ព័ត៌មានអន្តរជាតិ

អត្រាអ្នកចេញទៅបោះឆ្នោត នៅអ៊ីស្រាអែល​ កើនដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេល ២៧ ឆ្នាំ គឺ ៧៧,៧ ភាគរយ

យេរូសាឡឹម៖ យោងតាមការអាប់ដេតចុងក្រោយ ពីគណៈកម្មាធិការរៀបចំការបោះឆ្នោតកណ្តាលរបស់អ៊ីស្រាអែល ដែលជាស្ថាប័នត្រួតពិនិត្យការ បោះឆ្នោតនេះ បានឱ្យដឹងថា អត្រាអ្នកចេញទៅបោះឆ្នោតនៅក្នុងការបោះឆ្នោតសភាអ៊ីស្រាអែល​ កាលពីថ្ងៃអង្គារ បានកើនដល់ ៧៧,៧ ភាគរយនៃចំនួនអ្នកមានសិទ្ធិបោះឆ្នោត នៅពេលដែលការិយាល័យបោះឆ្នោត បានបិទទ្វារនៅម៉ោង ១០ យប់ (ម៉ោងក្នុងស្រុក)។

អត្រានេះគឺជាកម្រិតខ្ពស់បំផុតដែលត្រូវបានកត់ត្រាទុកនៅក្នុងការបោះឆ្នោតនៅអ៊ីស្រាអែលក្នុងរយៈពេល ២៧ ឆ្នាំចុងក្រោយនេះ ដោយកើនលើសតួលេខកាលពីឆ្នាំ ២០២២ ច្រើនជាង ៧ ភាគរយ។

ការស្ទង់មតិអ្នកបោះឆ្នោតនៅពេលចេញពីការិយាល័យបោះឆ្នោត ដែលធ្វើឡើងដោយស្ថានីយទូរទស្សន៍សាធារណៈ Kan TV និងស្ថានីយទូរទស្សន៍ឯកជន Channel 13 បានព្យាករណ៍ថា ក្រុមរបស់អតីតមេបញ្ជាការយោធា លោក Gadi Eisenkot នឹងទទួលបានអាសនៈចំនួន ៥៣ ខណៈក្រុមរបស់នាយករដ្ឋមន្ត្រី លោក បេនចាមីន​ ណេតាន់យ៉ាហ៊ូ ទទួលបាន ៥០ អាសនៈ។

ចំណែកឯស្ថានីយទូរទស្សន៍ Channel 12 វិញ បានព្យាករណ៍ថា ក្រុមរបស់លោក Eisenkot ទទួលបាន ៥២ អាសនៈ និងក្រុមរបស់លោក ណេតាន់យ៉ាហ៊ូ ទទួលបាន ៥០ អាសនៈ។ ទាំងពីរក្រុមនេះ គ្មានក្រុមណាមួយទទួលបានអាសនៈចំនួន ៦១ ដែលតម្រូវឱ្យមានសំឡេងភាគច្រើនដាច់ខាតនោះទេ៕
ប្រែសម្រួល​ ឈូក​ បូរ៉ា

To Top