បរទេស៖ កងទ័ពនិងរថក្រោះសហរដ្ឋអាមេរិក នឹងទៅដល់ប្រទេសលីទុយអានី នៅថ្ងៃសុក្រសប្ដាហ៍នេះ សម្រាប់ការដាក់ពង្រាយរយៈពេលពីរខែ នៅជិតព្រំដែនប្រទេសបេឡារុស ប៉ុន្តែរដ្ឋាភិបាលនិយាយថា ការពង្រាយទ័ពអាមេរិកនេះ មិនមែនជាសារមួយផ្ញើ ដល់ប្រទេសជិតខាងដែលគំាទ្រដោយរុស្ស៊ី និងកំពុងតែបន្តមានការតវ៉ាជុំវិញរឿងបោះឆ្នោតនោះទេ។
នៅក្នុងសេចក្តីប្រកាសមួយកាលពីល្ងាចថ្ងៃពុធ ប្រទេសលីទុយអានី ដែលជាសមាជិកអង្គការណាតូ បាននិយាយថា កងទ័ពសហរដ្ឋអាមេរិក នឹងធ្វើដំណើរចេញពីប្រទេសប៉ូឡូញ សម្រាប់សមយុទ្ធយោធាដែលគ្រោងទុកមុន ហើយទាំងនេះគឺស្ថិតនៅក្នុងទម្រង់ការពារ មិនមែនបាញ់មុខព្រួញទៅលើប្រទេសជិតខាងណាមួយ រួមទាំងប្រទេសបេឡារុសផង។
ចំណែកមន្ត្រីនាំពាក្យកងទ័ពរបស់ប្រទេសលីទុយអានីមួយរូប បាននិយាយប្រាប់ថា ការដាក់ពង្រាយកងទ័ពអាមេរិក នៅក្នុងប្រទេសលីទុយអានី ដែលនឹងចាប់ផ្តើមនៅថ្ងៃសុក្រ ហើយប្រព្រឹត្តទៅរហូតដល់ខែវិច្ឆិកានេះ រួមមានកងទ័ពអាមេរិក៥០០នាក់ និងរថយន្ត៤០គ្រឿង មានដូចជារថក្រោះ និងរថពាសដែក Bradley ជាដើម៕
ប្រែសម្រួល៖ប៉ាង កុង