ញូវដេលី៖ ប្រធានកងកម្លាំងយោធា ប៉ារ៉ាការពារព្រំដែនឥណ្ឌា (ITBP) ដែលឈរជើងនៅតាមខ្សែបន្ទាត់ព្រំដែន តំបន់ជួរភ្នំហិម៉ាឡៃយ៉ាជាប់ប្រទេសចិន បានប្រកាសថា កងកម្លាំងប្រដាប់អាវុធឥណ្ឌា កំពុងស្ថិតក្នុងស្ថានភាព ប្រឈមមុខដាក់គ្នាជាបន្តបន្ទាប់ជាមួយកងទ័ពចិន នៅតាមបណ្តោយព្រំដែនក្នុងរដ្ឋ Arunachal Pradesh ភាគឦសានប្រទេសឥណ្ឌា នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន Aljazeera ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៦ ។
ការលើកឡើងកាលពីចុងសប្តាហ៍មុនដោយលោក Shatrujeet Kapur អគ្គនាយកកងកម្លាំងប៉ូលិសព្រំដែនឥណ្ឌា-ទីបេ (ITBP) នេះ ធ្វើឡើងជិត ៤ខែ បន្ទាប់ពីក្រុមសង្គមស៊ីវិលនៅក្នុងតំបន់ដាច់ស្រយាលភាគឦសាននេះ បានប្រាប់សារព័ត៌មាន Al Jazeera ថា កងកម្លាំងចិនកំពុងបង្កើនការទន្ទ្រាន ចូលទឹកដីឥណ្ឌា និងបានរារាំងមិនឱ្យកងទ័ពឥណ្ឌា ចូលទៅកាន់ចំណុចល្បាតរបស់ខ្លួន ដែលទង្វើនេះបានបង្កឱ្យមានការខឹងសម្បារយ៉ាងខ្លាំង ពីសំណាក់ប្រជាពលរដ្ឋមូលដ្ឋាន។
គួរបញ្ជាក់ថា កាលពីខែមុន ប្រធានាធិបតីចិន លោក ស៊ី ជីនពីង (Xi Jinping) បានបំពេញទស្សនកិច្ចនៅទីក្រុងញូវដេលី ដែលជាដំណើរទស្សនកិច្ចលើកដំបូងរបស់លោកមកកាន់ប្រទេសឥណ្ឌាក្នុងរយៈពេល ៧ឆ្នាំ ដើម្បីចូលរួមកិច្ចប្រជុំកំពូល BRICS។ នៅក្នុងឱកាសនោះ លោកបានជួបពិភាក្សាការងារជាមួយនាយករដ្ឋមន្ត្រីឥណ្ឌា លោក ណារិនដ្រា ម៉ូឌី (Narendra Modi) នៅក្រៅកិច្ចប្រជុំ ខណៈដែលរដ្ឋធានីទាំងពីរហាក់កំពុងព្យាយាមផ្សះផ្សាទំនាក់ទំនងទ្វេភាគីដោយប្រុងប្រយ័ត្ន។
ការផ្សះផ្សានេះ មួយផ្នែកត្រូវបានជំរុញដោយសង្គ្រាមពាណិជ្ជកម្មរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) ដែលបានរុញច្រានឱ្យរដ្ឋអំណាចនុយក្លេអ៊ែរទាំងពីរ (ប៉េកាំង និងញូវដេលី) ខិតចូលជិតគ្នា។ ប៉ុន្តែ ការចោទប្រកាន់ពីបទឈ្លានពានរបស់ចិនចូលមកក្នុងទឹកដីឥណ្ឌានេះ បានបញ្ជាក់យ៉ាងច្បាស់ថា ទោះបីជាមានការចាប់ដៃគ្នាយ៉ាងកក់ក្តៅនៅញូវដេលីក៏ដោយ ក៏ភាពតានតឹងនៅតាមបណ្តោយព្រំដែនប្រវែង ៣.៥០០គីឡូម៉ែត្ររវាងប្រទេសជិតខាងទាំងពីរនេះ នៅតែបន្តគំរាមកំហែងដល់កិច្ចខិតខំប្រឹងប្រែងក្នុងការធ្វើឱ្យទំនាក់ទំនងមានប្រក្រតីភាពឡើងវិញដដែល។
ស្ថានការណ៍នេះក៏កំពុងបង្កជាបញ្ហាប្រឈមនយោបាយដ៏ធំមួយសម្រាប់លោក Modi ផងដែរ។ ជារឿយៗ លោកតែងតែកសាងរូបភាពរបស់លោកថាជាមេដឹកនាំដ៏រឹងមាំផ្នែកសន្តិសុខជាតិ ប៉ុន្តែប៉ុន្មានឆ្នាំចុងក្រោយនេះ លោកបែរជាត្រូវប្រឈមមុខនឹងសំណួរដ៏លំបាកជាច្រើនជុំវិញទំនាក់ទំនងជាមួយប្រទេសចិន។
ការប្រឈមមុខដាក់គ្នាជាមួយកងកម្លាំងចិននៅរដ្ឋ Arunachal Pradesh នេះ (ដែលលោក Kapur បញ្ជាក់ថា «នៅតែបន្តកើតមាន») បានកើតឡើង ៦ឆ្នាំ បន្ទាប់ពីកងទ័ពឥណ្ឌាយ៉ាងហោចណាស់ ២០នាក់ ត្រូវបានសម្លាប់នៅក្នុងការប្រយុទ្ធដោយដៃទទេជាមួយកងទ័ពចិន នៅតំបន់ភ្នំ Ladakh។
ទោះបីជារូបភាពផ្កាយរណប និងរបាយការណ៍ជាច្រើន (រួមទាំងរបាយការណ៍ពីស្ថាប័នសន្តិសុខឥណ្ឌាផ្ទាល់) បានចង្អុលបង្ហាញថា ចាប់តាំងពីការប្រយុទ្ធគ្នានោះមក ចិនបានចូលគ្រប់គ្រងផ្នែកខ្លះ នៃតំបន់ជម្លោះយ៉ាងមានប្រសិទ្ធភាពក៏ដោយ ក៏រដ្ឋាភិបាលរបស់លោក Modi នៅតែបដិសេធមិនទទួលស្គាល់ថាខ្លួនបានបាត់បង់ទឹកដីណាមួយនោះទេ។
រយៈពេល ៥ថ្ងៃ បន្ទាប់ពីការលើកឡើងរបស់លោក Kapur អំពីការប្រឈមមុខដាក់គ្នានាពេលថ្មីៗនេះ រដ្ឋាភិបាលឥណ្ឌានៅមិនទាន់បានបញ្ជាក់ពីលក្ខណៈពិតប្រាកដនៃភាពតានតឹងតាមព្រំដែននៅឡើយទេ ដោយគ្រាន់តែបានបន្តការរិះគន់ជាលក្ខណៈទូទៅទៅលើប្រទេសចិនតែប៉ុណ្ណោះ។
ប្រែសម្រួល៖ គីរី
