ព័ត៌មានជាតិ

អាជ្ញាធរណែនាំ ឲ្យបង្កើនការ ការពារជំងឺកូវីដ-១៩ នៅតាមមណ្ឌលព្យាបាលស្តារនីតិសម្បទា អ្នកញៀន គ្រឿងញៀន

ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី និងជាប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំង គ្រឿងញៀន បានណែនាំដល់ភាគីពាក់ព័ន្ធ ត្រូវបង្កើនការការពារការឆ្លងរីករាលដាលជំងឺកូវីដ-១៩ នៅតាម មណ្ឌលព្យាបាលស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀន។នេះបើយោងតាមការចេញផ្សាយ របស់ក្រសួងព័ត៌មាន។

ក្នុងកិច្ចប្រជុំត្រៀមដាក់ឲ្យដំណើរការនូវមជ្ឈមណ្ឌលជាតិ នៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០២០ លោក កែ គឹមយ៉ាន បានជំរុញឲ្យប្រធានមជ្ឈមណ្ឌលព្យាបាលស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀនទំាងអស់់ ត្រូវគោរពទៅតាមវិធានថែរក្សាសុខភាពបង្ការជំងឺឆ្លងកូវីដ១៩ តាមគោលការណ៍របស់ក្រសួង សុខាភិបាល ដូចជា រក្សាគម្លាត កាត់បន្ថយភាពចង្អៀតណែន ការការធ្វើអនាម័យហូបចុក និងខ្លួនប្រាណ។

ឆ្លៀតឱកាសនោះ លោក កែ គឹមយ៉ាន បានឲ្យដឹងថា មជ្ឈមណ្ឌលជាតិផ្តល់សេវាព្យាបាល ដោយ ស្ម័គ្រចិត្ត និងផ្អែកលើសហគមន៍ នៅខេត្តព្រះសីហនុ កសាងរួចរាល់ នឹងដាក់ឲ្យដំណើរការ នៅខែវិច្ឆិកា ២០២០ ខាងមុខ ដូច្នេះទីនោះនឹងកាត់បន្ថយភាពចង្អៀតណែន បង្ការការឆ្លងរីករាលដាលជំងឺកូវីដ-១៩ នៅក្នុងមណ្ឌលព្យាបាលស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀន៕ដោយ៖ អេង ប៊ូឆេង

To Top