បរទេស៖ សហរដ្ឋអាមេរិក បានបង្កើនសម្ពាធសេដ្ឋកិច្ចលើខេត្តស៊ីនជាំង ប្រទេសចិន នៅថ្ងៃសុក្រសប្ដាហ៍នេះ ដោយដាក់ទណ្ឌកម្មលើក្រុមហ៊ុនចិន ដ៏មានឥទ្ធិពលមួយ និងមន្ត្រីចិនពីររូប សម្រាប់អ្វីដែលទីក្រុងវ៉ាស៊ីនតោននិយាយថា ជាការរំលោភបំពានសិទ្ធិមនុស្សលើជនជាតិភាគតិចអ៊ួហ្គួរ និងជនជាតិភាគតិចដទៃទៀត។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រសួងរតនាគារសហរដ្ឋអាមេរិក បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ខ្លួនបានដាក់ក្នុងបញ្ជីខ្មៅ នូវក្រុមហ៊ុនសាជីវកម្មផលិតកម្មនិងសំណង់ស៊ីនជាំង ដែលគេស្គាល់ថា XPCC ព្រមទាំងលោក Sun Jinlong ជាអតីតលេខាធិការរបស់ XPCC និងលោក Peng Jiarui ជាអនុលេខាធិការនិងជាមេបញ្ជាការរបស់ XPCC ជុំវិញការចោទប្រកាន់ថា ពួកគេមានជាប់ពាក់ព័ន្ធនឹងការរំលោភបំពានសិទ្ធិមនុស្សធ្ងន់ធ្ងរ ទៅលើជនជាតិភាគតិចនៅស៊ីនជាំង។
គួរបញ្ជាក់ថា ការដាក់ទណ្ឌកម្មនេះ គឺត្រូវបានធ្វើឡើងក្នុងរយៈពេលមួយសប្ដាហ៍ បន្ទាប់ពីប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានបិទស្ថានកុងស៊ុលចិន នៅក្នុងទីក្រុងហ៊ូស្តុន ជាហេតុបណ្ដាលឲ្យទីក្រុងប៉េកាំង បិទស្ថានកុងស៊ុលអាមេរិកនៅឆេងឌូ៕
ប្រែសម្រួល៖ប៉ាង កុង