បន្ទាយមានជ័យ៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ បានប្រកាសប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការប្រើវិធានការក្តៅដោយគ្មានការបន្ធូរបន្ថយដៃឡើយ ដើម្បីបោសសម្អាតបទល្មើសអសន្តិសុខសង្គម ជាពិសេសបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams)។ ការប្រកាសជំហរយ៉ាងម៉ឺងម៉ាត់នេះ ធ្វើឡើងក្នុងកិច្ចប្រជុំបូកសរុបការងាររយៈពេល ៩ខែ និងកំណត់ទិសដៅត្រីមាសទី៤ ឆ្នាំ២០២៦ នៃគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព» ក្រោមអធិបតីភាព លោក ផាន់ ចាន់ធុល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ កាលពីរសៀលថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅសាលប្រជុំសាលាខេត្ត។
កិច្ចប្រជុំដ៏មានសារៈសំខាន់នេះ មានការចូលរួមពី លោក ប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្ត លោក អ៊ុំ រាត្រី អភិបាលខេត្ត ស្ថាប័នតុលាការ និងកងកម្លាំងប្រដាប់អាវុធ ដើម្បីក្ដាប់ឱ្យបាននូវសន្ទស្សន៍សន្តិសុខ និងកៀរគរយុទ្ធសាស្ត្រទប់ស្កាត់។ ក្នុងនោះ លោក អ៊ុំ រាត្រី បានរាយការណ៍ថា កងកម្លាំងមានសមត្ថកិច្ចបានបើកការបង្ក្រាបយ៉ាងសកម្មដូចភ្លៀងរលឹមលើរាល់បទល្មើសក្មេងទំនើង គ្រឿងញៀន និង Online Scams ទាំងទ្រង់ទ្រាយធំនិងតូច ដែលភាពហ៊ានប្រយុទ្ធនេះត្រូវបាន ឯកឧត្តម ផាន់ ចាន់ធុល កោតសរសើរ និងវាយតម្លៃខ្ពស់។
ជាការដាក់ទិសដៅបន្ទាប់ ក្រសួងមហាផ្ទៃបានបញ្ជាឱ្យកងកម្លាំងគ្រប់លំដាប់ថ្នាក់ពង្រឹងប្រតិបត្តិការបង្ការ ទប់ស្កាត់ និងត្រូវបង្ក្រាបបទល្មើសឱ្យបានលើសពី ៨០% ទប់ស្កាត់ទំនិញគេចពន្ធឆ្លងដែនពីប្រទេសថៃ និងពង្រឹងប៉ុស្តិ៍នគរបាលរដ្ឋបាលឱ្យដល់គោលដៅ ដើម្បីធានាបាននូវលក្ខណៈសម្បត្តិទាំង៧ នៃគោលនយោបាយសុវត្ថិភាពមូលដ្ឋាន ក្រោមម្លប់សន្តិភាព និងការដឹកនាំដ៏ប្រាកដនិយមរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា៕
អត្ថបទ: ប៊ុន សំណាង/DapNews







