ព័ត៌មានអន្តរជាតិ

ក្រសួងការបរទេសរុស្ស៊ី៖ របាយការណ៍ព្រឹទ្ធសភាអាមេរិក មិនបានបង្ហាញភស្តុតាង​ ណាមួយបញ្ជាក់អំពីការចូល ជ្រៀតជ្រែកក្នុងអំឡុងពេលបោះឆ្នោត សហរដ្ឋអាមេរិក ២០១៦ឡើយ

ម៉ូស្គូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២០ថា លោកស្រី Maria Zakharova អ្នកនាំពាក្យមួយរូបមកពី ក្រសួងការបរទេសរុស្ស៊ី បានថ្លែងឲ្យដឹងកាលពីថ្ងៃសៅរ៍ថា របាយការណ៍ចុងក្រោយ ដែលបានចេញដោយគណៈកម្មាធិការ ស៊ើបអង្កេតព្រឹទ្ធសភាអាមេរិក ដែលបានដាក់ការសង្ស័យ ទៅលើប្រទេសរុស្ស៊ី ដែលបានចូលជ្រៀតជ្រែកផ្ទៃក្នុង ក្នុងអំឡុងពេលបោះឆ្នោតជ្រើសរើស ប្រធានាធិបតីសហរដ្ឋអាមេរិក ឆ្នាំ២០១៦នោះ គឺមិនបានបង្ហាញអំពីការពិត និងភស្តុតាងអ្វីនោះទេ ។

លោកស្រី Zakharova បានលើកឡើងនៅក្នុង សេចក្តីថ្លែងការណ៍មួយថា “ដូចដែលការចេញប្រកាសតាំងពីដំបូង នៃផ្នែកជាច្រើននៃរបាយការណ៍ ហើយផ្នែកចុងក្រោយនោះ មិនបានបង្ហាញការពិត ឬភស្តុតាងអ្វីនោះដែរ” ។

លោកស្រី បានឲ្យដឹងទៀតថា “ជាការពិត វាបានរំលឹកឡើងវិញនូវ ការចោទប្រកាន់ដែល មិនបានរកឃើញអ្វីសោះ យើងបានដឹងច្បាស់ ចាប់តាំងពីរបាយការណ៍ ចេញដោយលោក Muller និងរាល់ឯកសារផ្សេងៗទៀត របស់សហរដ្ឋអាមេរិក ដែលបានបង្ហាញឲ្យដឹង ក្នុងនោះរាប់បញ្ចូលទាំង ការដាក់ការសង្ស័យទៅលើ ការចូលលួចយកទិន្នន័យ ពីបក្សប្រជាធិបតេយ្យផងដែរ រួមទាំងការទំនាក់ទំនងរបស់ បុគ្គលិករបស់លោក ត្រាំ ជាមួយពលរដ្ឋរុស្ស៊ីផងដែរ និងក្តីប្រាថ្នារបស់រុស្ស៊ី ដើម្បីកំណត់លិទ្ធិប្រជាធិបតេយ្យ សហរដ្ឋអាមេរិក ជាដើម…”។

លោកស្រីអ្នកនាំពាក្យបានបន្តថា ប្រទេសរុស្ស៊ី បានកត់សម្គាល់ម្តងហើយម្តងទៀត នូវភាពដែលមិនយកចិត្តទុកដាក់ ចំពោះការអះអាងទាំងអស់នោះ របស់សហរដ្ឋអាមេរិក និងបានបន្ថែមថា រឿងទំាងអស់នេះពីការ ចូលជ្រៀតជ្រែករបស់រុស្ស៊ី គឺ “ចាប់តំាងពីលើកដំបូង ត្រូវបានបង្កើតឡើងនៅក្នុង ដំណាក់កាលពីការតស៊ូមតិ ខាងផ្នែកនយោបាយផ្ទៃក្នុង រវាងកងកម្លាំងផ្សេងទៀត របស់សហរដ្ឋអាមេរិកតែប៉ុណ្ណោះ” ។

លោកស្រីបានឲ្យដឹងទៀតថា ប្រទេសរុស្ស៊ី មានការសោកស្តាយយ៉ាងខ្លាំង ចំពោះការបាត់បង់ទំនាក់ទំនង របស់ខ្លួនជាមួយនឹងសហរដ្ឋអាមេរិក និងបានព្រមានរដ្ឋាភិបាល ក្រុងវ៉ាស៊ីនតោន ដោយប្រឆាំងនឹងការផ្សព្វផ្សាយថា ជា “ទេវកថាប្រឆាំងនឹងរុស្ស៊ីតែប៉ុណ្ណោះ” ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top