ព័ត៌មានអន្តរជាតិ

ការទម្លាក់គ្រាប់បែករបស់រុស្ស៊ីលើមជ្ឈមណ្ឌលជំនួយអ៊ុយក្រែន គឺជា «ការវាយប្រហារដ៏សាហាវបំផុតមួយ» នៅក្នុងសង្គ្រាម

អ៊ុយក្រែន៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានថ្លែងថា មនុស្សរាប់សិបនាក់បានស្លាប់ បន្ទាប់ពីរុស្ស៊ីបានទម្លាក់គ្រាប់បែកយ៉ាងហោចណាស់ ៩ គ្រាប់ លើអគារសាលារៀនមួយកន្លែងនៅភាគអាគ្នេយ៍ប្រទេស ដែលប្រជាជនប្រើប្រាស់ជាកន្លែងជ្រកកោន។ លោកបានចាត់ទុកព្រឹត្តិការណ៍នេះថាជា «ការវាយប្រហារដ៏សាហាវបំផុតមួយនៅក្នុងសង្គ្រាមនេះ» នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន CNN ថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៦ ។ ​យ៉ាងហោចណាស់មនុស្ស ៤០ នាក់ត្រូវបានបញ្ជាក់ថាស្លាប់ និងជាង ៣០ នាក់ទៀតកំពុងបាត់ខ្លួន ក្រោយការវាយប្រហារកាលពីថ្ងៃចន្ទ លើអគារមួយក្នុងតំបន់ Komyshuvakha នៃខេត្ត Zaporizhzhia ដែលត្រូវបានប្រើប្រាស់ជាជម្រក និងជាមជ្ឈមណ្ឌលចែកអំណោយមនុស្សធម៌។ ជម្រកក្រោមដីនេះ ទើបតែសាងសង់ថ្មីក្រោមជំនួយរបស់សហភាពអឺរ៉ុប…

អ៊ុយក្រែន៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានថ្លែងថា មនុស្សរាប់សិបនាក់បានស្លាប់ បន្ទាប់ពីរុស្ស៊ីបានទម្លាក់គ្រាប់បែកយ៉ាងហោចណាស់ ៩ គ្រាប់ លើអគារសាលារៀនមួយកន្លែងនៅភាគអាគ្នេយ៍ប្រទេស ដែលប្រជាជនប្រើប្រាស់ជាកន្លែងជ្រកកោន។ លោកបានចាត់ទុកព្រឹត្តិការណ៍នេះថាជា «ការវាយប្រហារដ៏សាហាវបំផុតមួយនៅក្នុងសង្គ្រាមនេះ» នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន CNN ថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៦ ។

​យ៉ាងហោចណាស់មនុស្ស ៤០ នាក់ត្រូវបានបញ្ជាក់ថាស្លាប់ និងជាង ៣០ នាក់ទៀតកំពុងបាត់ខ្លួន ក្រោយការវាយប្រហារកាលពីថ្ងៃចន្ទ លើអគារមួយក្នុងតំបន់ Komyshuvakha នៃខេត្ត Zaporizhzhia ដែលត្រូវបានប្រើប្រាស់ជាជម្រក និងជាមជ្ឈមណ្ឌលចែកអំណោយមនុស្សធម៌។

ជម្រកក្រោមដីនេះ ទើបតែសាងសង់ថ្មីក្រោមជំនួយរបស់សហភាពអឺរ៉ុប (EU) ដើម្បីទប់ទល់នឹងការវាយប្រហារ ប៉ុន្តែកម្លាំងផ្ទុះដ៏ខ្លាំងក្លាបានធ្វើឲ្យរចនាសម្ព័ន្ធបេតុងបាក់ស្រុត និងបង្កជាអគ្គិភ័យ។ ការខូចខាតធ្ងន់ធ្ងរនេះបានធ្វើឱ្យប្រតិបត្តិការរុករកជួបការលំបាក ហើយអាជ្ញាធរតម្រូវឱ្យមានការធ្វើតេស្ត DNA ដើម្បីកំណត់អត្តសញ្ញាណសាកសព។

