ព័ត៌មានជាតិ

កម្ពុជា មិនបោះបង់បេសកកម្មបោសសម្អាតគ្រាប់មីនបន្សល់ពីសង្គ្រាមអតីតកាល

ភ្នំពេញ ៖ កម្ពុជា មិនបោះបង់បេសកកម្មបោសសម្អាតគ្រាប់មីនបន្សល់ពីសង្គ្រាមអតីតកាល ហើយក៏មិនព្រងើយកន្តើយចំពោះការគំរាមកំហែងថ្មី។ នេះជាការលើកឡើងរបស់ លោកបណ្ឌិត លី ធុជ ទេសរដ្ឋមន្ត្រី អនុប្រធានទី១ អាជ្ញាធរមីន នាឱកាសដឹកនាំកិច្ចប្រជុំក្រុមការងារបច្ចេកទេសចម្រុះរាជរដ្ឋាភិបាល និងដៃគូអភិវឌ្ឍន៍លើវិស័យមីន (TWG-MA) ក្រោមមូលបទ «រួមគ្នាដោះស្រាយបញ្ហាយុទ្ធភណ្ឌគ្រឿងផ្ទុះបន្សល់ពីអតីតកាល និងការគំរាមកំហែងថ្មីៗ៖ ការអំពាវនាវឱ្យមានសកម្មភាពជាសកល» នៅសណ្ឋាគារ Oakwood Premier Phnom Penh នាថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៦។ ក្នុងឱកាសនោះ លោកទេសរដ្ឋមន្ត្រី លី ធុជ បានអំពាវនាវដល់ក្រសួង-ស្ថាប័នពាក់ព័ន្ធ ប្រទេសជាមិត្ត ដៃគូអភិវឌ្ឍន៍ សហគមន៍ផ្តល់ជំនួយ…

ភ្នំពេញ ៖ កម្ពុជា មិនបោះបង់បេសកកម្មបោសសម្អាតគ្រាប់មីនបន្សល់ពីសង្គ្រាមអតីតកាល ហើយក៏មិនព្រងើយកន្តើយចំពោះការគំរាមកំហែងថ្មី។

នេះជាការលើកឡើងរបស់ លោកបណ្ឌិត លី ធុជ ទេសរដ្ឋមន្ត្រី អនុប្រធានទី១ អាជ្ញាធរមីន នាឱកាសដឹកនាំកិច្ចប្រជុំក្រុមការងារបច្ចេកទេសចម្រុះរាជរដ្ឋាភិបាល និងដៃគូអភិវឌ្ឍន៍លើវិស័យមីន (TWG-MA) ក្រោមមូលបទ «រួមគ្នាដោះស្រាយបញ្ហាយុទ្ធភណ្ឌគ្រឿងផ្ទុះបន្សល់ពីអតីតកាល និងការគំរាមកំហែងថ្មីៗ៖ ការអំពាវនាវឱ្យមានសកម្មភាពជាសកល» នៅសណ្ឋាគារ Oakwood Premier Phnom Penh នាថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៦។

ក្នុងឱកាសនោះ លោកទេសរដ្ឋមន្ត្រី លី ធុជ បានអំពាវនាវដល់ក្រសួង-ស្ថាប័នពាក់ព័ន្ធ ប្រទេសជាមិត្ត ដៃគូអភិវឌ្ឍន៍ សហគមន៍ផ្តល់ជំនួយ ប្រតិបត្តិករសកម្មភាពមីន និងវិស័យឯកជន បន្តរួមគ្នាដោះស្រាយបញ្ហាយុទ្ធភណ្ឌគ្រឿងផ្ទុះបន្សល់ពីសង្គ្រាមអតីតកាល និងការគំរាមកំហែងថ្មីៗ ដោយមិនទុកបញ្ហាណាមួយចោលឡើយ។

លោក បានគូសបញ្ជាក់ថា ក្នុងរយៈពេលជាង៣០ឆ្នាំ កម្ពុជាសម្រេចបានសមិទ្ធផលគួរឱ្យកត់សម្គាល់ ដោយបានរំដោះផ្ទៃដីជាង ៣.៦០០ គីឡូម៉ែត្រក្រឡា ពីការគំរាមកំហែងដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ក្នុងនោះ ផ្ទៃដីប្រមាណ ៧៥% ត្រូវបានប្រគល់ជូនប្រជាពលរដ្ឋសម្រាប់ប្រើប្រាស់ក្នុងវិស័យកសិកម្ម។

ទោះជាយ៉ាងណា ជម្លោះប្រដាប់អាវុធកម្ពុជា-ថៃក្នុងឆ្នាំ២០២៥ បានបង្កការគំរាមកំហែងថ្មីដោយគ្រាប់បែកចង្កោមនៅក្នុងខេត្តចំនួន៧។ តាមលទ្ធផលអង្កេតបឋម ផ្ទៃដីរងផលប៉ះពាល់ថ្មីនេះមានទំហំធំជាងផ្ទៃដីចាស់ទាំងអស់ដែលនៅសេសសល់ពីសង្គ្រាមជាង៣០ឆ្នាំមកនេះ។ កម្ពុជាកំពុងប្រឈមនឹងបន្ទុកពីរលើដែនដីតែមួយ គឺយុទ្ធភណ្ឌគ្រឿងផ្ទុះចាស់ដែលមិនទាន់បានបោសសម្អាត និងផលប៉ះពាល់ថ្មីពីជម្លោះប្រដាប់អាវុធ។ ដូច្នេះ ការគាំទ្រត្រូវបន្តផ្តោតលើបញ្ហាទាំងពីរក្នុងពេលតែមួយ។

លោកបានថ្លែងអំណរគុណចំពោះប្រទេសជាមិត្ត ដៃគូអភិវឌ្ឍន៍ សហគមន៍ផ្តល់ជំនួយ ប្រតិបត្តិករ និងវិស័យឯកជន ដែលបានគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ជាពិសេសការឆ្លើយតបទាន់ពេលវេលាចំពោះការគំរាមកំហែងថ្មីៗដែលបង្កឡើងដោយជម្លោះកម្ពុជា-ថៃក្នុងឆ្នាំ២០២៥៕

To Top