ការតវ៉ារបស់ Gen Z បានទៅដល់ប្រទេសអាល្លឺម៉ង់ ដើម្បីទាមទារឱ្យមានការកែលម្អវិស័យអប់រំ និងកាត់បន្ថយថ្លៃចំណាយក្នុងការរស់នៅ
បរទេស៖ ក្រុមអ្នករៀបចំបានឱ្យដឹងថា មនុស្សជាង ១៦០,០០០ នាក់នៅទូទាំងប្រទេសអាល្លឺម៉ង់ ត្រូវបានរំពឹងថា នឹងចូលរួមក្នុងការតវ៉ានៅថ្ងៃសៅរ៍នេះ។ ចលនានេះដឹកនាំដោយយុវជន ដែលទទួលបានការបំផុសគំនិតពីការតវ៉ានៅតំបន់ផ្សេងទៀតក្នុងទ្វីបអឺរ៉ុប ដោយពួកគេបាននាំគ្នាដើរហែក្បួនតាមដងផ្លូវ ដើម្បីទាមទារឱ្យមានការកែលម្អវិស័យអប់រំ និងកាត់បន្ថយថ្លៃចំណាយក្នុងការរស់នៅ។
យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយ នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៦ថា ការតវ៉ានេះកើតឡើង បន្ទាប់ពីមានរលក នៃការតវ៉ាជាច្រើនដែលដឹកនាំដោយយុវជនជំនាន់ Gen Z នៅទូទាំងទ្វីបអឺរ៉ុបក្នុងឆ្នាំនេះ ។ នៅប្រទេសស៊ែប៊ី សកម្មភាពដែលដឹកនាំដោយនិស្សិត បានរួមចំណែកដល់ការផ្លាស់ប្តូរមេដឹកនាំ ដែលកាន់អំណាចយូរឆ្នាំ តាមរយៈការបោះឆ្នោត ខណៈដែលការតវ៉ានៅក្នុងប្រទេស បារាំងបានប្រែក្លាយទៅជាអំពើហិង្សា និងការលួចប្លន់។
ការតវ៉ានៅក្នុងប្រទេសអាល្លឺម៉ង់ ដែលរៀបចំឡើងដោយក្រុមយុទ្ធនាការមួយឈ្មោះថា «Gen Z regelt» ត្រូវបានគ្រោងធ្វើឡើងនៅក្នុងទីក្រុងចំនួន ៣៤ រួមមានទីក្រុងប៊ែរឡាំង ហ្វ្រែងហ្វើត និងទីក្រុង មុយនិច។ ក្រុមនេះបានលើកឡើងថា ពួកគេប្រឆាំងនឹងការកែនទាហានដោយបង្ខំ ហើយទាមទារ ឱ្យមាន ការវិនិយោគបន្ថែមទៀតលើវិស័យអប់រំ ដោយសារយុវជនអាល្លឺម៉ង់ ជាច្រើនកំពុងជួបការ លំបាកដោយសារថ្លៃចំណាយនានាកើនឡើង។
អាជ្ញាធរអាល្លឺម៉ង់រំពឹងថា ការតវ៉ានៅថ្ងៃសៅរ៍នេះ ដែលចំពេលជាមួយគ្នានឹងពិធីបុណ្យ Halloween នឹងប្រព្រឹត្តទៅដោយសន្តិវិធី ប៉ុន្តែពួកគេក៏បានព្រមាន អំពីការប៉ុនប៉ង របស់ក្រុមជ្រុលនិយមមួយចំនួន ដែលអាចនឹងឆ្លៀតឱកាសកេងចំណេញពីចលនានេះផងដែរ។
ប្រែសម្រួល: តុលា
