ព្រួយបារម្ភរឿងសន្តិសុខជាតិ៖ អាមេរិកគ្រោងហាមក្រុមហ៊ុនចិន មិនឱ្យប្រើលេខទូរស័ព្ទអាមេរិកដោយផ្ទាល់
បរទេស៖ សហរដ្ឋអាមេរិក មានគម្រោងហាមឃាត់ក្រុមហ៊ុនទូរគមនាគមន៍ចិន មិនឱ្យចូលប្រើប្រាស់លេខទូរស័ព្ទអាមេរិកដោយផ្ទាល់ក្នុងពេលឆាប់ៗនេះ ដោយផ្អែកលើហេតុផលសន្តិសុខជាតិ ដែលវិធានការនេះត្រូវបានរៀបចំឡើងដើម្បីទប់ស្កាត់ការហៅទូរស័ព្ទបោកប្រាស់តាមប្រព័ន្ធស្វ័យប្រវត្តិ នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន Rueters ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ ។
គណៈកម្មការទូរគមនាគមន៍សហព័ន្ធអាមេរិក (FCC) បានឱ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ថា ខ្លួននឹងធ្វើការបោះឆ្នោតនៅថ្ងៃទី១៩ ខែវិច្ឆិកា លើសំណើហាមឃាត់ក្រុមហ៊ុន China Mobile (600941.SS), China Telecom (601728.SS) ក្រុមហ៊ុន China Unicom (0762.HK) និងក្រុមហ៊ុនផ្តល់សេវាកម្មផ្អែកលើប្រព័ន្ធ IP ផ្សេងទៀត មិនឱ្យមានសិទ្ធិចូលប្រើប្រាស់ដោយផ្ទាល់។
សម្រាប់ក្រុមហ៊ុនទូរគមនាគមន៍ដែលផ្តល់សេវាកម្មបញ្ជូនសំឡេងតាមអ៊ីនធឺណិត (VoIP) ដែលជាបច្ចេកវិទ្យាបំប្លែងសំឡេងទៅជាទិន្នន័យឌីជីថល និងបញ្ជូនវាតាមរយៈការតភ្ជាប់អ៊ីនធឺណិតល្បឿនលឿន (Broadband) ការចូលប្រើប្រាស់ដោយផ្ទាល់គឺជាជម្រើសដែលមានតម្លៃថោកជាងឆ្ងាយ និងជួយសម្រួលដល់ការផ្តល់ជូននូវមុខងារទំនើបៗជាច្រើនទៀត។
លោក Brendan Carr ប្រធាន FCC បានមានប្រសាសន៍នៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖ “តាមរយៈសេចក្តីសម្រេចនេះ FCC នឹងពង្រឹងខ្សែការពារជួរមុខរបស់យើង ដើម្បីប្រឆាំងនឹងជនខិលខូច និងអ្នកហៅទូរស័ព្ទបោកប្រាស់តាមប្រព័ន្ធស្វ័យប្រវត្តិខុសច្បាប់”។
ក្រសួងការបរទេសចិន បានប្រតិកម្មកាលពីថ្ងៃសុក្រថា ខ្លួនប្រឆាំងយ៉ាងដាច់អហង្ការចំពោះការហាមឃាត់ដែលអាចកើតមាននេះ ហើយបានចោទប្រកាន់ទីក្រុងវ៉ាស៊ីនតោនថា បានបកស្រាយគំនិតនៃសន្តិសុខជាតិហួសហេតុពេក និងបានរំលោភអំណាចរដ្ឋដើម្បីគាបសង្កត់លើសហគ្រាសចិន។
អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Guo Jiakun បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃថា៖ “ប្រទេសចិននឹងចាត់វិធានការចាំបាច់នានា ដើម្បីការពារយ៉ាងម៉ឺងម៉ាត់នូវសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់ខ្លួន”។
ទីភ្នាក់ងារ (FCC) ក៏បានបន្ថែមទៀតថា ខ្លួននឹងហាមឃាត់មន្ទីរពិសោធន៍ចិនទាំងអស់មិនឱ្យធ្វើតេស្តគ្រឿងអេឡិចត្រូនិចអាមេរិកនៅខែធ្នូ ឆ្នាំ២០២៨ ហើយក៏អាចនឹងដកហូតការអនុញ្ញាតប្រើប្រាស់លេខដោយផ្ទាល់ សម្រាប់ក្រុមហ៊ុនចិនណាដែលខ្លួនចាត់ទុកថាបង្កហានិភ័យដល់សន្តិសុខជាតិផងដែរ។ កន្លងមក FCC ធ្លាប់បានហាមឃាត់ក្រុមហ៊ុន China Mobile, China Telecom និង China Unicom មិនឱ្យផ្តល់សេវាកម្មទូរគមនាគមន៍អន្តរជាតិមកកាន់សហរដ្ឋអាមេរិករួចមកហើយ។
វិធានការផ្សេងទៀតដែលកំពុងស្ថិតក្រោមការពិចារណា រួមមានការហាមឃាត់ពួកគេមិនឱ្យតភ្ជាប់ទៅកាន់បណ្តាញសេវាអាមេរិក និងការហាមឃាត់មិនឱ្យប្រតិបត្តិការមជ្ឈមណ្ឌលទិន្នន័យ (Data centers) របស់ពួកគេនៅក្នុងសហរដ្ឋអាមេរិកឡើយ។
ក្តីបារម្ភអំពីសក្តានុពលនៃការយកការណ៍សម្ងាត់ (Spying) និងការបង្កគ្រោះថ្នាក់ផ្សេងៗ ដែលកើតចេញពីការចូលប្រើប្រាស់ទិន្នន័យ និងហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍អាមេរិកពីសំណាក់ប្រទេសចិន បានកើនឡើងជាលំដាប់ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ។
កាលពីចុងឆ្នាំ២០២៤ ទីក្រុងវ៉ាស៊ីនតោនបានឱ្យដឹងថា ក្រុមចារកម្មតាមអ៊ីនធឺណិតដែលគាំទ្រដោយរដ្ឋចិន ដែលមានឈ្មោះថា Salt Typhoon បានលួចកំណត់ត្រាហៅទូរស័ព្ទរបស់អ្នកប្រើប្រាស់ ទិន្នន័យហៅចូលក្នុងសហរដ្ឋអាមេរិក ព្រមទាំងបានជ្រៀតចូលទៅក្នុងក្រុមហ៊ុនទូរគមនាគមន៍ និងក្រុមហ៊ុនហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍របស់អាមេរិកថែមទៀតផង។
ជាមួយគ្នានេះ ការិយាល័យស៊ើបអង្កេតសហព័ន្ធ (FBI) បានបញ្ជាក់នៅឆ្នាំនេះថា ការគំរាមកំហែងពីក្រុម Salt Typhoon គឺ “នៅតែបន្តកើតមានយ៉ាងសកម្ម”។
ប្រែសម្រួល៖ គីរី
