សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតី ក្នុងកម្មវិធីពិព័រណ៍ខួប១០០ឆ្នាំ នៃបណ្ណសារដ្ឋានជាតិ
ភ្នំពេញ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា នាព្រឹកថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ បានអញ្ជើញជាអធិបតី ក្នុងកម្មវិធីពិព័រណ៍ខួប១០០ឆ្នាំ នៃបណ្ណសារដ្ឋានជាតិនៃកម្ពុជា នៅក្នុងបរិវេណបណ្ណាល័យជាតិ ស្ថិតនៅសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ពិព័រណ៍ខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនេះ ប្រព្រឹត្តទៅក្រោមប្រធានបទ «មួយសតវត្សរនៃការចងចាំ ឆ្ពោះទៅការលើកកម្ពស់អត្តសញ្ញាណជាតិ» ជាឱកាសរំលឹកដំណើររបស់ស្ថាប័នថែរក្សាមរតកឯកសារ និងបង្ហាញពីការប្តេជ្ញាចិត្តរួមក្នុងការអភិរក្ស និងធ្វើឱ្យបណ្ណសារក្លាយជាចំណេះដឹង ដែលអាចសិក្សា និងប្រើប្រាស់បាន។

បណ្ណសារដ្ឋានជាតិបានបំពេញតួនាទីជាឃ្លាំងរក្សាបណ្ណសារប្រវត្តិសាស្ត្រ សៀវភៅបុរាណ កាសែត ផែនទី និងកំណត់ត្រាសំខាន់ៗ ជាស្ពានឆ្លងកាត់របត់ប្រវត្តិសាស្ត្រ និង ជាថ្នាលចំណេះដឹងសម្រាប់អ្នកស្រាវជ្រាវ និងមនុស្សជំនាន់ក្រោយ។ ទោះឆ្លងកាត់សង្គ្រាម និងការលំបាក ក៏មរតក ទាំងនេះត្រូវបានថែរក្សាមកដល់សព្វថ្ងៃ ដោយសារការលះបង់ និងស្មារតីស្រឡាញ់ជាតិ ។ លើសពីនេះទៅទៀត ពិព័រណ៍ខួប១០០ឆ្នាំ បណ្ណសារដ្ឋានជាតិ ត្រូវបានរៀបចំឡើងដើម្បីសម្រេចបាននូវគោលដៅចំនួន ៣ ដែលផ្សារភ្ជាប់គ្នាទៅវិញទៅមក៖

ទី១. ការចងចាំនិងលក្ខណៈសម្គាល់អត្តសញ្ញាណជាតិ ដើម្បីឆ្លុះបញ្ចាំងឱ្យឃើញនូវដំណើរវិវត្តន៍ ប្រវត្តិសាស្ត្ររបស់កម្ពុជា ដែលមានការកសាងស្ថាប័ននយោបាយ និរន្តរភាពវប្បធម៌ ស្ថេរភាពនយោបាយ សន្តិភាព និង បទពិសោធរស់រាននានាដែលត្រូវបានចងក្រងជាឯកសារ អស់រយៈពេលជាងមួយសតវត្សរ៍នៅក្នុងបណ្ណ សារជាតិនៃកម្ពុជា។ បើទោះបីជាអគារបណ្ណសារដ្ឋានដាក់ឱ្យដំណើរការជាផ្លូវការនៅឆ្នាំ១៩២៦ ក៏ដោយ កម្មវិធីពិព័រណ៍នេះក៏អាចនឹងបង្ហាញពីឯកសារសម័យមុនអាណាព្យាបាល ដូចជា ការដាក់តាំងបង្ហាញនូវសាស្ត្រាស្លឹករឹត ឬឯកសារចម្លងពីសិលាចារឹកដែលបង្ហាញពី «ប្រព័ន្ធគ្រប់គ្រងរដ្ឋបាលខ្មែរ» តាំងពីបុរាណនិង ជួយឱ្យអ្នកទស្សនាឃើញថា បណ្ណសារដ្ឋានជាតិជាអ្នកបន្តវេនថែរក្សាដួងព្រលឹងជាតិដែលមានឫសគល់យូរ លង់។

ទី២. ការអប់រំ និងការលើកកម្ពស់ការយល់ដឹងជាសាធារណៈ ដើម្បីផ្លាស់ប្តូរទស្សនៈសាធារណៈដែលតែងតែ យល់ថា បណ្ណសារដ្ឋានជាតិជាកន្លែងរក្សាទុកឯកសារចាស់ៗ ទៅជាស្ថាប័នចងចាំដ៏ទំនើបដែលមានសារៈ សំខាន់ចាំបាច់សម្រាប់ការអភិបាលកិច្ច ការស្រាវជ្រាវ និងការថែរក្សាលក្ខណៈសម្គាល់អត្តសញ្ញាណជាតិ។
និងទី៣. ការទូតវប្បធម៌ និងការចូលរួមជាអន្តរជាតិ ដើម្បីជំរុញឱ្យមានការចូលរួមរបស់គណៈប្រតិភូហ្វ្រង់កូហ្វូនី (Francophonie) និងដៃគូអន្តរជាតិក្នុងការព្រឹត្តិ និងពង្រីកទំនាក់ទំនងវប្បធម៌ ជាពិសេសជាមួយប្រទេស បារាំង និងការលើកកម្ពស់របៀបវារៈកំណែទម្រង់វិស័យបណ្ណសាររបស់កម្ពុជា។

ឆ្លៀតឱកាសនេះ កម្មវិធី ពិព័រណ៍ខួប ១០០ឆ្នាំ ក៏អាចរៀបចំជូនគណៈប្រតិភូបណ្តាប្រទេសហ្វ្រង់កូហ្វូនី មកទស្សនាទីតាំងបណ្ណសារ ជាតិ និងពិព័រណ៍ ដោយផ្ទាល់ផងដែរ ដែលការណ៍នេះនឹងបង្ហាញ អំពីចំណងទាក់ទង ស៊ីជម្រៅតាមរយៈ ប្រវត្តិសាស្ត្រ វប្បធម៌ និង បណ្ណសារ ព្រមទាំងបង្ហាញពីការប្តេជ្ញាចិត្ត របស់កម្ពុជា ក្នុងការធ្វើទំនើបកម្មប្រព័ន្ធបណ្ណសាររបស់ខ្លួន ក៏ដូចជាស្វែងរកការគាំទ្រនិងមានសក្តានុពល សម្រាប់ការប្រមូលបណ្ណសារមកកាន់ មាតុភូមិវិញ៕

