រដ្ឋមន្ត្រីការបរទេសស្វីស ប្រាប់ទីទីក្រុងសេអ៊ូល អំពីដំណើរទស្សនកិច្ចនៅទីក្រុងព្យុងយ៉ាង បន្ទាប់ពីការបើកការិយាល័យ ការទូតឡើងវិញ
សេអ៊ូល ៖ ក្រសួងការបរទេសកូរ៉េខាងត្បូង បានឱ្យដឹងថា រដ្ឋមន្ត្រីការបរទេសស្វីស លោក Ignazio Cassis កាលពីថ្ងៃសុក្រ បានចែករំលែកព័ត៌មានលម្អិត អំពីដំណើរទស្សនកិច្ចរបស់លោកទៅកាន់ទីក្រុងព្យុងយ៉ាង ជាមួយនឹងមន្ត្រីជាន់ខ្ពស់កូរ៉េខាងត្បូង នៅទីក្រុងសេអ៊ូល។
លោក Cassis បានអញ្ជើញមក ដល់ទីក្រុងសេអ៊ូល កាលពីព្រឹកថ្ងៃដដែលនេះ បន្ទាប់ពីបានបញ្ចប់ដំណើរទស្សនកិច្ច រយៈពេលពីរថ្ងៃទៅកាន់ប្រទេស កូរ៉េខាងជើង ជាកន្លែង ដែលប្រទេសស្វីសបានបើកការិយាល័យការទូតរបស់ខ្លួនឡើងវិញ។
យោងតាមក្រសួងការបរទេសកូរ៉េខាងត្បូង លោក Cassis បានជួបពិភាក្សាការងារ ជាមួយលោក Jeong Yeon-du អនុរដ្ឋមន្ត្រីការបរទេសទទួលបន្ទុកកិច្ចការយុទ្ធសាស្ត្រ និង ចារកម្ម ក្នុងអំឡុងពេលអាហារពេលល្ងាច ហើយភាគីទាំងពីរបានឯកភាពគ្នា លើសារៈសំខាន់នៃការស្វែងរកសន្តិភាព និងស្ថិរភាពនៅលើឧបទ្វីបកូរ៉េ នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន Yonhap ថ្ងៃទី ៣០ ខែតុលា ឆ្នាំ២០២៦ ។
លោក Jeong បានគូសបញ្ជាក់ពីកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលទីក្រុងសេអ៊ូល ក្នុងការរួមរស់ដោយសន្តិសហវិជ្ជមានជាមួយទីក្រុងព្យុងយ៉ាង ហើយបានបន្ថែមថារដ្ឋាភិបាលកូរ៉េខាងត្បូងមានចំណាប់អារម្មណ៍យ៉ាងខ្លាំងចំពោះការបើកការិយាល័យរបស់ប្រទេសស្វីសឡើងវិញនេះ។ លោកក៏បានសម្តែងក្តីសង្ឃឹមផងដែរថា ការិយាល័យនេះនឹងជួយសម្រួលដល់ការប្រាស្រ័យទាក់ទងរបស់ទីក្រុងសេអ៊ូល ជាមួយទីក្រុងព្យុងយ៉ាង។
នៅថ្ងៃថ្ងៃសុក្រនេះ លោក Cassis បានបង្ហោះសារនៅលើបណ្តាញសង្គម X ថា លោកនិងរដ្ឋមន្ត្រីការបរទេសកូរ៉េខាងជើង លោកស្រី Choe Son-hui បានពិភាក្សាគ្នាអំពី “ការបើកការិយាល័យការទូតឡើងវិញ ក្នុងទម្រង់ថ្មី ការធ្វើឱ្យទំនាក់ទំនងនយោបាយមានភាពប្រក្រតី និងការបង្កើតកិច្ចសន្ទនានយោបាយឡើងវិញ” ។ លោកបានសរសេរបន្ថែមថា ភាគីទាំងពីរក៏បាន “ផ្លាស់ប្តូរទស្សនៈគ្នាលើបញ្ហាសន្តិសុខនៅឧបទ្វីបកូរ៉េ ក៏ដូចជាបញ្ហាប្រឈមផ្នែកសន្តិសុខកាន់តែទូលំទូលាយនៅតំបន់អឺរ៉ាស៊ីផងដែរ”។
បន្ថែមពីនេះ លោក Cassis ក៏បានជួបពិភាក្សាជាមួយទីប្រឹក្សាសន្តិសុខជាតិកូរ៉េខាងត្បូង លោក Wi Sung-lac ផងដែរ ដោយអ្នកទាំងពីរបានឯកភាពបន្តរក្សាទំនាក់ទំនងយ៉ាងជិតស្និទ្ធ ដើម្បីលើកកម្ពស់សន្តិភាព និងស្ថិរភាពនៅលើឧបទ្វីបកូរ៉េ។
គួរបញ្ជាក់ថា ប្រទេសស្វីស បានបើកដំណើរការការិយាល័យមនុស្សធម៌មួយនៅទីក្រុងព្យុងយ៉ាង តាំងពីឆ្នាំ ១៩៩៧ មកម៉្លេះ ប៉ុន្តែវាមិនមែន ជាបេសកកម្មការទូតផ្លូវការនោះទេ។ ការិយាល័យនេះត្រូវបានបិទទ្វារកាលពីឆ្នាំ ២០២០ ក្នុងអំឡុងពេលនៃការបិទខ្ទប់ប្រទេស (Lockdown) ដោយសារជំងឺកូវីដ-១៩។
ប្រែសម្រួល៖ គីរី
