ព័ត៌មានជាតិ

រដ្ឋមន្ត្រីក្រសួងអប់រំ អំពាវនាវដល់បុគ្គលិកអប់រំ បន្តអនុវត្តតួនាទីប្រកបដោយទទួលខុសត្រូវ ដើម្បីឆ្លើយតបតម្រូវការរបស់សិស្សានុសិស្ស

ភ្នំពេញ ៖ លោក ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានអំពាវនាវដល់បុគ្គលិកអប់រំគ្រប់លំដាប់ថ្នាក់ បន្តចូលរួមអនុវត្តតួនាទី និងភារកិច្ចរៀងៗខ្លួន ប្រកបដោយការទទួលខុសត្រូវខ្ពស់ ដើម្បីឆ្លើយតបនឹងតម្រូវការរបស់សិស្សានុសិស្ស។ ការអំពាវនាវរបស់ លោកឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន បានធ្វើឡើងក្នុងពិធីបើកបវេសនកាលឆ្នាំសិក្សា២០២៦-២០២៧ ជានិមិត្តរូបនៅវិទ្យាល័យទួលប្រាសាទសែនសុខ រាជធានីភ្នំពេញ នាថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៦។ លោកឧបនាយករដ្ឋមន្ត្រី បន្ដថា ការបញ្ចប់ឆ្នាំសិក្សា២០២៥-២០២៦ ប្រកបដោយលទ្ធផលល្អប្រសើរ បានបង្ហាញតាមរយៈអត្រាប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាបឋមភូមិ ៩៥% និងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ និងសញ្ញាបត្រអប់រំបច្ចេកទេស និងវិជ្ជាជីវៈកម្រិត៣ ចំនួន ៨៤%…

ភ្នំពេញ ៖ លោក ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានអំពាវនាវដល់បុគ្គលិកអប់រំគ្រប់លំដាប់ថ្នាក់ បន្តចូលរួមអនុវត្តតួនាទី និងភារកិច្ចរៀងៗខ្លួន ប្រកបដោយការទទួលខុសត្រូវខ្ពស់ ដើម្បីឆ្លើយតបនឹងតម្រូវការរបស់សិស្សានុសិស្ស។

ការអំពាវនាវរបស់ លោកឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន បានធ្វើឡើងក្នុងពិធីបើកបវេសនកាលឆ្នាំសិក្សា២០២៦-២០២៧ ជានិមិត្តរូបនៅវិទ្យាល័យទួលប្រាសាទសែនសុខ រាជធានីភ្នំពេញ នាថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៦។

លោកឧបនាយករដ្ឋមន្ត្រី បន្ដថា ការបញ្ចប់ឆ្នាំសិក្សា២០២៥-២០២៦ ប្រកបដោយលទ្ធផលល្អប្រសើរ បានបង្ហាញតាមរយៈអត្រាប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាបឋមភូមិ ៩៥% និងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ និងសញ្ញាបត្រអប់រំបច្ចេកទេស និងវិជ្ជាជីវៈកម្រិត៣ ចំនួន ៨៤% ក្នុងនោះ សិស្សទទួលបាននិទ្ទេស A ចំនួន ២ ០៤៤នាក់។

លោកឧបនាយករដ្ឋមន្ត្រី បានកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះបុគ្គលិកអប់រំគ្រប់លំដាប់ថ្នាក់ ជាពិសេស នាយក នាយិកា លោកគ្រូ អ្នកគ្រូទាំងអស់ ដែលបានលះបង់កម្លាំងកាយ កម្លាំងចិត្ត ប្រាជ្ញា និងស្មារតី ក្នុងការដឹកនាំ និងដំណើរការសាលារៀន ការបង្រៀន និងការរៀនប្រកបដោយប្រសិទ្ធភាព និងស្មារតីសាមគ្គីភាព ដើម្បីរួមចំណែកលើកកម្ពស់គុណភាពអប់រំកម្ពុជា។

លោកឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា «សូមអំពាវនាវដល់បុគ្គលិកអប់រំគ្រប់លំដាប់ថ្នាក់ ឱ្យបន្តចូលរួមអនុវត្តតួនាទី និងភារកិច្ចរៀងៗខ្លួន ប្រកបដោយការទទួលខុសត្រូវខ្ពស់ ភាពសកម្ម និងស្មារតីបុរេសកម្ម ដើម្បីឆ្លើយតបនឹងតម្រូវការរបស់សិស្សានុសិស្ស និងការអភិវឌ្ឍប្រទេសជាតិ»។

ទន្ទឹមនឹងនេះ លោករដ្ឋមន្ដ្រី ក៏បានអំពាវនាវដល់ស្ថាប័ន អង្គភាពពាក់ព័ន្ធ អង្គការជាតិ និងអន្តរជាតិ ជាពិសេសមាតាបិតា និងអ្នកអាណាព្យាបាលសិស្សនៅទូទាំងប្រទេស បន្តចូលរួមគាំទ្រ និងលើកកម្ពស់ការអភិវឌ្ឍវិស័យអប់រំកម្ពុជាឱ្យកាន់តែរីកចម្រើន ដើម្បីធានាឱ្យសិស្សានុសិស្សទទួលបានការអប់រំប្រកបដោយគុណភាព និងក្លាយជាបុគ្គលដែលមានសមត្ថភាពពេញលេញ ទាំងចំណេះដឹង ជំនាញ វិន័យ សីលធម៌ ស្មារតីរឹងមាំ និងសុខភាពល្អប្រសើរ ជាពិសេសជាធនធានមនុស្សបន្តវេនដ៏មានសក្ដានុពល ក្នុងការចូលរួមការពារ អភិរក្ស និងអភិវឌ្ឍជាតិមាតុភូមិ៕

To Top