កម្ពុជា មិនបោះបង់ ការសម្អាតមីនសល់ពីសង្គ្រាម និងមិនព្រងើយកន្តើយ ការគំរាមកំហែងថ្មី
ភ្នំពេញ ៖ លោកទេសរដ្ឋមន្ត្រី លី ធុជអនុប្រធានទី១ អាជ្ញាធរមីន បានគូសបញ្ជាក់ថា កម្ពុជា មិនបោះបង់បេសកកម្មបោសសម្អាត គ្រាប់មីនបន្សល់ពីសង្គ្រាមអតីតកាល ហើយក៏មិនព្រងើយកន្តើយ ចំពោះការគំរាមកំហែងថ្មី ។

ក្នុងឱកាសដឹកនាំកិច្ច ប្រជុំក្រុមការងារបច្ចេកទេសចម្រុះរាជរដ្ឋាភិបាល និងដៃគូអភិវឌ្ឍន៍លើវិស័យមីន នៅថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៦ លោកបណ្ឌិត លី ធុជ បានអំពាវនាវដល់ក្រសួង-ស្ថាប័នពាក់ព័ន្ធ ប្រទេសជាមិត្ត ដៃគូអភិវឌ្ឍន៍ សហគមន៍ផ្តល់ជំនួយ ប្រតិបត្តិករសកម្មភាពមីន និងវិស័យឯកជន បន្តរួមគ្នាដោះស្រាយបញ្ហាយុទ្ធភណ្ឌគ្រឿងផ្ទុះបន្សល់ពីសង្គ្រាមអតីតកាល និងការគំរាមកំហែងថ្មីៗ ដោយមិនទុកបញ្ហាណាមួយចោលឡើយ។
លោកថា ក្នុងរយៈពេលជាង៣០ឆ្នាំ កម្ពុជាសម្រេចបានសមិទ្ធផលគួរឱ្យកត់សម្គាល់ ដោយបានរំដោះផ្ទៃដីជាង ៣.៦០០ គីឡូម៉ែត្រក្រឡា ពីការគំរាមកំហែងដោយសារមីន និង សំណល់ជាតិផ្ទុះពីសង្គ្រាម ។ ក្នុងនោះ ផ្ទៃដីប្រមាណ ៧៥% ត្រូវបានប្រគល់ ជូនប្រជាពលរដ្ឋ សម្រាប់ប្រើប្រាស់ក្នុងវិស័យកសិកម្ម ។

លោកបន្ថែមថា ទោះជាយ៉ាងណា ជម្លោះប្រដាប់អាវុធកម្ពុជា-ថៃក្នុងឆ្នាំ២០២៥ បានបង្កការគំរាមកំហែងថ្មីដោយគ្រាប់បែកចង្កោមនៅក្នុងខេត្តចំនួន៧។ តាមលទ្ធផលអង្កេតបឋម ផ្ទៃដីរងផលប៉ះពាល់ថ្មីនេះមានទំហំធំជាងផ្ទៃដីចាស់ទាំងអស់ដែលនៅសេសសល់ពីសង្គ្រាមជាង៣០ឆ្នាំមកនេះ។ កម្ពុជាកំពុងប្រឈមនឹងបន្ទុកពីរលើដែនដីតែមួយ គឺយុទ្ធភណ្ឌគ្រឿងផ្ទុះចាស់ដែលមិនទាន់បានបោសសម្អាត និងផលប៉ះពាល់ថ្មីពីជម្លោះប្រដាប់អាវុធ ។ ដូច្នេះ ការគាំទ្រត្រូវបន្តផ្តោតលើបញ្ហាទាំងពីរក្នុងពេលតែមួយ៕

