ជើងហោះហើរជាច្រើននៅអឺរ៉ុប បានបង្វែរទិសដៅដោយសារ តែការគំរាមកំហែងបំផ្ទុះគ្រាប់បែក
បរទេស៖ អាជ្ញាធរបាននិយាយថា ជើងហោះហើរជាច្រើននៅក្នុងទ្វីបអឺរ៉ុបបានធ្វើការចុះចតជាបន្ទាន់នៅថ្ងៃព្រហស្បតិ៍នេះ បន្ទាប់ពីត្រូវបានបង្វែរដោយសារតែការគម្រាមកំហែងគ្រាប់បែក។
យោងតាមសារព័ត៌មាន AP ចេញផ្សាយនៅថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៦ថា ក្រុមហ៊ុន Finnair បាននិយាយថា ជើងហោះហើរលេខ 1761 ពីទីក្រុង Helsinki ទៅកាន់ទីក្រុង Rome ប្រទេសអ៊ីតាលី ត្រូវបានគេកំណត់គោលដៅដោយការគំរាមកំហែងដោយគ្រាប់បែក ប៉ុន្តែមិនមានអ្វីប្លែកពីធម្មតាត្រូវបានគេរកឃើញនៅលើយន្តហោះនោះទេ បន្ទាប់ពីយន្តហោះបានចុះចតជាធម្មតានៅក្នុងរដ្ឋធានីរបស់អ៊ីតាលី។
ជើងហោះហើរ Ryanair ចំនួនបីដែលធ្វើដំណើរទៅកាន់ទីក្រុង Sofia ប្រទេសប៊ុលហ្គារី ត្រូវធ្វើការចុះចតជាបន្ទាន់ ដោយសារតែការគំរាមកំហែងគ្រាប់បែកនៅលើយន្តហោះ។ មន្ត្រីអាកាសយានដ្ឋានបានប្រាប់អ្នកយកព័ត៌មានថា ជើងហោះហើរពីរ ដែលមួយមកពីទីក្រុង Copenhagen ប្រទេសដាណឺម៉ាក និងមួយទៀតមកពី Madrid ប្រទេសអេស្ប៉ាញ បានចុះចតដោយសុវត្ថិភាពនៅអាកាសយានដ្ឋាន Vasil Levski របស់ទីក្រុង Sofia ។
លោក Krassimir Peshev នាយកប្រតិបត្តិនៃអាកាសយានដ្ឋាន Plovdiv បាននិយាយថា ជើងហោះហើរទីបីពីអាកាសយានដ្ឋាន Stansted របស់ទីក្រុងឡុងដ៍ទៅកាន់ទីក្រុង Sofia ត្រូវបានបង្វែរ និងចុះចតដោយសុវត្ថិភាពនៅអាកាសយានដ្ឋានក្នុងទីក្រុង Plovdiv ដែលជាទីក្រុងធំទីពីររបស់ប្រទេសប៊ុលហ្គារី។
ប្រែសម្រួល: តុលា
