជន និងរួមចំណែកជាអតិបរមាដល់ការបោះជំហានទៅមុខ ប្រកបដោយភាពប្រាកដនិយម សំដៅសម្រេចបាន នូវការអភិវឌ្ឍប្រកបដោយបរិយាបន្ន ចីរភាព និងភាពធន់ទៅនឹងវិបត្តិ។
ដើម្បីសម្រេចបានចក្ខុវិស័យ សេវាគាំពារហិរញ្ញវត្ថុសម្រាប់អភិវឌ្ឍន៍សេដ្ឋកិច្ច–សង្គម, ធនាគារ វីង (ខេមបូឌា) ម.ក ក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប ឡាយហ្វ៍ អ៊ីនសួរេន ម.ក និងសមាគមសហព័ន្ធយុវជនសេដ្ឋកិច្ចកម្ពុជា ក៏បានចុះអនុស្សរណៈយោគយល់គ្នា លើកិច្ចសហប្រតិបត្តិការរួមគ្នាផងដែរ៕









