Feature

កងកម្លាំងនគរបាល នៃស្នងការនគរបាល ខេត្តសៀមរាប ប្រមាណជាជិត ៣ពាន់នាក់ ត្រៀមបំពេញបេសកកម្ម ការពារគណៈប្រតិភូ

ខេត្តសៀមរាប ៖ ខេត្តសៀមរាប នឹងរៀបចំពិធីទទួលព្រះរាជដំណើរដ៏ខ្ពង់ខ្ពស់បំផុត ព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និង ឯកឧត្តម អេម៉ានុយអែល ម៉ាក្រុង (Emeruel Marm) ប្រធានាធិបតី នៃសាធារណរដ្ឋបារាំង រួមជាមួយគណៈប្រតិភូជាតិ និងអន្តរជាតិជាច្រើនរូប ក្នុងការបំពេញព្រះរាជបេសកកម្មពិធីបិទបញ្ចប់ ការដ្ឋានជួសជុលប្រាសាទមេបុណ្យខាងលិច។

ទន្ទឹមនឹងនេះ ដើម្បីធានាបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ ព្រមទាំងបញ្ចៀសបាននូវការកកស្ទះចរាចរណ៍ អាជ្ញាធរមានសមត្ថកិច្ចនឹងបញ្ចៀសទិសដៅចរាចរណ៍ ចំពោះយានយន្តគ្រប់ប្រភេទតាមផ្លូវសំខាន់ៗ លើកំណាត់ផ្លូវមួយចំនួនក្នុងកំឡុងពេលបំពេញ ព្រះរាជបេសកកម្មរបស់ព្រះមហាក្សត្រ និងថ្នាក់ដឹកនាំកំពូល នាថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ ខាងមុខ។

ជាមួយគ្នានេះ កម្លាំងនៃស្នងការនគរបាលខេត្តសៀមរាប ដែលដឹកនាំដោយលោកឧត្តមសេនីយ៍ទោ ហួតសុធី ស្នងការនគរបាលខេត្តសៀមរាប បានត្រៀមកម្លាំងសម្រាប់ជួយអន្តរាគមន៍និងការពារសន្តិសុខសណ្ដាប់ធ្នាប់ ជូនដល់គណៈប្រតិភូគឺមានចំនួន២៨៧៩នាក់ ដែលមកពី ១៥ ស្ថាប័ន។

អាស្រ័យហេតុនេះ សូមបងប្អូនប្រជាពលរដ្ឋទាំងអស់មេត្តាយោគយល់អធ្យាស្រ័យ និងចូលរួម បញ្ចៀសការធ្វើដំណើរតាមទីតាំង និងពេលវេលាខាងលើ ដោយសេចក្ដីអនុគ្រោះ។

ដោយអ៊ុយសុធុន/សៀមរាប/ដើមអម្ពិល

To Top