Feature

លោក ឃួង ស្រេង និងគណៈប្រតិភូ រដ្ឋបាលរាជធានីភ្នំពេញ ចូលរួមក្នុង «វេទិកាសេដ្ឋកិច្ចសរទៈរដូវ ឆ្នាំ២០២៦» នៅវៀតណាម

ភ្នំពេញ ៖ តបតាមការអញ្ជើញរបស់លោក ង្វៀង វ៉ាន់ឌឿក ប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញ នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៦នេះ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានដឹកនាំគណៈប្រតិភូរដ្ឋបាលរាជធានីភ្នំពេញ អញ្ជើញចូលរួមក្នុងវេទិកាសេដ្ឋកិច្ចសរទៈរដូវ ឆ្នាំ២០២៦ ក្រោមប្រធានបទ “ការរួមបញ្ចូលគ្នានៃកត្តាជំរុញកំណើនសេដ្ឋកិច្ចសកលថ្មីៗ” ក្រោមអធិបតីភាពរបស់លោក ឡេ មិញហឿង (Le Minh Hung) នាយករដ្ឋមន្រ្តី នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ។

លោកស្រី ដោ សម្ផស្ស អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានឱ្យដឹងពីទីក្រុងហូជីមិញថា វេទិកាសេដ្ឋកិច្ចអន្តរជាតិដ៏មានសារៈសំខាន់មួយនេះ មានការចូលរួមពីថ្នាក់ដឹកនាំជាន់ខ្ពស់ វិនិយោគិនធុរជននិងពាណិជ្ជករ ជុំវិញសកលលោកដើម្បីជួបជុំគ្នាពិភាក្សា និងចូលរួមចែករំលែកនូវគំនិតទស្សនវិស័យ យុទ្ធសាស្ត្រ បញ្ហាប្រឈម និងដំណោះស្រាយ សំដៅតម្រង់ទិស និងការជម្រុញកំណើន សេដ្ឋកិច្ចទាំងនៅក្នុងតំបន់ និងនៅលើសកលលោក នាពេលអនាគតប្រកបដោយភាពធន់ និងចីរភាព។

លោកស្រីបញ្ជាក់ថា ក្នុងព្រឹត្តការណ៍ដ៏ធំ និងមានសារៈសំខាន់នេះ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក៏ត្រូវបានផ្តល់កិត្តិយស អញ្ជើញឱ្យឡើងថ្លែងចំណាប់អារម្មណ៍ ក្នុងនាមរាជធានីភ្នំពេញ រួមជាមួយបណ្តាថ្នាក់ដឹកនាំបរទេសសំខាន់ៗ មួយចំនួនទៀត។ ក្នុងចំណាប់អារម្មណ៍នេះ លោកអភិបាល បានថ្លែងនូវការអបអរសាទរ ចំពោះទីក្រុងហូជីមីញចំពោះគំនិតផ្តួចផ្តើម និងការរៀបចំនូវវេទិកាសេដ្ឋកិច្ចអន្តរជាតិ ដ៏មានសារៈសំខាន់មួយនេះ និងបានអនុញ្ញាតឲ្យថ្នាក់ដឹកនាំជាន់ខ្ពស់ វិនិយោគិន ធុរជន និងពាណិជ្ជករ ជុំវិញសកលលោកបានជួបជុំគ្នាពិភាក្សា និងចូលរួមគំនិតយោបល់ នាពេលនេះ។

