សម្ដេចធិបតី ៖ ធនធានមនុស្ស ជាអាទិភាពទី១ របស់ជាតិ គ្មានអ្វីមានតម្លៃជាងមនុស្សនោះទេ
ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានមានប្រសាសន៍ថា ធនធានមនុស្ស គឺជាអាទិភាពទី១ របស់ជាតិ គ្មានអ្វីមានតម្លៃជាងមនុស្សនោះទេ។
ក្នុងពិធីសំណេះសំណាលជាមួយសិស្សនិទ្ទេស A នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ និងការប្រឡងសញ្ញាបត្របច្ចេកទេសនិងវិជ្ជាជីវៈកម្រិត៣ នៅថ្ងៃពុធ ទី២៨ ខែតុលា ឆ្នាំ២០២៦ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ធនធានមនុស្ស ក៏ជាគន្លឹះក្នុងការអភិវឌ្ឍប្រទេស ប្រកបដោយចីរភាពផងដែរ។
សម្ដេចធិបតី មានប្រសាសន៍ថា «ធនធានមនុស្ស គឺជាអាទិភាពទីមួយ របស់ប្រទេសជាតិ គ្មានអ្វីមានតម្លៃជាងមនុស្សនោះទេ។ ធនធានមនុស្ស គឺជាគន្លឹះនៅក្នុងការអភិវឌ្ឍប្រទេសដោយចីរភាព អញ្ចឹងសម្រាប់ធនធានមនុស្ស គឺយើងមានគោលដៅតែបីទេ សម្រាប់រាជរដ្ឋាភិបាល»។
សម្ដេចធិបតី បន្ដថា គោលដៅទាំងបីនោះ រួមមាន ៖ ទី១-សុខភាព ទី២-ចំណេះដឹង និងបំណិន និងទី៣- ជីវភាព ហើយជីវភាព ដោយផ្ដោតខ្លាំង ទៅលើការងារ ដែលរាជរដ្ឋាភិបាលបានរៀបចំ ព្រោះរាជរដ្ឋាភិបាល មិនអាចបង្កើតមនុស្សចិញ្ចឹមមនុស្ស ហើយប្រជាពលរដ្ឋក៏មិនត្រូវការរដ្ឋចិញ្ចឹមដែរ ត្រូវការតែឱកាសទី១ សុខភាព បើឈឺមានពេទ្យ, ទី២-សុំមានឱកាសដើម្បីរៀន ចំណេះទូទៅ ឬបំណិននៅ TVET, និងទី៣- បង្កើតបរិស្ថានដែលគាត់អាចចិញ្ចឹមជីវិតបាន។
ទន្ទឹមនឹងនេះ សម្ដេច នាយករដ្ឋមន្ដ្រី បានឱ្យដឹងថា វិស័យសង្គមកិច្ច គឺជាវិស័យអាទិភាពធំ ដែលរាជរដ្ឋាភិបាល បានយកចិត្តទុកដាក់ខ្ពស់ ចាប់ទាំងពីកម្ពុជាបានបញ្ចប់សង្គ្រាមស៊ីវិលក្រោម នយោបាយ ឈ្នះ ឈ្នះ ក្នុងឆ្នាំ១៩៩៨៕