បេសកកម្មឃ្លាំមើលសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិប្រចាំនៅអ៊ុយក្រែន បានបញ្ជាក់ថា ការវាយប្រហារនេះកើតឡើងចំពេលដែលជនស៊ីវិលកំពុងប្រមូលផ្តុំគ្នាទទួលអំណោយមនុស្សធម៌ ដែលនេះបង្ហាញពីការរំលោភបំពានយ៉ាងច្បាស់ក្រឡែតលើគោលការណ៍ជាមូលដ្ឋាននៃច្បាប់មនុស្សធម៌អន្តរជាតិ។

​លោក ហ្សេលេនស្គី បានបន្ថែមថា ការវាយប្រហារនេះកើតឡើងមុនពេលរុស្ស៊ីបើកការវាយប្រហារទ្រង់ទ្រាយធំដោយប្រើប្រាស់ដ្រូន និងមីស៊ីលរាប់រយគ្រឿង សំដៅបំផ្លាញហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់អ៊ុយក្រែន ក្នុងនោះមានទាំងការគំរាមកំហែងដល់សុវត្ថិភាពរោងចក្រថាមពលនុយក្លេអ៊ែរ Khmelnytskyi ផងដែរ។ លោកប្រធានាធិបតីអ៊ុយក្រែនរូបនេះ បានកត់សម្គាល់ថា ការវាយប្រហារនេះធ្វើឡើងចំថ្ងៃបោះឆ្នោតសភាសហរដ្ឋអាមេរិក (Midterm Elections) ដោយរុស្ស៊ីគិតថាអាមេរិកនឹងមិនចាប់អារម្មណ៍ ប៉ុន្តែលោកបានអំពាវនាវឲ្យសហរដ្ឋអាមេរិកបន្តជួយការពារដែនអាកាសអ៊ុយក្រែន ដើម្បីបញ្ឈប់អំពើភេរវកម្មនេះ។

ការវាយប្រហារចុងក្រោយនេះ កើតឡើងស្របពេលដែលមានការជំរុញសាជាថ្មីឱ្យមានការចរចាពីរដ្ឋបាលប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បើទោះបីជាលោក ត្រាំ ធ្លាប់បានអំពាវនាវច្រើនដងឱ្យមានបទឈប់បាញ់លើវិស័យថាមពលក៏ដោយ។

បេសកជនសហរដ្ឋអាមេរិក លោក Steve Witkoff ថ្មីៗនេះបានជួបពិភាក្សាជាមួយលោក ហ្សេលេនស្គី នៅប្រទេសន័រវែស មុនពេលបន្តដំណើរទៅជួបលោក ពូទីន នៅទីក្រុង St. Petersburg។

ដោយឡែក ស្ត្រីទីមួយ លោកស្រី មេឡានីញ៉ា ត្រាំ (Melania Trump) បានជួយសម្របសម្រួលឱ្យមានបទឈប់បាញ់នៅទីក្រុង Oleshky ដែលអនុញ្ញាតឱ្យមានការជម្លៀសជនស៊ីវិលរាប់រយនាក់កាលពីចុងសប្តាហ៍។ ការិយាល័យរបស់លោក ត្រាំ ក៏បានប្រកាសថា លោកស្រីនឹងប្រមូលផ្តុំតំណាងរុស្ស៊ី និងអ៊ុយក្រែន មកជួបគ្នានៅសេតវិមាននៅថ្ងៃព្រហស្បតិ៍ខាងមុខនេះ ដែលត្រូវបានចាត់ទុកថាជា «ពេលវេលាដ៏វិសេសវិសាលក្នុងប្រវត្តិសាស្ត្រអាមេរិក»៕

ប្រែសម្រួល៖ គីរី

To Top