ព័ត៌មានជាតិ

រដ្ឋមន្ត្រីពាណិជ្ជកម្ម ស្នើប្រតិភូនិស្សិតអាហារូបករណ៍ រដ្ឋាភិបាលអូស្ត្រាលី និងណូវ៉ែលហ្សេឡង់ ជួយផ្សព្វផ្សាយពីសក្តានុពល វិនិយោគរបស់កម្ពុជា ទៅកាន់ពិភពលោក

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោក ប៉ាន សូរស័ក្តិ បានស្នើប្រតិភូនិស្សិតកម្មវិធីអាហារូបករណ៍ រដ្ឋាភិបាលអូស្ត្រាលី និងណូវ៉ែលហ្សេឡង់ឆ្នាំសិក្សា ២០២០-២០២១ ជួយផ្សព្វផ្សាយអំពី សក្តានុពល វិនិយោគនៃវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៍ និងវប្បធម៌របស់កម្ពុជា ទៅដល់និស្សិត បរទេស និងប្រជាជនអូស្ត្រាលីនិងណូវ៉ែលហ្សេឡង់ ដើម្បីលើកស្ទួយកិត្តិនាមរបស់កម្ពុជា នៅលើឆាកអន្តរជាតិ។ នេះបើយោងតាមគេហទំព័រហ្វេសប៊ុករបស់ ក្រសួងពាណិជ្ជកម្ម។

សំណើនេះត្រូវបានលើកឡើងនាឱកាសដែល លោក ប៉ាន សូរស័ក្តិ ជួបសំណេះសំណាលជាមួយ បេក្ខជនជ័យ លាភីអាហារូបករណ៍រដ្ឋាភិបាលអូស្ត្រាលី និងណូវ៉ែលហ្សេឡង់ កាលពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០ នៅទីស្តីការពាណិជ្ជកម្ម ដោយមានការចូលរួមពី បេក្ខជនជ័យលាភីចំនួន ២៧រូប ថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រសួងពាណិជ្ជកម្មជាច្រើនរូបទៀត។

ក្នុងឱកាសនោះ លោក ប៉ាន សូរស័ក្តិ មានប្រសាសន៍ថា «ក្មួយៗទាំងអស់ ត្រូវចេះផ្សព្វផ្សាយអំពី សមិទ្ធផល និងភាពរីកចម្រើនរបស់ប្រទេសជាតិ ទៅកាន់មជ្ឈដ្ឋានខាងក្រៅ ហើយត្រូវចេះបំផុសឲ្យ ប្រជាជន និងវិនិយោគិនបរទេស ចូលមកទស្សនា និងបណ្តាក់ទុនកាន់តែច្រើន នៅក្នុងប្រទេសយើង។ លើសពីនេះ ត្រូវប្រកាន់ខ្ជាប់នូវអត្តសញ្ញាណជាតិ និងអត្តចរិកថ្លៃថ្នូរ ស័ក្តិសមជាយុវជន និងយុវនារី តំណាងឱ្យព្រះរាជាណាចក្រកម្ពុជា ដើម្បីរឹតចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហការល្អ ជាមួយនិស្សិតមកពីប្រទេសផ្សេងៗ»។

សូមជម្រាបថា កម្មវិធីអាហារូបករណ៍អូស្រ្តាលី (Australia Awards) គឺជាគម្រោងជំនួយឥតសំណង សម្រាប់ជួយពង្រឹង ការអភិវឌ្ឍធនធានមនុស្ស ផ្តួចផ្តើមឡើងដោយ រាជរដ្ឋាភិបាលនៃប្រទេសអូស្រ្តាលី ចាប់តាំងពីឆ្នាំ ១៩៩៤ ដើម្បីផ្តល់ឱកាសជូនប្រជាជនកម្ពុជា វ័យក្មេងទៅបន្តការសិក្សាថ្នាក់ក្រោយឧត្ដម សិក្សាលើមុខជំនាញផ្សេងៗនៅតាមសាកល វិទ្យាល័យល្បីៗក្នុងប្រទេសអូស្រ្តាលី គិតមកដល់ឆ្នាំ ២០២០នេះ មាននិស្សិតកម្ពុជាចំនួនជាង ៨០០នាក់ហើយ ដែលទទួលអាហារូបករណ៍នេះ។

ចំណែកឯអាហារូបករណ៍ រដ្ឋាភិបាលណូវ៉ែលហ្សេឡង់ គឺជាគម្រោងជំនួយឥតសំណង មានគោលបំណង ក្នុងការអភិវឌ្ឍភាពរុងរឿង និងស្ថេរភាពរួមគ្នា ដោយពឹងផ្អែកលើចំណេះដឹង និងជំនាញ ដែលនិសិ្សតអាហារូបករណ៏ខ្មែរ បានក្រេបជញ្ជក់ពីសាលាល្អៗលំដាប់ពិភពលោក នៅឯប្រទេសណូវ៉ែលហ្សេឡង់។

រដ្ឋាភិបាលណូវ៉ែលហ្សេឡង់ បានផ្តល់ឱកាសអាហារូបករណ៍នេះ ដល់និសិ្សតកម្ពុជាចាប់តាំងពីឆ្នាំ២០០៥ មក ដែលក្នុង១ឆ្នាំៗ មាននិស្សិតប្រមាណ ៣៥នាក់បានជាប់អាហារូបករណ៍នេះ ដើម្បីបន្តការសិក្សាថ្នាក់ ក្រោយឧត្តមសិក្សានៅសាកលវិទ្យាល័យនានា នៅប្រទេសណូវ៉ែលហ្សេឡង់ ៕

To Top