ព័ត៌មានអន្តរជាតិ

ថៃ និងវៀតណាម ពង្រឹងកិច្ចសហប្រតិបត្តិការ ផ្នែកការពារជាតិ

បរទេស៖ មន្ត្រីយោធានៃប្រទេសវៀតណាម និងថៃ បានព្រមព្រៀងគ្នា ពង្រឹងកិច្ចសហប្រតិបត្តិការ លើវិស័យការពារជាតិក្នុងវិស័យជាច្រើន រួមមានប្រតិបត្តិការរក្សាសន្តិភាព ការល្បាតរួមគ្នា សន្តិសុខសាយប័រ និងការផ្លាស់ប្តូរឌីជីថល ក្នុងអំឡុងពេលកិច្ចពិភាក្សាមួយនៅប្រទេសថៃ កាលពីថ្ងៃទី ៣ ខែវិច្ឆិកា ។

យោងតាមសារព័ត៌មាន Vietnam News ចេញផ្សាយនៅថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៦ថា កិច្ចពិភាក្សានេះត្រូវបានធ្វើឡើងរវាងត្តមសេនីយ៍ ង្វៀន តឹន គឿង អគ្គសេនាធិការនៃកងទ័ពប្រជាជនវៀតណាម និងជារដ្ឋលេខាធិការក្រសួងការពារជាតិវៀតណាម ជាមួយឧត្តមសេនីយ៍ អ៊ុកគ្រីស ប៊ុនតានុន មេបញ្ជាការកងទ័ពថៃ ដែលជាផ្នែកមួយ នៃដំណើរទស្សនកិច្ចផ្លូវការរបស់ភាគីវៀតណាមមកកាន់ប្រទេសថៃ។

មេបញ្ជាការកងទ័ពថៃ បានស្វាគមន៍ដំណើរទស្សនកិច្ចរបស់នាយឧត្តមសេនីយ៍ ង្វៀន តឹន គឿង ដោយចាត់ទុកថា ជាការរួមចំណែកដ៏សំខាន់ ក្នុងការពង្រឹងមិត្តភាព និងជំរុញកិច្ចសហប្រតិបត្តិការការពារជាតិ រវាងប្រទេសទាំងពីរ ជាពិសេសបន្ទាប់ពីទំនាក់ទំនង រវាងប្រទេសទាំងពីរត្រូវបានលើកកម្ពស់ទៅជា «ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ» កាលពីខែឧសភា ឆ្នាំ ២០២៥។

ឧត្តមសេនីយ៍ ង្វៀន តឹន គឿង របស់វៀតណាម បានថ្លែងអំណរគុណដល់ភាគីថៃ សម្រាប់ការទទួលស្វាគមន៍យ៉ាងកក់ក្តៅ និងបានជម្រាបជូនភាគីថៃ អំពីការអនុវត្តសេចក្តីសម្រេចចិត្តនៃមហាសន្និបាតបក្សរបស់វៀតណាម ព្រមទាំងគោលនយោបាយការពារជាតិ Four No’s របស់វៀតណាម។

To Top