បរទេស៖ គណៈកម្មាធិការអឺរ៉ុប នៅថ្ងៃសុក្រនេះ តាមសេចក្តីរាយការណ៍ បានស្នើទីក្រុងមូស្គូឲ្យអនុញ្ញាតឲ្យ មេដឹកនាំប្រឆាំងរុស្ស៊ី លោក Alexei Navalny ផ្លាស់ប្តូរមកទទួលការព្យាបាល នៅក្នុងប្រទេសអាល្លឺម៉ង់ ក៏ដូចជាឲ្យមានការស៊ើបអង្កេត លើការសង្ស័យលោកត្រូវគេបំពុល។
មន្ត្រីនាំពាក្យគណៈកម្មាធិការអឺរ៉ុបមួយរូប បាននិយាយប្រាប់សន្និសីទកាសែត ប្រចាំថ្ងៃមួយថា “យើងរំពឹងថា នឹងមានការស៊ើបអង្កេត ប្រកបដោយឯករាជ្យនិងតម្លាភាពភ្លាមៗ ហើយប្រសិនបើត្រូវបានបញ្ជាក់មែននោះ អ្នកធ្វើត្រូវតែទទួលខុសត្រូវដាច់ខាត”។
លោកស្រីបាននិយាយបន្តទៀតថា “យើងមានជឿទុកចិត្តថា អាជ្ញាធររុស្ស៊ី នឹងប្រកាន់ខ្ជាប់នូវការសន្យារបស់ខ្លួន អនុញ្ញាតឲ្យលោក Navalny បញ្ជូនទៅបរទេសប្រកបដោយ សុវត្ថិភាពនិងឆាប់រហ័ស ក្នុងគោលបំណងទទួលបានការព្យាបាល ស្របទៅតាមបំណងប្រាថ្នា គ្រួសាររបស់លោក” ៕
ប្រែសម្រួល៖ ប៉ាង កុង