លោកស្រីអ្នកនាំពាក្យបានបន្ថែមថា ក្នុងនាមរដ្ឋបាលរាជធានីភ្នំពេញ លោកអភិបាល បានចែករំលែកជូនវេទិកា ដោយផ្តោតលើកិច្ចខិតខំប្រឹងប្រែង របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការត្រៀមលក្ខណៈរួចជាស្រេច ក្នុងការឆ្ពោះទៅកាន់ការកសាងសេដ្ឋកិច្ចកម្ពុជា ប្រកបដោយភាពធន់, មានភាពបត់បែន និងស្របតាម បរិបទសេដ្ឋកិច្ចសកល តាមរយៈការដាក់ចេញនូវ យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដោយបានផ្តោតសំខាន់លើ ការពន្លឿនការធ្វើឌីជីលូបនីយកម្ម, ការជម្រុញ និងអភិវឌ្ឍវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្ត, ការពង្រឹងការស្រាវជ្រាវនិងការអភិវឌ្ឍ ការលើកកម្ពស់សេដ្ឋកិច្ចបៃតង ដោយធានាឲ្យបាននូវភាពស៊ីសង្វាក់ ក្នុងការផែនការអភិវឌ្ឍជាតិប្រកបដោយចីរភាព ការពង្រីកការប្រើប្រាស់ថាមពលកកើតឡើងវិញ ការធ្វើទំនើបកម្មឧស្សាហកម្ម និង ពង្រឹងហេដ្ឋារចនាសម្ព័ន្ធឌីជីថល ក្នុងគោលដៅឈានឆ្ពោះទៅសម្រេចបាន ផែនការអភិវឌ្ឍរយៈពេលវែង ប្រកបដោយអព្យាក្រឹតកាបូន នៅក្នុងឆ្នាំ២០៥០។

បន្ថេលើនេះ លោក ឃួង ស្រេង បានគូសបញ្ជាក់ថា ក្នុងដំណើរឈានឆ្ពោះទៅសម្រេចបាននូវចក្ខុវិស័យ និងផែនការអភិវឌ្ឍខាងលើ គឺពុំអាចកាត់ផ្តាច់ចេញបានទេ នូវកិច្ចសហប្រតិបត្តិការដ៏រឹងមាំពីសំណាក់បណ្តាប្រទេស និងដៃគូអភិវឌ្ឍអន្តរជាតិទាំងអស់ទាំងនៅក្នុងតំបន់ និងនៅលើសកលលោក តាមរយៈការសហការគ្នា ក្នុងការពង្រឹងការតភ្ជាប់ប្រព័ន្ធឌីជីថលឆ្លងដែន ការកំណត់ស្តង់ដាររួម និងការលើកកម្ពស់ការ វិនិយោគបៃតង ព្រមទាំងការពង្រឹងខ្សែសង្វាក់ផ្គត់ផ្គង់ក្នុងតំបន់ និងពន្លឿនកំណើនឧស្សាហកម្មប្រកបដោយចីរភាព។

ក្នុងន័យនេះ រាជធានីភ្នំពេញ ដែលជាប៉ូលសេដ្ឋកិច្ចដ៏មានសក្តានុពល នៃព្រះរាជាណាចក្រកម្ពុជា បានត្រៀមខ្លួន ក្នុងការចូលរួមគាំទ្រ និងសហការជាមួយបណ្តាទីក្រុង, ដៃគូអភិវឌ្ឍនិងវិស័យឯកជនទាំងអស់ ក្នុងការប្រែក្លាយនូវគោលនយោបាយ, យុទ្ធសាស្ត្រ និងចក្ខុវិស័យខាងលើឲ្យក្លាយជាសកម្មភាពពិត សំដៅចូលរួមចំណែកជំរុញការអភិវឌ្ឍ ទាំងនៅកម្រិតទីក្រុង និងនៅកម្រិតថា្នក់ជាតិ ឲ្យឈានឆ្ពោះទៅមុខយ៉ាងឆាប់រហ័ស និងទទួលបានលទ្ធផលយ៉ាងត្រចះត្រចង់ សម្តៅសម្រេចបានរួមគ្នា នូវអនាគតពិភពលោកមួយ ប្រកបដោយភាពធន់, ច្នៃប្រឌិត, ទំនើប, បៃតង និងមានភាពឆ្លាតវៃ ជាពិសេស គឺធានាបាននូវការអភិវឌ្ឍប្រកបដោយចីរភាពនិងបរិយាបន្ន ៕

To Top