អាមេរិក ព្រមានប្រទេសក្នុងតំបន់ឈូងសមុទ្រ អំពីលទ្ធភាពនៃការផ្ទុះឡើងវិញ នៃសង្គ្រាមជាមួយអ៊ីរ៉ង់ ក្នុងរយៈពេលខ្លីខាងមុខ
វ៉ាស៊ីនតោន៖ ប្រភពដែលបានដឹងអំពីកិច្ចសន្ទនានេះបានឱ្យដឹងថា សហរដ្ឋអាមេរិកបានប្រាប់ប្រទេស អារ៉ាប់មួយចំនួននៅតំបន់ឈូងសមុទ្រ ឱ្យត្រៀមខ្លួនសម្រាប់យុទ្ធនាការយោធាដ៏ខ្លីមួយ ដែលមានភាពក្តៅគគុក បន្ទាប់ពីការបោះឆ្នោតពាក់កណ្តាលអាណត្តិរបស់សហរដ្ឋអាមេរិក។
បណ្តាប្រទេសនៅតំបន់ឈូងសមុទ្រ និង តំបន់មជ្ឈិមបូព៌ាទាំងមូល កំពុងត្រៀមខ្លួនទប់ទល់នឹងលទ្ធភាព នៃការផ្ទុះឡើងវិញនៃជម្លោះជាមួយអ៊ីរ៉ង់។ ស្ថានការណ៍នេះកើតឡើងស្របពេលដែលមានការព្រមានជាច្រើនព្រមៗគ្នា រួមទាំងសេចក្តីរាយការណ៍ ពីប្រព័ន្ធផ្សព្វផ្សាយដែលកាន់តែមានភាពជាក់លាក់ និងបង្ហាញពីភាពតានតឹង ដែលកំពុងកើនឡើង។
លើសពីនេះ សហរដ្ឋអាមេរិក បានពង្រាយកម្លាំងយោធាយ៉ាងច្រើនសន្ធឹកសន្ធាប់នៅក្នុងតំបន់ឈូងសមុទ្រ ខណៈដែលកងទ័ពអ៊ីស្រាអែល និងអ៊ីរ៉ង់ ក៏បានដាក់ខ្លួនក្នុងកម្រិតត្រៀមប្រយុទ្ធខ្ពស់បំផុតផងដែរ។ ស្ថានភាពនេះបានបង្កឱ្យមានក្តីបារម្ភថា ជម្លោះអាចនឹងផ្ទុះឡើងកាន់តែខ្លាំងក្នុងពេលឆាប់ៗខាងមុខ ដែលនឹងបង្កផលវិបាកយ៉ាងធ្ងន់ធ្ងរដល់តំបន់ទាំងមូល។
ក្នុងបរិបទដែលមានការព្រួយបារម្ភកាន់តែច្រើនឡើងក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះថា សហរដ្ឋអាមេរិក និងអ៊ីស្រាអែល អាចនឹងបើកការវាយប្រហារថ្មីមួយប្រឆាំងនឹងអ៊ីរ៉ង់ ទាំងមុន ឬក្រោយការបោះឆ្នោតពាក់កណ្តាលអាណត្តិនៅសហរដ្ឋអាមេរិក និងការបោះឆ្នោតនៅអ៊ីស្រាអែលក្នុងសប្តាហ៍ក្រោយនោះ សេចក្តីជូនដំណឹងថ្មីមួយស្តីពីការធ្វើដំណើររបស់ក្រសួងការបរទេសអាមេរិក ដែលបានចេញផ្សាយកាលពីល្ងាចថ្ងៃពុធ ត្រូវបានទីភ្នាក់ងារព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយនានា ចាត់ទុកថាជាសញ្ញាដ៏បន្ទាន់មួយដែលបង្ហាញថា សង្គ្រាមអាចនឹងផ្ទុះឡើងវិញក្នុងពេលឆាប់ៗនេះ ដោយប្រទេសនានាក្នុងតំបន់ឈូងសមុទ្រ នឹងក្លាយជាអ្នករងផលប៉ះពាល់ធ្ងន់ធ្ងរបំផុត ប្រសិនបើជម្លោះនេះរីកធំឡើង។
ក្រសួងការបរទេសអាមេរិកបានប្រកាសថា ខ្លួនបានបញ្ជាឱ្យបុគ្គលិករបស់រដ្ឋាភិបាល អាមេរិកដែលមិនមានតួនាទីចាំបាច់បន្ទាន់ រួមទាំងក្រុមគ្រួសាររបស់ពួកគេផងដែរ ឱ្យចាកចេញពីប្រទេសអារ៉ាប៊ីសាអូឌីត ដោយសារតែ «អរិភាពទាំងនេះអាចនឹងកើនឡើងយ៉ាងឆាប់រហ័សហួសពីតំបន់នោះ»។
ស្ថាប័នព័ត៌មានមួយចំនួនបានរាយការណ៍ថា ក្រុមគ្រួសាររបស់បុគ្គលិកស្ថានទូតអាមេរិកនៅក្នុងប្រទេសអារ៉ាប់រួម ហ្ស៊កដានី កាតា និងបារ៉ែន ក៏ត្រូវបានបញ្ជាឱ្យចាកចេញផងដែរ៕
ប្រែសម្រួល ឈូក បូរ៉ា
