កំពង់ធំ៖ នៅព្រឹកថ្ងៃទី ៥ ខែវិច្ឆិកា ឆ្នាំ២០២៦ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង អនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មការ ការពារ ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ខេត្តកំពង់ធំ បានទៅសំណេះសំណាលសាកសួរសុខទុក្ខ ពង្រឹងវិធានការ ក្នុងការការពារ ទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រៃឈើ ព្រមទាំងបានឧបត្ថម្ភស្បៀងអាហារ គ្រឿងឧបភោគបរិភោគ ជូនដល់កងកម្លាំងដែលកំពុងប្រចាំការនៅទីបញ្ជាការស្រាលចំនួន ១០ គោលដៅ ដែលកំពុងបំពេញភារកិច្ច នៅក្នុងភូមិសាស្ត្រ ស្រុកសណ្តាន់ និងស្រុកសន្ទុក ខេត្តកំពង់ធំ និងដោយមានការចូលរួមពីបងប្អូនប្រជាសហគមន៍ព្រៃឈើជាំស្មាច់ផងដែរ ដែលពិធីនេះប្រព្រឹត្តទៅនៅក្នុងតំបន់ដែនសហគមន៍ព្រៃជាំស្មាច់ ឃុំទំរីង ស្រុកសណ្តាន់ ខេត្តកំពង់ធំ ។
លោក ម៉ុក ណារិន នាយផ្នែករដ្ឋបាលព្រៃឈើសណ្តាន់ បានឡើងរាយការណ៍បញ្ជាក់ថា៖ ក្នុងរយៈពេលថ្មីៗ កន្លងទៅនេះ កងកម្លាំងចម្រុះ ដែលមានកងទ័ពជាស្នូលបានធ្វើសកម្មភាពបង្ក្រាបបទល្មើសព្រៃឈើបានជាច្រើនករណី ដោយបានរឹបអូសវត្ថុតាងនៃបទល្មើសមាន ផល អនុផលព្រៃឈើ ចំនួន ជាង២៩ ម៉ែត្រគូប ។ ដោយឡែកការកាប់រានព្រៃឈើមានចំនួន ០៦ករណី ស្មើនឹងផ្ទៃដី ១៣ហិកតា នៅទីតាំងដាច់ដោយឡែកពីគ្នា ត្រូវបានសមត្ថកិច្ចជំនាញចេញដីកាដកហូតរក្សាទុកជាសម្បត្តិរបស់រដ្ឋ ហើយបានកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការដើម្បីចាត់ការតាមនីតិវិធីច្បាប់ ។ ជារួមបទល្មើសព្រៃឈើមានការថយចុះគួរឲ្យកត់សំគាល់ ។ នៅក្នុងឱកាសនេះផងដែរ កងកម្លាំងដែលកំពុងបំពេញភារកិច្ចនៅតាមគោលដៅមួយចំនួន បានឡើងរាយការណ៍អំពីការលំបាក ការងាយស្រួល និងបញ្ហាប្រឈមមួយចំនួនក្នុងពេលបំពេញភារកិច្ច និងបានសំណូមពរអំពីតម្រូវការកិច្ចការធានាមួយចំនួន ជូនដល់ថ្នាក់ដឹកនាំដើម្បីជួយដោះស្រាយ ងាយស្រួលក្នុងការបំពេញភារកិច្ច ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានថ្លែងនូវការកោតសរសើរ និងថ្លែងអំណរអរគុណដ៍ជ្រាលជ្រៅជាទីបំផុតចំពោះកងកម្លាំងចម្រុះទាំងអស់ នៅគ្រប់ទីបញ្ជាការស្រាល ទាំង ១០ គោលដៅ ដែលបានខិតខំប្រឹងប្រែងបំពេញភារកិច្ចមិនខ្លាចនឿយហត់ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ តាមផែនការដែលបានប្រគល់ជូន ដែលបច្ចុប្បន្ននេះ បទល្មើសព្រៃឈើជាទូទៅមានការថយចុះគួរឲ្យកត់សម្គាល់ តែក៍នៅតែមានការកើតឡើងនៅតំបន់មួយចំនួនតូច បានរងការកាប់រានថ្មី ដែលយើងត្រូវចាត់វិធានការឲ្យបានមុឺងម៉ាត់ស្របតាមច្បាប់ស្ដីព្រៃឈើ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន ក្នុងនាមអនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មការការពារ ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិខេត្តកំពង់ធំ បានដាក់បទបញ្ជាដល់កងកម្លាំងចម្រុះទាំងអស់ ត្រូវតែចាត់វិធានការយ៉ាងមុឺងម៉ាត់ ក្នុងការចេញធ្វើសកម្មភាព ការពារទប់ស្កាត់កុំឲ្យមានការកើតឡើងជាថ្មី នៅការកាប់រានដីព្រៃរបស់រដ្ឋធ្វើជាកម្មសិទ្ធិ និងការលួចកាប់ និងដឹកជញ្ជូនផលអនុផលព្រៃឈើខុសច្បាប់បានឡើយ ។ ក្នុងករណីមានការកើតឡើងនៅបទល្មើសព្រៃឈើ នៅក្នុងភូមិសាស្រ្ត ទទួលខុសត្រូវរបស់ទីបញ្ជាការស្រាលតាមគោលដៅនីមួយៗ ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ និងវិន័យរបស់អង្គភាពនីមួយៗ ដោយគ្មានការលើកលែងឡើយ ។
នៅក្នុងឱកាសនេះ ឧត្តមសេនីយ៍ទោ សោម ស៊ុន បានឧបត្ថម្ភប្រេងសាំងចំនួន ៦០០ លីត្រ អង្ករចំនួន ៦០០ គីឡូក្រាម មីជាតិចំនួន ៣០ កេស ត្រីខកំប៉ុង ចំនួនបីកេសធំ ព្រមទាំងភេសជ្ជៈ គ្រឿងឧបភោគបរិភោគមួយចំនួនទៀត ឧបត្ថម្ភដល់ទីបញ្ជាការស្រាលទាំង ១០ គោលដៅ និងបងប្អូនប្រជាសហគមន៍ផងដែរ ដើម្បីបន្តសកម្មភាពក្នុងការការពារ ទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រៃឈើឲ្យមានប្រសិទ្ធភាព និងទទួលបានជោគជ័យ តាមបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ដែលបានប្រគល់ជូន៕
ដោយសំនៀង


